លោកគ្រូ ខ្ញុំបានអានសៀវភៅច្រើនណាស់… ប៉ុន្តែខ្ញុំភ្លេចសៀវភៅភាគច្រើនអស់ហើយ។ ដូច្នេះតើការអានមានន័យយ៉ាងណា?
នោះគឺជាសំណួររបស់សិស្សដែលសួរទៅកាន់គ្រូរបស់គាត់។ លោកគ្រូមិនបានឆ្លើយទេ។ គាត់គ្រាន់តែសម្លឹងមើលមុខសិស្សដោយស្ងៀមស្ងាត់។
ពីរបីថ្ងៃក្រោយមក ពួកគេក៏មកអង្គុយក្បែរទន្លេ បុរសជាគ្រូបាននិយាយថា៖ “ខ្ញុំស្រេកទឹក ដួសទឹកមកឲ្យខ្ញុំ… ប៉ុន្តែសូមឯងប្រើតម្រងចាស់ដែលនៅលើដីនោះដួសមក”។
សិស្សហាក់ដូចជាមានការងឿងឆ្ងល់ វាជារឿងសំណើ តើនរណាអាចដួសទឹកជាមួយតម្រងដែលមានរន្ធធ្លុះធ្លាយយ៉ាងនេះ? ប៉ុន្តែគាត់មិនហ៊ានប្រកែកក៏ធ្វើតាម។
អត្ថបទទាក់ទង៖ ទឹកក្តៅ ទឹកធម្មតា និងទឹកត្រជាក់
គាត់បានយកតម្រងទៅដួសទឹក ម្តង ពីរដង បីដង…. និងព្យាយាមយកម្រាមដៃទៅបិទរន្ធដែលធ្លុះធ្លាយនោះ នៅតែមិនអាចយកទឹកបាន។ ដោយអស់កម្លាំង និងខកចិត្ត គាត់បានទម្លាក់តម្រងនៅជើងលោកគ្រូ ហើយនិយាយថា៖ “សុំទោស។ ខ្ញុំបរាជ័យហើយលោកគ្រូ។ វាមិនអាចទៅរួចទេ”។
លោកគ្រូសម្លឹងមើលគាត់ដោយសប្បុរស ហើយនិយាយថា៖ “ឯងមិនបរាជ័យទេ។” “មើលតម្រងនោះទៅ”។
សិស្សបានសម្លឹងមើលទៅតម្រង… ហើយក៏កត់សម្គាល់ឃើញអ្វីមួយ។
តម្រងចាស់ ប្រលាក់ដី និងកខ្វក់ ឥឡូវបែជាភ្លឺស្អាត។ ទោះបីយកទឹកមិនបាន តែក៏បានលាងសម្អាតតម្រងកខ្វក់រហូតដល់វាភ្លឺចែងចាំង។
គ្រូបានបន្តថា៖ “នោះជាអ្វីនៃការអាន។ វាមិនជាបញ្ហាទេប្រសិនបើឯងមិនចាំរាល់ព័ត៌មានលម្អិត។ វាមិនជាបញ្ហាទេប្រសិនបើចំណេះដឹងដែលឯងអានហាក់រអិលចេញដូចទឹកឆ្លងកាត់តម្រង ដោយការភ្លេច… តែពេលឯងអាន ចិត្តរបស់ឯងនឹងប្រែប្រួល។ ស្មារតីរបស់ឯង នឹងត្រូវបានបង្កើតថ្មី។ គំនិតរបស់ឯង ត្រូវបានបំពេញដោយអ្វីដែលថ្មីជាប្រចាំ។ ទោះបីជាឯងមិនបានកត់សម្គាល់វាភ្លាមៗក៏ដោយ តែវាបានផ្លាស់ប្តូរបន្តិចម្តងៗ។ នោះហើយជាអត្ថប្រយោជន៍ពិតនៃការអាន។
(សម្រួលពីអត្ថបទបរទេស)
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

