ការប្រាស្រ័យទាក់ទងផ្ទាល់មាត់ និងការប្រាស្រ័យទាក់ទងតាមរយៈសំណេរ

ដើម្បីឲ្យការងារមានភាពរលូនទៅមុខ បុគ្គលិកគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការប្រាស្រ័យទាក់ទងគ្នា ជាប្រចាំ និង​ត្រូវធ្វើឲ្យបានត្រឹមត្រូវ។ ការប្រាស្រ័យទាក់ទង ជាជំនាញមួយដែលបុគ្គលិកមិនអាចខ្វះបាន ហើយក៏ជាជំនាញមួយដែលស្ថាប័នត្រូវរកវិធីបណ្តុះបណ្តាលបុគ្គលិកដែរ។

ការប្រាស្រ័យទាក់ទងមានពីរប្រភេទ គឺផ្ទាល់មាត់ និង​តាមរយៈសំណេរ។ អ្នកត្រូវតែចេះទាំងពីរ ជាពិសេសបើអ្នកមានតួនាទីជាអ្នកគ្រប់គ្រង ឬដឹកនាំក្រុមក្នុងស្ថាប័នរបស់អ្នក។​

អ្នកអាចនឹងមិនដឹងថា ពេលណាដែលអ្នកត្រូវនិយាយផ្ទាល់មាត់ជាមួយបុគ្គលិក ហើយពេលណាដែលត្រូវប្រើប្រាស់សំណេរជំនួសវិញ។ អត្ថបទនេះ នឹងធ្វើឲ្យចម្ងល់របស់អ្នក រសាយបាត់ក្រោយពេលអានចប់។

ការប្រាស្រ័យផ្ទាល់មាត់ ទោះបីជាធ្វើឡើងដោយការនិយាយទល់មុខគ្នា ឬតាមរយៈវីដេអូខលក៏ដោយ ជាវិធីសាស្រ្តល្អដើម្បីធ្វើឲ្យអ្នកដទៃចូលរួមជាមួយអ្នក។ ការនិយាយបែបនេះ អាចបង្រៀនឲ្យបុគ្គលិក បញ្ចេញយោបល់ផ្ទាល់ខ្លួន ឬលើកឡើងពីបញ្ហាដែលពួកគេកំពុងតែជួបប្រទះ។ អ្នកគ្រាន់តែដឹងពីរបៀបសួរនាំ និង​ទុកពេលឲ្យពួកគេនិយាយ អ្នកនឹងបានការចូលរួមពេញលេញពីបុគ្គលិក។

អ្នកមិនអាចទុកចោលបុគ្គលិកណាម្នាក់បានទេ ព្រោះការចូលរួមរបស់ពួកគេ ជាតួនាទីរបស់អ្នក។ អ្នកគ្រប់គ្រង ចាំបាច់រកវិធីធ្វើឲ្យបុគ្កលិកខ្វល់ពីដំណើរការរបស់ក្រុមហ៊ុន។

ចំណែកការប្រាស្រ័យទាក់ទងដោយប្រើសំណេរវិញ ត្រូវបានគេប្រើក្នុងគោលបំណងពង្រឹក ឬរំលឹកឡើងវិញពី គោលដៅរបស់ស្ថាប័ន ឬអ្វីដែលអាចទៅរួចក្នុងពេលអនាគត។ សំណេរ អាចធ្វើឲ្យបុគ្គលិកគិតបានស៊ីជម្រៅនូវអ្វីដែលចង់ឲ្យពួកគេចាំទុក។ បុគ្គលិកមិនចាំបាច់ឆ្លើយតបនោះទេ ព្រោះការប្រាស្រ័យទាក់ទងបែបនេះ ធ្វើឡើងតែម្ខាងប៉ុណ្ណោះ។

អ្នកមិនគួរហៅបុគ្គលិកមកជជែកគ្នាដោយនិយាយដដែលពីគោលដៅរបស់ស្ថាប័នទេ ព្រោះវាអាចធ្វើឲ្យអ្នក ក្លាយជាមនុស្សអ្នកគ្រប់គ្រងដែលតឹងរឹងហួសហេតុ។ អ្នកក៏មិនគួរពឹងលើសំណេរដើម្បីទទួលបានចម្លើយពីបុគ្គលិកដែរ។ សួរផ្ទាល់ ឆ្លើយផ្ទាល់ វាលឿនជាង។

អ្នកត្រូវដឹងថាពេលណាដែលគួរប្រាស្រ័យទាក់ទងផ្ទាល់មាត់ និងពេលណាដែលត្រូវប្រើសំណេរ។ អ្វីដែលខ្ញុំចង់រំលឹកចុងក្រោយ គឺ អ្នកត្រូវចេះទាំងពីរ ទើបអាចធ្វើជាអ្នកគ្រប់គ្រងបាន។

បើអ្នកមានពេលទំនេរត្រឹមតែ៣ម៉ោង អ្នកអាចចុះឈ្មោះរៀនថ្នាក់អនឡាញនេះដោយឥតគិតថ្លៃ ពីជំនាញប្រាស្រ័យទាក់ទងសម្រាប់អ្នកគ្រប់គ្រង។

វិធីសាស្ត្រពីអ្នកជំនាញ អាចជួយអ្នកជៀសវាងកំហុសមិនចាំបាច់ក្នុងការប្រាស្រ័យទាក់ទងបាន។

Leave a Reply