អភិវឌ្ឍខ្លួនអ្នកជាមួយគន្លឹះសំខាន់ៗចំនួន៤

យោងតាមប្រភព Success Magazine បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៤ដែលអ្នកអាចអភិវឌ្ឈន៏ខ្លួនអ្នកដើម្បីឈានទៅរកភាពជោគជ័យ៖

១. ឈប់ខ្វល់ ហើយធ្វើជាម្ចាស់ការលើខ្លួនឯង

ជំហានដំបូងបំផុត គឺអ្នកត្រូវដឹងថា សុភមង្គលក្នុងជីវិត កើតចេញពីការជឿជាក់លើខ្លួនឯងដោយមិនងាករេ តាមមតិយោបល់របស់អ្នកដទៃ។ មនុស្សច្រើនណាស់ មិនធ្វើកិច្ចការដែលគេស្រឡាញ់ ព្រោះតែខ្លាចអ្នកដទៃគិត ឬនិយាយមិនល្អ។ ជំហានបន្ទាប់មកទៀត គឺត្រូវរស់ក្នុងរបៀបផ្ទាល់ខ្លួន ដោយមិនព្យាយាម ធ្វើតាមអ្នកដទៃ។ ការព្យាយាមយកចិត្តអ្នកដទៃ ដោយលាក់បាំងអត្តចរិតផ្ទាល់ខ្លួន គឺជាការរស់នៅមិនមានភាពស្មោះត្រង់ នឹងខ្លួនឯងទេ ហើយមនុស្សដែលហ៊ានកុហកខ្លួនឯង ក៏មិនខ្លាចនឹងកុហកអ្នកដទៃដែរ។

ជំហានចុងក្រោយ និងឧបសគ្គធំបំផុត ចំពោះដំណើរជីវិតជោគជ័យ របស់អ្នកគឺកង្វះខាតសុទិដ្ឋិនិយម។ មានរឿងរ៉ាវជាច្រើន ដែលចាំតែរារាំងអ្នក មិនឱ្យទទួលបានជោគជ័យ ហើយការធ្វើជាសហគ្រិន មិនមែនជារឿងងាយស្រួលទេ។ ហេតុដូច្នេះហើយ បានជាអាជីវកម្មភាគច្រើនដួលរលំ គឺព្រោះតែមនុស្សគ្រប់គ្នាគិតថា វាងាយស្រួលពេក។

២. វិនិយោគលើការអភិវឌ្ឍខ្លួន

លោក Albert Einstein ធ្លាប់និយាយថា “ការបណ្តុះប្រាជ្ញាគួរតែចាប់ផ្តើម តាំងពីកើតមក ហើយមានតែនៅពេលស្លាប់ ប៉ុណ្ណោះទើបឈប់”។ ចំណែកលោក Henry Ford វិញក៏មានពាក្យមួយឃ្លាដែរគឺ “មនុស្សគ្រប់គ្នា ដែលឈប់រៀនជាមនុស្សចាស់ ហើយនរណាដែលរៀន មិនឈប់នៅតែក្មេងជានិច្ច”។ ចំពោះសហគ្រិនវិញ គួរតែដឹងថា អ្នកមិនអាចពង្រីកពាណិជ្ជកម្ម ឱ្យលើសពីកម្រិតនៃការអភិវឌ្ឍខ្លួនអ្នកទេ។ វិធីរៀនអភិវឌ្ឍខ្លួនមានច្រើន ដូចជាស្វែងរកអ្នកណែនាំផ្លូវ ចូលរួមជាមួយក្រុមមនុស្ស ដែលមានផ្នត់គំនិតរីកចម្រើន ស្វែងរកចំណុចខ្សោយ របស់ខ្លួនឯង និងអានសៀវភៅល្អៗ ឱ្យបានច្រើន។

៣. រៀន ឬចូលនិវត្តន៍

មនុស្សយើងភាគច្រើនគិតថា នៅពេលរៀនចប់ពីសាលាហើយ យើងលែងមានអ្វី ត្រូវរៀនទៀត។ នេះជាការគិតខុសទាំងស្រុង។ អ្នកត្រូវតែធ្វើជាអ្នករៀន រហូតដល់ថ្ងៃអ្នកស្លាប់។ អ្នកត្រូវតែបង្កើតកម្មវិធីសិក្សា ដោយខ្លួនឯងសម្រាប់មេរៀនបន្ទាប់ទៀត នៅក្នុងជីវិត។ តើអ្នកធ្លាប់មានអារម្មណ៍ថា ចង់អានសៀវភៅទាំងអស់ នៅក្នុងបណ្ណាល័យណាមួយទេ? ប្រើប្រាស់អារម្មណ៍បែបនោះ ដើម្បីជ្រើសរើសប្រធានបទ ដែលអ្នកដឹងបន្តិចបន្តួច ឬប្រធានបទដែលអ្នកចង់ដឹងបន្ថែមទៀត ហើយធ្វើជាគ្រូរបស់ខ្លួនឯង។ អ្នកត្រូវតែរៀនគ្រប់ពេល បើមិនដូច្នេះទេ គំនិតនៃការចង់ចេះចង់ដឹងរបស់អ្នក នឹងសាបរលាបបាត់បន្តិចម្តងៗ។

៤. គិតឱ្យដូចអ្នកដឹកនាំ តែធ្វើឱ្យដូចកូនសិស្ស

អ្នកជាចៅហ្វាយនាយ លើជីវិតរបស់អ្នក។ ប៉ុន្តែការធ្វើឫកដូចជាចៅហ្វាយនាយ គ្រប់ពេលនឹងមិនអាចជួយ ឱ្យអ្នករីកចម្រើនបានទេ។ ការរៀនសូត្រពីមនុស្សជុំវិញខ្លួនមានន័យថា អ្នកត្រូវធ្វើខ្លួន ឱ្យដូចជាកូនសិស្ស។ ឥរិយាបថបែបនេះ ជួយសហគ្រិនបានច្រើនណាស់ ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរបស់គេ ព្រោះគេមានឆន្ទៈ ចង់ចេះចង់ដឹង ចង់អភិវឌ្ឍខ្លួន និងចង់ចូលរួមផ្តល់វិភាគទាន ដល់ពិភពលោកនេះ។ ពេលដាក់ចិត្តធ្វើជាកូនសិស្ស អ្នកនឹងចំណាយពេល ស្តាប់គំនិតយោបល់ ពីអ្នកដទៃច្រើន ហើយបើមានការរិះគន់ខ្លាំងពេក​ អ្នកនឹងរៀនធ្វើចិត្តល្អ ចំពោះខ្លួនឯង តែមិនយកចំណុចអាក្រក់របស់អ្នកដទៃ មកបំផ្លាញខ្លួនឯងឡើយ។

 

អត្ថបទទាក់ទង

Leave a Reply