ធនធានមនុស្ស មកពីពាក្យ “ធនធាន” និង “មនុស្ស”។ យោងតាមរចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ពាក្យថា ធនធាន មានន័យថា ទ្រព្យសម្បត្តិ ឬទ្រព្យរបស់ផ្សេងៗដែលគង់នៅ ចំណែកឯ មនុស្ស មានន័យថា ជនអ្នកចេះដឹងការខុសត្រូវ។ ដូចនេះ ធនធានមនុស្ស សំដៅទៅលើជនដែលមានកម្លាំងពលកម្មមាំមួន យល់ការខុសត្រូវ មានចំណេះដឹង ជំនាញ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍដំណើរការនានានៅក្នុងស្ថាប័នមួយ សង្គមមួយ និងប្រទេសជាតិមួយឳ្យស្គាល់ការរីកចម្រើន។
តើការគ្រប់គ្រងគឺជាអ្វី?
ពាក្យថា ការគ្រប់គ្រង គឺជាការសម្រេចជោគជ័យនូវគោលដៅរបស់អង្គភាពអាជីវកម្មដោយការប្រើប្រាស់នូវមុខងារសំខាន់បួន រួមមានការធ្វើផែនការ ការចាត់តាំង ការដឹកនាំ និងការត្រួតពិនិត្យ។ និយមន័យនេះ ទទួលស្គាល់ថា ការគ្រប់គ្រង គឺជាការយល់ដឹងនូវរបៀបអនុវត្តមុខងារសំខាន់ៗនៃការគ្រប់គ្រងទាំងបួននោះ។
តើអ្វីទៅជាការគ្រប់គ្រងធនធានមនុស្ស?
ការគ្រប់គ្រងធនធានមនុស្ស គឺជាដំណើរការរួមបញ្ចូលនូវសកម្មភាពមួយចំនួនសម្រាប់អ្នកគ្រប់គ្រងអនុវត្តន៍ដូចជា ការកសាងផែនការធនធានមនុស្ស ការទាក់ទាញបុគ្គលដែលមានសមត្ថភាពមកបម្រើការងារជាមួយអង្គភាព ការបណ្ដុះបណ្ដាល ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ការលើកទឹកចិត្តរក្សាបុគ្គលិកឳ្យធ្វើការងារជាមួយអង្គភាពបានយូរអង្វែង និងជម្រុញឳ្យបុគ្គលិកអាចបំពេញកិច្ចការអស់ពីសមត្ថភាពរបស់ពួកគេ។ នេះបើយោងតាមរបាយការណ៍កម្មសិក្សាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រសេដ្ឋកិច្ចអភិវឌ្ឍន៍ជំនាន់ទី២នៃសាកលវិទ្យាល័យភូមិន្ទនិតីសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
តើប្រព័ន្ធគ្រប់គ្រងសំដៅលើអ្វី?
ប្រព័ន្ធគ្រប់គ្រង (Management System) សំដៅដល់ការចងក្រងជាប្រព័ន្ធដោយការរួមបញ្ចូលទាំងគោលការណ៍ផ្ទៃក្នុង ដំណើរការអង្គភាពអាជីវកម្ម និងវិធីសាស្រ្តនៃការគ្រប់គ្រងផ្សេងៗទៅតាមផ្នែកនីមួយៗ។ ជាទូទៅ គោលបំណងរបស់ប្រព័ន្ធគ្រប់គ្រង គឺដើម្បីវាស់ស្ទង់លទ្ធភាព និងសមត្ថភាពបុគ្គលិកក្នុងការបំពេញកិច្ចការឳ្យស្របតាមបេសកម្មរបស់ស្ថាប័នណាមួយ។ រីឯធាតុផ្សំដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត គឺគោលការណ៍ PDCA ឬ Plan–Do–Check–Act ដែលមានន័យថា ធ្វើផែនការ-ធ្វើ-ពិនិត្យ-ធ្វើសកម្មភាព។ ដោយឡែកការគ្រប់គ្រងប្រព័ន្ធ (System Management) សំដៅដល់ការគ្រប់គ្រងដោយការប្រើប្រាស់ឧបករណ៍ ឬធ្វើជាជំនួយក្នុងការគ្រប់គ្រង ឬម្យ៉ាងទៀតជាដំណើរការនៃប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការគ្រប់គ្រង។
តើអ្វីជាប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស?
ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (Human Resource Management System – HRMS) សំដៅទៅលើឈុតកម្មវិធីដែលស្ថាប័នប្រើប្រាស់ដើម្បីគ្រប់គ្រងមុខងារធនធានមនុស្សខាងក្នុង។ ពីការគ្រប់គ្រងទិន្នន័យបុគ្គលិករហូតដល់ប្រាក់ខែ ការជ្រើសរើសបុគ្គលិក អត្ថប្រយោជន៍ ការបណ្តុះបណ្តាល ការគ្រប់គ្រងទេពកោសល្យ ការចូលរួមរបស់បុគ្គលិក និងវត្តមានរបស់បុគ្គលិក កម្មវិធី HRMS ជួយអ្នកជំនាញធនធានមនុស្សក្នុងការគ្រប់គ្រងកម្លាំងពលកម្មទំនើប។ ត្រូវបានហៅផងដែរថា ប្រព័ន្ធព័ត៌មានធនធានមនុស្ស (Human Resource Information System – HRIS) ប្រព័ន្ធ HRMS ដាក់ព័ត៌មានអំពីទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុននៅចំពោះមុខមនុស្សដែលត្រូវការពួកគេ។ សុហ្វវែរធនធានមនុស្ស និងប្រព័ន្ធ HRIS កាលពីអតីតកាល បានប្រែក្លាយជាដំណោះស្រាយការគ្រប់គ្រងមូលធនមនុស្សតាមក្លោដ (Human Capital Management Cloud Solutions) នាពេលបច្ចុប្បន្ននេះ។
ប្រព័ន្ធនេះ មានសមត្ថភាពផ្សេងៗដោយឡែកពីគ្នាទៅតាមការអភិវឌ្ឍរបស់អ្នកអភិវឌ្ឍន៍សុហ្វវែរ ប៉ុន្តែមុខងារសំខាន់ៗដែលមិនអាចខ្វះបាន រួមមានមុខងារកត់ត្រាវត្តមានបុគ្គលិក ការវាស់ស្ទង់ប្រសិទ្ធភាពការងារបុគ្គលិក ការផ្ដល់ប្រាក់បៀរវត្សន៍ ការផ្ដល់រង្វាន់លើកទឹកចិត្ត និងអត្ថប្រយោជន៍របស់បុគ្គលិក។
តើប្រព័ន្ធគ្រប់គ្រងធនធានមនុស្សមានប្រវត្តិតាំងពីពេលណាមក?
ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ត្រូវបានអភិវឌ្ឈឡើងពេញលេញ និងអាចប្រើប្រាស់បានតាំងពីឆ្នាំ១៩៨៧ មកម្ល៉េះ ដោយក្រុមហ៊ុនអភិវឌ្ឈន៍សុសវែរមួយមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ឈ្មោះ PeopleSoft, Inc. គឺជាក្រុមហ៊ុនដំបូងគេដែលអភិវឌ្ឈប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស HR Management System – HRMS) ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ (Financial Management System – FMS) ប្រព័ន្ធគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម (Supply Chain Management – SCM) ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន (Customer Relation Management – CRM) និងប្រព័ន្ធគ្រប់គ្រងផលិតភាពការងារក្នុងសហគ្រាស (Enterprise Performance Management – EPM) ។
ក្រោយមានឈ្មោះល្បីល្បាញលើទីផ្សារក្នុងទសវត្សរ៍៩០ ក្រុមហ៊ុនធំមួយទៀតឈ្មោះថា Oracle ក៏បានទិញយកភាគហ៊ុនក្រុមហ៊ុនខាងលើទាំងអស់មកគ្រប់គ្រងនៅឆ្នាំ២០០៥។ រំលងបានប៉ុន្មានខែប៉ុណ្ណោះ Oracle ដែលជាក្រុមហ៊ុនអភិវឌ្ឈន៍ប្រព័ន្ធសុសវែរដូចគ្នា ក៏បានច្របាច់បញ្ចូលនូវផលិតផល Business Process Management System – BPMS របស់ខ្លួនជាមួយនឹង HRMS របស់ PeopleSoft ដើម្បីធ្វើឱ្យ HRMS ប្រសើរឡើង ព្រមទាំងអភិវឌ្ឈទៅជាប្រព័ន្ធសុសវែរឈ្មោះថ្មីមួយទៀតឈ្មោះថា Oracle Cloud HCM ជាប្រភេទ Cloud-based HCM Software សម្រាប់ប្រើប្រាស់ក្នុងសហគ្រាសមកដល់សព្វថ្ងៃនេះ។
តើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សមានសារសំខាន់អ្វីខ្លះ?
សារសំខាន់នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស រួមមាន៖
- ជួយបង្កើនប្រសិទ្ធភាពការងារ
- អាចគ្រប់គ្រងវត្តមានបុគ្គលិកបានច្បាស់លាស់
- អាចចាត់ចែងប្រាក់បៀរវត្សន៍បាន និង
- ងាយស្រួលគ្រប់គ្រងផលិតភាពការងារបុគ្គលិក។
សរុបមក ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស HR Management System – HRMS) មិនត្រឹមតែជួយកាត់បន្ថយបញ្ហានៅក្នុងស្ថាប័នរបស់អ្នកប៉ុណ្ណោះទេ ផ្ទុយទៅវិញវានឹងជួយបង្កើនប្រសិទ្ធភាព តម្លាភាព និងគុណភាពការងារបានថែមទៀតផង។ ដូចនេះ មិនថាអាជីវកម្មប្រភេទណានោះទេ ទាំងក្រុមហ៊ុនអាជីវកម្មសហគ្រាសធុនតូច ធុនមធ្យម និងធុនធំ ពិតជាមិនអាចខ្វះបាននូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMS) ឡើយ។