ប្រសិនបើមានមនុស្សមកពន្យុះអ្នកឱ្យមូម៉ៅ ហើយអ្នកបាននិយាយទៅវិញ នោះអ្នកនឹងបានបញ្ចេញអារម្មណ៍របស់ខ្លួន ប៉ុន្តែសួរថាតើភាគីម្ខាងទៀតយ៉ាងណាដែរ? តើគេបានចូលរួមមានក្តីសុខជាមួយអ្នកដែរឬទេ? សម្តីបង្កជម្លោះ និងឥរិយាបថដែលគ្មានភាពជាមិត្តរបស់អ្នក តើវាអាចជួយឱ្យអ្នកដទៃយល់ស្របជាមួយអ្នកដោយងាយស្រួលដែរឬទេ?
វូដ្រូ វីលសុន (Woodrow Wilson) បាននិយាយថា “ប្រសិនបើអ្នកក្តាប់ដៃមករកខ្ញុំ ខ្ញុំហ៊ានធានាថា ខ្ញុំក៏ក្តាប់ដៃមិនយឹតជាងអ្នកប៉ុន្មានដែរ… ប៉ុន្តែប្រសិនបើអ្នកចូលមករកខ្ញុំហើយនិយាយថា សុំអង្គុយចុះមកដើម្បីពិភាក្សាគ្នា… ហើយប្រសិនបើមានគំនិតមិនដូចគ្នា សុំឱ្យស្វែងយល់ថាហេតុអីទើបខុសគ្នា តាមពិតចំណុចដែលត្រូវពិភាក្សានោះគឺអ្វី? នៅទំបំផុតយើងក៏នឹងរកឃើញថាគំនិតរបស់យើងពុំមែនខុសគ្នាឆ្ងាយដូចដែលយើងគិតនោះទេ។” ប្រសិនបើយើងអត់ធ្មត់តែបន្តិច ហ៊ានបើកចំហដោយសុទ្ធចិត្ត និងមានចិត្តចង់ស្វែងរកដំណោះស្រាយពិតប្រាកដ នោះអ្វីៗក៏នឹងឈានទៅដល់ការព្រមព្រៀងមិនខាន។
១២ ឃ្លា នៃភាពជាអ្នកដឹកនាំដែលអ្នកគួរស្វែងយល់
គ្មាននរណាគិតឃើញដល់សច្ចភាពតាមពាក្យសម្តីរបស់ វូដ្រូ វីលសុន (Woodrow Wilson) ឱ្យបានល្អដូច ចន ឌី រ៉ុកខេហ្វេលល័រ ជូនៀរ (John D. Rockefeller Jr.) នោះទេ។ ក្រឡេកមើលទៅឆ្នាំ១៩១៥ រ៉ុកខេហ្វេល័រ (Rockefeller) ជាបុគ្គលដែលត្រូវគេស្អប់នៅខូរ៉ូឡាដូ។ ការធ្វើបាតុកម្មបង្ហូរឈាមខ្លាំងបំផុតមួយនៃប្រវត្តិសាស្ត្រឧស្សាហកម្មអាម៉េរិក ធ្វើឱ្យមនុស្សទូទាំងជាតិព្រួយបារម្ភអស់ពេលពីរឆ្នាំ។ ពលករអណ្តូងរ៉ែដែលខឹងសម្បារក្តៅក្រហាយ ទាមទារដំឡើងប្រាក់ខែពីក្រុមហ៊ុន Colorado Fuel and Iron Company ដែលកាន់កាប់ដោយ រ៉ុកខេហ្វេលល័រ (Rockefeller) មានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ កងទ័ពត្រូវគេបញ្ជូនឲ្យមកបង្រ្កាប មានការបង្ហូរឈាម បាតុករត្រូវគេបាញ់សម្លាប់ ខ្លួនប្រាណរបស់ពួកគេត្រូវសុសដោយគ្រាប់កាំភ្លើង។
ការឡើងថ្លែងសន្ទរកថាដ៏គួរឱ្យចាប់ចិត្តនោះ ជាការនិយាយដែលពោរពេញទៅដោយភាពជាមិត្តបំផុត។ ពោលគឺ រ៉ុកខេហ្វេល័រ (Rockefeller) ចាំបានថា ពីរបីថ្ងៃមុននោះ មនុស្សដែលគេកំពុងនិយាយនេះចង់ព្យួរកខ្លួនទៅនឹងដើមប៉ោម ប៉ុន្តែលុះពេលនិយាយ នៅតែអាចនិយាយបានល្អ និងមានភាពជាមិត្ត ប្រហាក់ប្រហែគ្នានឹងគេពឹងពាក់គ្រូប្រដៅសាសនាឱ្យមកនិយជំនួសដូច្នោះ។ គេអធិប្បាយបានជ្រូតជ្រាបដល់បេះដូងដោយប្រើពាក្យល្អៗ ដូចជាខ្ញុំមានមោទនភាពដែលបានមកទីនេះ… បានមកសួរសុខទុក្ខដល់ផ្ទះអ្នកទាំងអស់គ្នា… បានមកចួបភរិយា និងកូនៗរបស់អ្នកទាំងអស់គ្នា យើងពុំមែនចួបគ្នាក្នុងនាមជាអ្នកមិនធ្លាប់ស្គាល់គ្នានោះទេ តែក្នុងនាមជាមិត្ត ដោយស្មារតីជាមិត្តនឹងគ្នា និងផលប្រយោជន៍រួម រវាងយើងទាំងអស់គ្នា និងដោយភាពអធ្យាស្រ័យរបស់អ្នកទាំងអស់គ្នា ទើបខ្ញុំមានមុខនៅទីនេះ។
“នេះជាថ្ងៃដែលគួរឱ្យចងចាំបំផុតក្នុងជីវិតរបស់ខ្ញុំ” រ៉ុកខេហ្វេល័រ (Rockefeller) ផ្តើមនិយាយ “ជាថ្ងៃដំបូងដែលខ្ញុំមានសំណាងបានមកចួបតំណាងកម្មករក្រុមហ៊ុនដ៏អស្ចារ្យនេះ រួមទាំងប្រធានក្រុមការងារ និងប្រធានផ្នែកផ្សេងៗ ខ្ញុំសុំបញ្ជាក់ថាខ្ញុំមានចិត្តសោមនស្ស “ដោយសារតែនេះជាការចួបជុំពិសេសរបស់មន្ត្រីក្រុមហ៊ុន និងតំណាងកម្មករប៉ុណ្ណោះ ទើបចាត់ទុកជាការយោគយល់របស់អស់លោកដែលអនុញ្ញាតឲ្យខ្ញុំបានមកចូលរួមប្រជុំជាមួយនៅទីនេះ ព្រោះតាមពិតខ្ញុំគ្មានតួនាទីក្នុងភាគីណាមួយនៃការចួបជុំនេះទេ ប៉ុន្តែខ្ញុំចាត់ទុកថាខ្ញុំជាភាគីដែលនៅជាមួយអស់លោក ទោះបីខ្ញុំជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន និងជាអគ្គនាយកក្រុមហ៊ុនក៏ដោយ” ។
តើនេះពុំមែនជាសិល្ប៏វិធីដ៏ពិសេសក្នុងការអូសទាញសត្រូវឲ្យមកជាមិត្តទេឬ?
ឧបមាថាបើ រ៉ុកខេហ្វេល័រ (Rockefeller) ប្រើប្រាស់វិធីផ្សេងពីនេះ ដូចជាការប្រកែករកខុសត្រូវជាមួយកម្មករអណ្តូងរ៉ែ ធ្វើឲ្យពូកគេខកចិត្ត ឬប្រាប់ទៅកម្មករអណ្តូងរ៉ែដោយសម្តីជាន័យថាពួកគេខុស ឬប្រើប្រាស់ហេតុផលខាងតក្កវិជ្ជាចាប់កំហុសពួកគ តើវានឹងមានអ្វីកើតឡើង? ពួកគេមុខជាត្រូវពន្យុះឲ្យខឹងកាន់តែខ្លាំង ស្អប់កាន់តែខ្លាំង ហើយកាន់តែប្រឆាំង។
ប្រសិនបើចិត្តមនុស្សម្នាក់នៅតែខឹងសម្បារដោយសារតែមិនចុះសម្រុង ហើយមានអារម្មណ៍មិនល្អជាមួយអ្នក នោះអ្នកមុខជាមិនអាចធ្វើឲ្យគេមានគំនិតយល់ស្របជាមួយអ្នកបានទេ បើទោះជាតាមហេតុផលអ្វីក៏ដោយ។ ឪពុកម្តាយដែលស្ដីបន្តោស ដៀលត្មះ ឬចៅហ្វាយដែលតែងតែប្រើអំណាច ភរិយាដែលរអ៊ូរទាំរញ៉ាំរញ៉ូវ គួរតែដឹងថានរណាក៏មិនចង់ប្តូរគំនិតមកតាមដែរ។ គ្មាននរណាអាចបង្ខំ ឬបង្គាប់បញ្ជាឲ្យអ្នកដទៃយល់ស្របជាមួយខ្លួនបានទេ ប៉ុន្តែប្រសិនបើយើងទន់ភ្លន់សុភាពរាបសា ហើយមានលក្ខណៈជាមិត្ត នោះយើងនឹងអាចអូសទាញពួកគេឲ្យយល់ស្របតាមគំនិតរបស់យើងបាន។
អាប្រាហាម លីនខូន (Abraham Lincoln) កាលពីជាង ១០០ ឆ្នាំមុន បានលើកឡើងថា៖
ទឹកឃ្មុំមួយតំណក់ ចាប់រុយបានច្រើនជាងទឹកប្រមាត់ដ៏ល្វីងមួយធុង។
(You can catch more flies with a drop of honey than a bucket of gall.)
នេះជាពំនោលប្រកបដោយសច្ចភាព ដូចក្នុងករណីមនុស្សយើងដែលចង់បន្ទន់ចិត្តអ្នកដទៃឱ្យគាំទ្រគំនិតរបស់ខ្លួនដូច្នោះដែរ។ ប្រការដំបូងដែលយើងត្រូវធ្វើ គឺត្រូវធ្វើឱ្យគេជឿថាយើងជាមិត្តដ៏ស្មោះស្ម័គ្ររបស់គេ។ ករណីនេះ មិនខុសពីទឹកឃ្មុំមួយតំណក់ ដែលជ្រាបទៅក្នុងបេះដូងរបស់គេ ដែលទោះជាអ្នកនិយាយដូចម្ដេចក៏ដោយ គេនឹងងាកមកជឿលើអ្នកជានិច្ច។