ស្វែងយល់ពីម៉ូដែលនៃការអភិវឌ្ឈកម្មវិធី Waterfall

ការអភិវឌ្ឈកម្មវិធី មិនថាតូច ឬធំ សុទ្ធតែតម្រូវឲ្យមានផែនការច្បាស់លាស់ ដើម្បីទទួលបានជោគជ័យ។ យ៉ាងណាមិញ អ្នកអភិវឌ្ឍន៍ គួរតែជ្រើសរើសប្រភេទនៃការអភិវឌ្ឍន៍ណាមួយដែលសាកសមជាមួយនឹងគម្រោងកម្មវធីដែលគេគ្រោងនឹងបង្កើត ថ្វីត្បិតតែកម្មវិធីនីមួយៗមានលក្ខណៈ និងតម្រូវការខុសៗគ្នាក៏ដោយ។

ខាងក្រោមនេះ យើងនឹងបង្ហាញអំពីប្រភេទនៃការអភិវឌ្ឍកម្មវិធីមួយដែលមានឈ្មោះថា Waterfall Model ព្រមទាំងលក្ខណៈពិសេសៗរបស់វា។

Waterfall Model

គំរូ Waterfall គឺជាម៉ូដែលនៃការអភិវឌ្ឍកម្មវិធីមួយដែលមានវ័យចំណាស់ ហើយត្រូវបានគេជ្រើសរើសយកមកប្រើប្រាស់ច្រើន និងទទួលបានជោគជ័យគួរឲ្យគត់សម្គាល់។ ឈ្មោះរបស់វាដែលមានន័យថា “ទឹកធ្លាក់” នោះបានបញ្ជាក់នូវលក្ខណៈរបស់វារួចស្រាច់ទៅហើយ។ ម៉ូដែលមួយនេះ បានកំណត់ឲ្យគម្រោងអភិវឌ្ឍទាំងមូលត្រូវបែងចែកជាដំណាក់កាលផ្សេងៗគ្នា។ អ្នកអភិវឌ្ឍន៍ ត្រូវចាប់ផ្តើមពីដំណាក់ដំបូងបង្អស់ ហើយត្រូវបញ្ចប់វាដោយជោគជ័យទើបអាចឈានដល់ដំណាក់បន្ទាប់បាន ព្រោះម៉ូដែលមួយនេះមិនអនុញ្ញាត្តិឲ្យអ្នកអភិវឌ្ឍន៍បកក្រោយទៅធ្វើកិច្ចការក្នុងដំណាក់កាលចាស់នោះទេ។ នេះប្រៀបដូចទៅនឹងទឹកធ្លាក់ដែលមិនអាចត្រឡប់ឡើងទៅលើវិញបាន។

ជាទូទៅ Waterfall បែងចែកគម្រោងទាំងមូលជា ៦ ដំណាក់កាល។

  • ដំណាក់កាលដំបូង (Requirements) គឺជាដំណាក់ដែលអ្នកអភិវឌ្ឍន៍ត្រូវសិក្សាអំពីតម្រូវការនៃកម្មវិធីឲ្យបានច្បាស់លាស់ រួចចងក្រងជាឯកសារ។
  • Design ឬ System Design ជាដំណាក់កាលសំខាន់មួយដែលប្រៀបបានទៅនឹងការគូសប្លង់សាងសង់គេហដ្ឋានមួយ។ នេះមានន័យថា គេត្រូវសិក្សាលម្អិតពីតម្រូវការនៃកម្មវិធីដែលបានចងក្រងនៅដំណាក់កាលមុន រួចរៀបចំផែនការសម្រាប់គម្រោងទាំងមូល រួមបញ្ចូលទាំងការជ្រើសរើសបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ផងដែរ។
  • Implementation គឺជាដំណាក់កាលដែល System ត្រូវបានគេអភិវិឌ្ឍជាផ្នែកតូចៗ ត្រៀមនឹងបញ្ចូលគ្នានៅដំណាក់កាលខាងមុខ។
  • Integration and Testing គឺជាដំណាក់កាលដែលផ្នែកតូចៗនៃ System ត្រូវបានផ្គុំគ្នាបន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តរៀងៗខ្លួន។ System ទាំងមូល នឹងត្រូវបានគេធ្វើតេស្តម្តងទៀតក្រោយការច្របាច់បញ្ចូលគ្នានូវផ្នែកតូចៗ ដើម្បីស្វែងរកកំហុស ឬបញ្ហានានា។
  • ដំណាក់កាលទី៥ ដែលមានឈ្មោះថា Deployment of System នេះជាពេលវេលាមួយដែល System នោះក្លាយជាផលិតមួយសម្រាប់អតិថិជនជាផ្លូវការ ប្រសិនបើការធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមាន។
  • ដំណាក់កាលចុងក្រោយគឺ Maintenance ។ នៅពេលដែលអតិថិជនចួបបញ្ហានានាក្នុងការប្រើប្រាស់ System នោះអ្នកអភិវឌ្ឍត្រូវធ្វើការកែតម្រូវដើម្បីធានាឲ្យការប្រើប្រាស់មានភាពរលូន។

តើម៉ូដែល Waterfall ជោគជ័យនៅពេលណា?

ការជ្រើសរើសប្រភេទនៃការអភិវឌ្ឍកម្មវធីត្រឹមត្រូវ គឺជាផ្នែកមួយនៃភាពជោគជ័យរបស់គម្រោងទាំងមូល។ ខាងក្រោមនេះ គឺជាលក្ខណៈមួយចំនួននៃគម្រោងដែលសាកសមជាមួយ Waterfall ៖

  • មានតម្រូវការមិនផ្លាស់ប្តូរ ហើយត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់។
  • ប្រើប្រាស់បច្ចេកវិទ្យាដែលអ្នកអភិវឌ្ឍបានចេះច្បាស់រួចទៅហើយ។
  • មានគោលដៅមិនប្រែប្រួល។
  • មានតម្រូវការមិនសូវស្មុគស្មាញ។
  • អ្នកអភិវឌ្ឍយល់ច្បាស់ពីអ្វីដែលអតិថិជនចង់បាន និងអ្វីត្រូវធ្វើ។

សូមណែនាំ៖

សៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន (១២ មេរៀន ដើម្បីឈានទៅរកភាពជោគជ័យរបស់ស្ថាប័ន)

សៀវភៅ ការវិភាគ និងរចនាការងារ

សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

 

Leave a Reply

Your email address will not be published. Required fields are marked *