ជំងឺធ្លាក់ទឹកចិត្ត មិនមែនគ្រាន់តែជាអារម្មណ៍សោកសៅធម្មតាទេ វាជាជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរដែលប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិត (ការងារ សាលារៀន ទំនាក់ទំនងសង្គម)។ វាជាជំងឺផ្លូវអារម្មណ៍ ដែលធ្វើឲ្យអ្នកបាត់បង់ចំណង់ចំណូលចិត្តទៅលើសកម្មភាពនានាប្រចាំថ្ងៃ សូម្បីតែការទទួលទានអាហារ ឬការគេង ហើយក៏មានគំនិតថាការរស់នៅរាល់ថ្ងៃពិតជាគ្មានតម្លៃ ដោយអ្នកខ្លះក៏ចង់បញ្ចប់ជីវិតខ្លួនឯងផងដែរ។
រោគសញ្ញាចម្បងដែលអ្នកត្រូវដឹង និងចំណាំដើម្បីស្វែងរកជំនួយទាន់ពេល
ចំណុចសំខាន់បំផុតនៃជំងឺធ្លាក់ទឹកចិត្ត
- អារម្មណ៍ធ្លាក់ចុះខ្លាំង៖ អ្នកចួបប្រទះនូវអារម្មណ៍សោកសៅ ឆាប់ខឹង ឬមានអារម្មណ៍ទទេស្អាតជានិច្ច។
- បាត់បង់ចំណាប់អារម្មណ៍ ឬរីករាយ៖ បាត់បង់ភាពរីករាយ ឬចំណាប់អារម្មណ៍លើសកម្មភាពដែលអ្នកធ្លាប់ចូលចិត្តធ្វើពីមុន។
រោគសញ្ញាផ្សេងៗទៀតដែលបង្ហាញពីភាពធ្ងន់ធ្ងរ
ក្រៅពីចំណុចស្នូលខាងលើ រោគសញ្ញាផ្សេងៗទៀត ក៏អាចមានវត្តមានផងដែរដែលរួមមាន៖
- ការផ្តោតអារម្មណ៍មិនល្អ៖ ពិបាកគិត, ពិបាកធ្វើការសម្រេចចិត្ត ឬពិបាកផ្តោតអារម្មណ៍លើកិច្ចការណាមួយ។
- បន្ទោសខ្លួនឯងខ្លាំងពេក៖ មានអារម្មណ៍នៃកំហុសខ្លាំងពេក ឬតម្លៃខ្លួនឯងទាបហួសហេតុ។
- អស់សង្ឃឹមនឹងអនាគត៖ មិនមានទស្សនវិស័យល្អចំពោះជីវិត និងមានអារម្មណ៍ថាគ្មានអ្វីនឹងប្រសើរឡើងឡើយ។
- គំនិតអាក្រក់៖ មានគំនិតអំពីការស្លាប់ ឬការធ្វើអត្តឃាត (ជាសញ្ញាធ្ងន់ធ្ងរបំផុត!)។
- រំខានដំណេក៖ គេងមិនលក់ (Insomnia) ឬគេងច្រើនហួសហេតុពេក។
- ការផ្លាស់ប្តូររាងកាយ៖ ការផ្លាស់ប្តូរចំណង់អាហារ ឬការឡើង/ស្រកទម្ងន់ដោយគ្មានមូលហេតុ។
- អស់កម្លាំងជានិច្ច៖ មានអារម្មណ៍អស់កម្លាំងខ្លាំង ឬថាមពលទាបស្ទើរតែគ្រប់ពេល។
*លក្ខខណ្ឌសំខាន់៖ វគ្គនៃជំងឺធ្លាក់ទឹកចិត្តនេះ ខុសពីការប្រែប្រួលអារម្មណ៍ធម្មតា ព្រោះវាមានរយៈពេលស្ទើរតែពេញមួយថ្ងៃ ស្ទើរតែរៀងរាល់ថ្ងៃ យ៉ាងហោចណាស់ពីរសប្ដាហ៍**។
អត្ថបទទាក់ទង៖ ២៧ ឃ្លា អំពីសិល្បៈនៃការបដិសេធ ដើម្បីជីវិតកាន់តែប្រសើរ
រោគសញ្ញាជំងឺបាក់ទឹកចិត្តទាំងរបស់អ្នកធ្វើការ
ចំពោះអ្នកធ្វើការ (បុគ្គលិក ឬកម្មករ) គេកត់សម្គាល់ឃើញថា ពួកគាត់កើតជំងឺបាក់ទឹកចិត្ត អាចបណ្ដាលមកពី ប្រាក់ខែ លទ្ធផលការងារ អស់សង្ឃឹមចំពោះក្ដីស្រមៃរបស់ខ្លួន និងតានតឹងក្នុងអារម្មណ៍ខ្លាំង (ស្រ្តេស)។
ខាងក្រោមនេះ ជារោគសញ្ញានៃជំងឺបាក់ទឹកចិត្តរបស់អ្នកធ្វើការ៖
- យល់ថាក្ដីស្រមៃរបស់ខ្លួនមិនអាចសម្រេចបាន ចង់បោះបង់ ទាំងខកចិត្ត
- មានអារម្មណ៍ថា ចង់សម្រាក ចង់ឈប់ធ្វើការមួយរយៈ
- ដោយសារតែការងារមិនបានសម្រេច ក៏យល់ថាខ្លួនឯងគ្មានបានការ ហើយជួនកាលយល់ថាខ្លួនឯងមិនស្មើមិត្តរួមការងារដ៏ទៃទៀត
- គេមិនលក់ មិនស្កប់ស្កល់ ព្រោះតែអារម្មណ៍នៅមិនសុខរវើយរើវាយនឹងការងារ តែមិនដឹងថា ត្រូវធ្វើអ្វី ទុកអ្វី ឬចាប់ផ្ដើមពីណា ទៅណា
- គិតអវិជ្ជមានចំពោះខ្លួនឯងច្រើនពេក រហូតធ្វើឱ្យខ្លួនឯងរងសំពាធកាន់តែខ្លាំង ហើយចាប់ផ្ដើមមានអារម្មណ៍ថា ហត់នឿយនឹងការតស៊ូក្នុងជីវិត។
- ចាប់ផ្ដើមប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំងខុសពីធម្មតា មិនថាការស្ដីបន្ទោសនោះស្រាល ឬធ្ងន់
- លទ្ធផលការងារធ្លាក់ចុះ ដោយសារតែប្រមូលអារម្មណ៍ធ្វើការមិនមូល ឬអារម្មណ៍គ្មាននៅកន្លែងការងារ
- យកលទ្ធផលការងារមិនបានសម្រេចកន្លងមក មកស្ដីបន្ទោសឱ្យខ្លួនឯង
- មានអារម្មណ៍ថាហត់នឹងការងារគ្រប់ពេលវេលា ហើយបើទោះបីជាខ្លួនឯងបានសម្រាកច្រើនដងប៉ុណ្ណា ក៏នៅតែមានអារម្មណ៍ថាហត់ដែរ។
តើអ្នកជំងឺបាក់ទឹកចិត្តចង់ឮ និងមិនចង់ឮសម្តីបែបណា?
ខ្ញុំពិតជាចង់ទៅជាមួយអ្នក
ជំងឺបាក់ទឹកចិត្តអាចបណ្តាលឲ្យអស់កម្លាំង ល្ហិតល្ហៃយល់ថាខ្លួនគ្មានតម្លៃ មានកំហុសឆ្គង និងពិបាកផ្ចង់អារម្មណ៍។ រោគសញ្ញាទាំងនេះជ្រៀតជ្រែកទៅដល់ទម្លាប់ប្រចាំថ្ងៃនៃផែនការព្យាបាលរបស់ពួកគេ ដូចជាការណាត់ជួបវេជ្ជបណ្ឌិត ការប្រើប្រាស់ថ្នាំ ធ្វើលំហាត់ប្រាណ ឬផែនការនៃការព្យាបាលជាដើម។ រោគសញ្ញានៃជំងឺបាក់ទឹកចិត្តក៏អាចធ្វើឲ្យអ្នកជំងឺផ្ទាល់មានអារម្មណ៍ថាបានដាក់បន្ទុកលើមនុស្សដែលពួកគេស្រលាញ់ផងដែរ។ ហេតុនេះដំណោះស្រាយដែលអ្នកអាចជួយមនុស្សជាទីស្រលាញ់អ្នកបានគឺ ណាត់ជួបគ្រូពេទ្យ និងកំដរពួកគាត់ទៅជាមួយគ្នា។ ការធ្វើបែបនេះកាន់តែធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្តៅមិននៅដាច់តែឯង និងយល់ថាមានមនុស្សកំពុងយកចិត្តទុកដាក់ចំពោះពួកគេពិតប្រាកដមែន។
ខ្ញុំគឺនៅទីនេះដើម្បីអ្នក
ជាពាក្យសម្តីដែលងាយនិយាយ ហើយថែមទាំងមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងចំពោះពួកគាត់ ដោយហេតុថាឃ្លានេះហាក់ដូចជាបានជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនិងគាត់។ អ្នកដែលមានជំងឺបាក់ទឹកចិត្តតែងមានអារម្មណ៍ឯកការ គ្មានអ្នកកំដរ គ្មានអ្នកដែលអាចទុកចិត្តបានដើម្បីនិយាយប្រាប់អំពីបញ្ហាដែលកំពុងប្រឈមរាល់ថ្ងៃ។ ដូច្នេះ អ្នកអាចជួយពួកគេតាមរយៈសកម្មភាពតូចតាចប្រចាំថ្ងៃ មានដូចជាចាប់ផ្តើមសន្ទនាគ្នារាល់ថ្ងៃ ដើរលេងជាមួយគ្នា ណាត់គ្នាមើលកុន ឬអាចជូនគាត់ទៅជួបគ្រូពេទ្យជាដើម។
តើខ្ញុំអាចជួយអ្នកបានតាមវិធីណា?
វាជាសំណួរមួយដ៏ល្អដើម្បីសួរមនុស្សជាទីស្រលាញ់របស់អ្នកថាតើ អ្នកអាចជួយពួកគេបានអ្វីខ្លះ។ ការងារដែលអ្នកអាចជួយបានគឺអាចជាការងារប្រចាំថ្ងៃមានដូចជា ការបោកគក់ ការថែទាំសត្វចិញ្ចឹម ការសម្អាតផ្ទះ។ ទង្វើនេះអាចបង្ហាញថាអ្នកចង់ឲ្យមនុស្សជាទីស្រលាញ់របស់អ្នកមានអារម្មណ៍ថាបានទទួលការគាំទ្រ និងថែទាំក្នុងអំឡុងពេលព្យាបាល។ ការជួយកិច្ចការតូចៗបែបនេះប្រហែលជាមិនសូវសំខាន់ទេ ប៉ុន្តែវាក៏ជាកត្តាជំរុញដល់ការចូលរួមក្នុងផែនការព្យាបាលផងដែរ។
នេះមិនមែនជាកំហុសអ្នកទេ
អនុញ្ញាតឲ្យមនុស្សជាទីស្រលាញ់របស់អ្នកបានដឹងថា ពួកគេមិនគួរត្រូវបានស្តីបន្ទោសឡើយ ព្រោះការពិតជំងឺបាក់ទឹកចិត្តមិនមែនជាជម្រើស។ វាមិនមែនជាជំងឺដែលត្រូវបានចម្លងដូចជំងឺផ្តាសាយឡើយ ផ្ទុយមកវិញមនុស្សភាគច្រើនដែលមានជំងឺបាក់ទឹកចិត្តមានអារម្មណ៍ថាពួកគេបានធ្វើអ្វីមួយខុសឆ្គងដែលបណ្តាលឲ្យមានជំងឺនេះ។ ការប្រាស្រ័យទាក់ទងដោយក្ដីស្រលាញ់ដែលកើតចេញការយល់ដឹងរបស់អ្នកចំពោះបញ្ហានេះពិតជាអាចជួយពួកគេកាត់បន្ថយការស្តីបន្ទោសខ្លួនឯង និងអាចឈានដល់ការបំបាត់អារម្មណ៍ខុសឆ្គងមួយនេះផងដែរ។
មិននិយាយអ្វីទាំងអស់ ជាកាដូដ៏អស្ចារ្យសម្រាប់ពួកគេ
ចួនកាល ភាពស្ងៀមស្ងាត់ ពិតជាទង្វើល្អបំផុតដែលអ្នកអាចធ្វើបាន គឺគ្រាន់តែបង្ហាញវត្តមានរបស់អ្នកនៅក្បែរពួកគេដោយមិនចាំបាច់និយាយអ្វីទាំងអស់ ប៉ុន្តែធ្វើជាអ្នកស្តាប់ដ៏ល្អ ឬគ្រាន់តែបង្ហាញការយកចិត្តទុកដាក់តាមរយៈកាយវិការយកចិត្តទុកដាក់ដោយគិតចាប់ពីការធ្វើរឿងតូចតាចឡើងទៅ។
បន្ថែមពីនេះ អ្នកក៏ត្រូវចៀសវាងសម្តី និងសំណួរមួយចំនួនដូចជា៖
- តើអ្នកមានអារម្មណ៍គ្រាន់បើហើយឬនៅ?
- តើមានបញ្ហាអ្វីចំពោះអ្នក?
- តើអ្នកចាំបាច់ព្រួយបារម្ភអ្វីខ្លាំងយ៉ាងនេះ?
- តើអ្នកមិនយល់ថា អ្នកជាមនុស្សដែលសំណាងយ៉ាងណាទេ?
- ហេតុអ្វីអ្នកចូលចិត្តគិតរឿងតូចតាច ឲ្យក្លាយជារឿងធំម្ល៉េះ?
សរុបមក
ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នកកំពុងចួបប្រទះរោគសញ្ញាទាំងនេះរយៈពេលយូរ សូមកុំស្ទាក់ស្ទើរក្នុងការស្វែងរកការប្រឹក្សាជាមួយអ្នកឯកទេសផ្លូវចិត្តជាបន្ទាន់។
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

