អ្នកគ្រប់គ្រង (Manager) គឺជាអ្នកទទួលខុសត្រូវលើការអនុវត្តការងារគ្រប់គ្រង ឬជាអ្នកមើលការ ខុសត្រូវលើសកម្មភាពការងាររបស់អ្នកដទៃ។ មិនមានការកំណត់ណាមួយពាក់ព័ន្ធនឹង អាយុ ឬភេទ សម្រាប់អ្នកគ្រប់គ្រងនោះទេ ដោយអ្នកគ្រប់គ្រងអាចមានអាយុចន្លោះពី ១៨ឆ្នាំ រហូតដល់ទៅជាង ៨០ឆ្នាំ និងអាចជាអ្នកគ្រប់គ្រងស្ថាប័ន ឬសាជីវកម្មធំៗ ឬអាចជាអ្នកគ្រប់គ្រងសហគ្រាសធុនតូច ឬមធ្យម។ អ្នកគ្រប់គ្រង ក៏មិនមែនមាននៅតែក្នុងវិស័យឯកជននោះទេ វិស័យសាធារណៈក៏មានដូចគ្នាដែរ ដូចជានៅតាមសាកលវិទ្យាល័យ សាលារៀន មន្ទីរពេទ្យ មន្ទីរក្រសួង នាយកដ្ឋានរបស់រដ្ឋ អង្គការក្រៅរដ្ឋាភិបាល សារៈមន្ទីរ ទេសចរណ៍ សិល្បៈ ក្រុមតន្ត្រី ។ល។ បច្ចុប្បន្ននេះ អ្នកគ្រប់គ្រង ក៏មានច្រើនផងដែរជាស្ត្រី និងមានសមត្ថភាពដូចគ្នានឹងបុរស ក៏ប៉ុន្តែចំនួនស្ត្រីដែលជាអ្នកគ្រប់គ្រងថ្នាក់ខ្ពស់នៅមានកម្រិតទាបជាងបុរសនៅឡើយ។
ជាទូទៅ នៅក្នុងរចនាសម្ព័ន្ធរបស់ស្ថាប័ន ឬអង្គភាពមួយ អ្នកគ្រប់គ្រងត្រូវបានបែងចែកជា ៣ កម្រិត គឺអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ អ្នកគ្រប់គ្រងថ្នាក់កណ្តាល និងអ្នកគ្រប់គ្រងថ្នាក់ទាប។
អ្នកគ្រប់គ្រងថ្នាក់ខ្ពស់
អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ គឺជាអ្នកគ្រប់គ្រងដែលទទួលខុសត្រូវលើការសម្រេចចិត្តកិច្ចការ សំខាន់ៗរបស់ស្ថាប័ន ឬក្រុមហ៊ុន ដូចជាការទិញយកក្រុមហ៊ុនផ្សេងៗ ការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការឈានចូលទៅក្នុងទីផ្សារថ្មីៗបន្ថែមទៀត ការសាងសង់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធថ្មី និងការបំពាក់បរិក្ខារ ឬបំពាក់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ។ល។ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ជាក្បាលម៉ាស៊ីនដឹកនាំរាល់សកម្មភាពជាយុទ្ធសាស្ត្ររបស់ស្ថាប័ន ដើម្បីធានាឧត្ដមភាពប្រកួតប្រជែង និងនិរន្តរភាពរបស់ស្ថាប័ន។ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ដើរតួនាទីសំខាន់ក្នុងការកំណត់ភាពច្បាស់លាស់នៃចក្ខុវិស័យ យុទ្ធសាស្ត្រ និងគោលនយោបាយប្រតិបត្តិរបស់ស្ថាប័ន។ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ក៏ជាអ្នកតំណាងឱ្យស្ថាប័នក្នុងការធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកពាក់ព័ន្ធនៅខាងក្រៅស្ថាប័ន ដូចជាការជួបប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល ឬជាមួយនាយកប្រតិបត្តិរបស់ស្ថាប័នផ្សេងៗទៀត។ ភាគច្រើននៃអ្នកគ្រប់គ្រងថ្នាក់ខ្ពស់នៅក្នុងអង្គភាពអាជីវកម្មធំៗ ទទួលបានសំណងទូទាត់ល្អប្រសើរ ទាំងប្រាក់បៀវត្ស ប្រាក់បំណាច់ និងអត្ថប្រយោជន៍ផ្សេងៗ។ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ សំដៅទៅលើប្រធានស្ថាប័ន ឬអនុប្រធាន នាយក ឬនាយករង ឬចាងហ្វាង។
អ្នកគ្រប់គ្រងថ្នាក់កណ្តាល
អ្នកគ្រប់គ្រងថ្នាក់កណ្តាល គឺជាអ្នកគ្រប់គ្រងផ្ទាល់ទៅលើការងាររបស់អ្នកគ្រប់គ្រងថ្នាក់ទាប ហើយក៏ជាអ្នកដែលស្ថិតនៅស្រទាប់កណ្តាលនៃចន្លោះរវាងអ្នកគ្រប់គ្រងថ្នាក់ទាប និងអ្នកគ្រប់គ្រងថ្នាក់ខ្ពស់។ ជាទូទៅ អ្នកគ្រប់គ្រងថ្នាក់កណ្តាល គឺជាអ្នកអនុវត្តគោលនយោបាយ និងជាអ្នកបកស្រាយយុទ្ធសាស្ត្រដែលកំណត់ដោយអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ទៅក្នុងសកម្មភាព។ អ្នកគ្រប់គ្រងថ្នាក់កណ្តាល ក៏ជាអ្នករៀបចំផែនការយុទ្ធវិធី (Tactical Plan) សម្រាប់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្ររបស់ស្ថាប័ន ឬក្រុមហ៊ុន។ អ្នកគ្រប់គ្រងថ្នាក់កណ្តាល គឺជាអ្នកគ្រប់គ្រងតាមមុខងារនីមួយៗនៅក្នុងស្ថាប័ន ឬក្រុមហ៊ុន ដូចជាអ្នកគ្រប់គ្រងម៉ាឃីតធីង អ្នកគ្រប់គ្រងផលិតកម្ម អ្នកគ្រប់គ្រងធនធាន មនុស្ស អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍។
អ្នកគ្រប់គ្រងថ្នាក់ទាប
អ្នកគ្រប់គ្រងថ្នាក់ទាប ឬថ្នាក់ដំបូង គឺជាអ្នកគ្រប់គ្រងផ្ទាល់ទៅនឹងសកម្មភាពការងាររបស់អ្នកប្រតិបត្តិ ឬនិយោជិតដែលមិនមានតួនាទីគ្រប់គ្រង។ វាជាជំហានដំបូងនៃការគ្រប់គ្រងរបស់អ្នកគ្រប់គ្រងថ្នាក់ទាប ដែលត្រូវរៀបចំ និងអនុវត្តការដឹកនាំសកម្មភាពផ្ទាល់របស់អ្នកប្រតិបត្តិ ដើម្បីសម្រេចគោលដៅនៃផែនការប្រតិបត្តិ។ ដូចនេះ អ្នកគ្រប់គ្រងថ្នាក់ទាប អនុវត្តការដឹកនាំ និងត្រួតពិនិត្យដោយផ្ទាល់លើសកម្មភាពការងារប្រចាំថ្ងៃ ហើយធ្វើការសម្របសម្រួល កែតម្រូវ ឬដោះស្រាយបញ្ហាភ្លាមៗក្នុងប្រតិបត្តិការផលិតកម្ម ឬសេវាកម្ម។ ដោយហេតុថាអ្នកគ្រប់គ្រងថ្នាក់ទាបធ្វើការផ្ទាល់ជាមួយអ្នកប្រតិបត្តិ នោះតម្រូវឱ្យអ្នកគ្រប់គ្រងថ្នាក់ទាបត្រូវមានសមត្ថភាពជំនាញគ្រប់គ្រាន់ ដើម្បីដឹកនាំសកម្មភាពប្រតិបត្តិការរបស់អង្គភាព ឬស្ថាប័នប្រកបដោយប្រសិទ្ធភាព។ អ្នកគ្រប់គ្រងថ្នាក់ទាប មានដូចជាប្រធានក្រុមផលិត ប្រធានផ្នែករោងជាង ប្រធានផ្នែកលក់ ប្រធានការិយាល័យក្នុងអង្គភាពផលិតកម្ម ឬសេវាកម្ម ។ល។
ដកស្រង់ពីសៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន ទំព័រ ៤-៧