នេះជាជំហាន ចំនួន ៥ ដែលអ្នកអាចអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាបុគ្គលឆ្នើម

ចំណុចស្នូលនៃការអភិវឌ្ឍន៍ខ្លួនឯង គឺការយល់ពីខ្លួនឯង។ ការក្លាយខ្លួនជាបុគ្គលឆ្នើម គឺត្រូវផ្តោតលើការផ្លាស់ប្តូរទម្លាប់ គោលការណ៍ បុព្វហេតុចម្បងៗ ជាជាងការយកចិត្តទុកដាក់តែលើរឿងលំៗ ការព្យាបាលតែលើរោគសញ្ញានៃជំងឺ ដោយមិនស្គាល់អំពីឫសគល់នៃជំងឺ។ ចូរបណ្តុះរឿងសំខាន់ៗ ទាំង៥ នេះក្នុងខ្លួនអ្នក ដើម្បីក្លាយខ្លួនជាបុគ្គលឆ្នើម៖

១. ការស្គាល់ពីខ្លួនឯង (SELF-AWARENESS)

ការស្គាល់ ពីចំណុចខ្លាំង ចំណុចខ្សោយរបស់យើងម្នាក់ៗ វាមិនងាយស្រួលដូចការដែលនិយាយនោះទេ។ ការស្គាល់ពីខ្លូនឯង ជារឿងចាំបាច់បំផុតសម្រាប់ការធ្វើដំណើរឆ្ពោះទៅក្លាយជាបុគ្គលឆ្នើម។ បើយើងចង់បង្កើនការអនុវត្ត យើងចាំបាច់ត្រូវតែចេះគ្រប់គ្រងអារម្មណ៍របស់យើងឲ្យបានល្អ ដើម្បីផ្តល់ថាមពល និងទិសដៅដល់ការធ្វើដំណើរជីវិតរបស់យើង។

ការសិក្សាស្រាវជ្រាវបានបញ្ជាក់ច្បាស់ថា ប្រាជ្ញាឈ្លាសវៃ (IQ) របស់យើងកំណត់ភាពជោគជ័យរបស់យើងតែ ២០% ទេ រីឯ ៨០% ទៀត គឺស្ថិតនៅលើការគ្រប់គ្រងអារម្មណ៍របស់យើង។ បើយើងមិនដឹង ឬមិនខ្វល់អំពីអារម្មណ៍របស់យើង វានឹងបង្កើតជាឥរិយាបថ (សកម្មភាព) ឆ្គាំឆ្គង ឬរាំងស្ទះដល់ដំណើរឆ្ពោះទៅរកគោលដៅជោគជ័យរបស់យើង។ ការស្គាល់ពីខ្លួនឯងមានន័យថា អ្នកមានសមត្ថភាពដឹងពីអារម្មណ៍របស់ខ្លួនឯងយ៉ាងច្បាស់លាស់។ វានឹងផ្តល់សមត្ថភាពដល់យើងក្នុងការគ្រប់គ្រងអារម្មណ៍មិនល្អកុំឲ្យបង្កើតទៅជាឥរិយាបថដែលបំផ្លាញទំនាក់ទំនង បំបាក់ទឹកចិត្ត ឬ បង្កភាពសៅហ្មងផ្សេងៗ។ ការគ្រប់គ្រងអារម្មណ៍វាចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍន៍ខ្លួនជាបុគ្គលឆ្នើម។

ចូរគ្រប់គ្រងអារម្មណ៍របស់អ្នក ជាជាងបណ្តោយឲ្យអារម្មណ៍របស់អ្នកគ្រប់គ្រងអ្នកវិញ។

២. ការពោលអះអាងល្អពីខ្លួនឯង  (SELF-AFFIRMATION) 

យើងធ្លាប់ដឹងថា វាជារឿងមិនល្អទេដែលចូលចិត្តនិយាយដើម ឬនិយាយរឿងមិនល្អពីអ្នកដទៃ។ វារឹតតែតែមិនល្អថែមទៀត ដែលយើងប្រើពាក្យអាក្រក់ៗប្រឆាំងនឹងខ្លួនឯង ឬ និយាយមិនល្អចំពោះខ្លួនឯង។ ការពោលអះអាងពីខ្លួនឯងវានឹងទាក់ទាញការយកចិត្តទុកដាក់របស់យើងទៅលើរឿងនោះ។ ប្រសិនបើនរណានិយាយមករកអ្នក ដោយការបំបាក់ទឹកចិត្ត ឬមាក់ងាយអ្នក អ្នកត្រូវនៅឆ្ងាយពីគេ ក៏ប៉ុន្តែអ្នកភ្លេចគិតថា ម្តងម្កាល ឬ ញឹកញាប់ អ្នកក៏ធ្លាប់ធ្វើរឿងបែបនេះចំពោះខ្លួនឯងផងដែរ។ ការនិយាយអាក្រក់ ឬ មាក់ងាយខ្លួនឯងវានឹងធ្វើឲ្យអ្នកបាត់តម្លៃ បាក់ទឹកចិត្ត អស់សង្ឃឹម។ ចូរកុំបណ្តោយឲ្យអ្នកដទៃ ឬ ខ្លួនអ្នកបង្កើតការផ្តោតអារម្មណ៍របស់អ្នកលើរឿងខុសឆ្គង បន្ទាបតម្លៃខ្លួនអ្នក បង្អាប់ខ្លួនឯង។ អ្នកត្រូវបង្កើតការយកចិត្តទុកដាក់របស់អ្នកលើរឿងត្រឹមត្រូវ លើការបង្កើនតម្លៃខ្លួនអ្នក លើការជឿជាក់លើខ្លួនឯង លើការផ្តល់ក្តីសង្ឃឹម។

ឥរិយាបថ ឬ ពាក្យសម្ដីដែលបន្ទាបខ្លួនឯងមានដូចជា ៖ ខ្ញុំមិនល្អ ខ្ញុំគួរឲ្យធុញទ្រាន់ ខ្ញុំគ្មានសមត្ថភាព … ខ្ញុំជាមនុស្សធម្មតា ខ្ញុំគ្មានតម្លៃ។ល។ ជំនួសឲ្យពាក្យសម្ដីទាំងនេះ អ្នកត្រូវពោលពាក្យចំពោះខ្លួនឯង ឬ មានឥរិយាបថ ដូចតទៅនេះ ៖ ខ្ញុំជាមនុស្សគួរឲ្យស្រឡាញ់ ខ្ញុំមានសមត្ថភាពពេញលេញ ខ្ញុំជាមនុស្សគួរឲ្យគោរព ខ្ញុំមានគោលដៅច្បាស់លាស់ … ខ្ញុំមានទេពកោសល្យច្រើន។

ចូរប្រើពាក្យអះអាងខ្លួនឯង ដោយបង្កើនតម្លៃខ្លួនឯង ជាជាងបន្ទាបតម្លៃខ្លួនឯង។

៣. ការលើកទឹកចិត្តខ្លួនឯង (SELF-MOTIVATION)

ប្រសិនបើអ្នកទន្ទឹងរង់ចាំនរណាម្នាក់លើកទឹកចិត្តអ្នក ការអភិវឌ្ឍន៍ខ្លួនអ្នកឲ្យក្លាយជាបុគ្គលឆ្នើមនឹងមានឱកាសតិចតួចប៉ុណ្ណោះ។ ការលើកទឹកចិត្តជាកិច្ចការផ្ទាល់ខ្លួន។ ពឹងលើអ្នកផ្សេង ថ្ងៃខ្លះអ្នកបានទទួល ថ្ងៃជាច្រើន អ្នកនឹងមិនបានទទួលទេ។ បើពឹងលើខ្លួនឯង អ្នកអាចធ្វើវាជារៀងរាល់ថ្ងៃ។ បើអ្នកពឹងលើគេក្នុងការលើកទឹកចិត្ត ឱកាសជោគជ័យក្នុងជីវិតអ្នកមានស្តួចស្តើងបំផុត ហើយភាគច្រើន អ្នកនឹងស្តាយក្រោយ ដោយសារការទន្ទឹងរង់ចាំភាគច្រើនមិនបានដូចបំណង។

ចូរលើកទឹកចិត្តខ្លួនអ្នក ជាជាងការរង់ចាំអ្នកដទៃធ្វើជូនអ្នក។

៤. ការទទួលខុសត្រូវលើខ្លួនឯង (SELF-DIFFERENTIATION)

ការដឹងពីខ្លួនឯង និង អ្នកដទៃជាមនុស្សបែបណាគឺជាគន្លឹះក្នុងការរស់នៅដោយរីករាយ និង ជោគជ័យ។ អ្នកត្រូវយល់ថា ពេលមនុស្សនៅជុំគ្នាជាក្រុម វាចាប់ផ្តើមមានទំនាញផ្លូវអារម្មណ៍។ ទំនាញនេះមានអានុភាពខ្លាំងណាស់សម្រាប់ការរស់នៅ ឬ ធ្វើការជាមួយគ្នា។ វាបង្កឲ្យមានការទំនាក់ទំនងគ្នាទៅវិញទៅមកខាងផ្លូវអារម្មណ៍ អាចបង្កើតជាក្រុម ជាហ្វូងតែមួយ ឬ បង្កការមិនចុះសម្រុងគ្នា។ ក្នុងករណីធ្ងន់ធ្ងរ វាបង្កទៅជាមានអារម្មណ៍ឯកា ស្តីបន្ទោសគ្នា យកចាញ់ឈ្នះ បដិសេធគ្នា ឬ ក្លាយជាជនរងគ្រោះ។

នៅពេលដែលយើងទទួលខុសត្រូវលើខ្លួនឯង យើងដឹងថា យើងជាមនុស្សបែបណា យើងនៅត្រង់ណា ពេលមានបញ្ហា ឬជម្លោះកើតឡើង។ ការទទួលខុសត្រូវមានន័យថា យើងមានសមត្ថភាពក្នុងការ ឆ្លើយតបទៅនឹងស្ថានការណ៍ ឬរឿងរាវទាំងឡាយដែលកើតឡើង។ សមត្ថភាពឆ្លើយតប នេះផ្តល់ឲ្យយើងមានជម្រើស និងសេរីភាពកាន់តែច្រើន។ ឧទាហរណ៍៖ ប្រសិនបើគេប្រព្រឹត្តមិនគប្បីមកលើយើង យើងអាចឆ្លើយតបដោយខឹងសម្បា ដោយញញឹម ឬដោយការអត់ឱន។ សមត្ថភាពឆ្លើយតបនេះ គឺជាការទទួលខុសត្រូវរបស់យើង។ វានឹងបង្កើនភាពធន់របស់យើងទៅនឹងមតិយោបល់ ការទិតៀន ឬសកម្មភាពឆ្គាំឆ្គងរបស់អ្នកដទៃ។ បើយើងពុំមានសមត្ថភាពនេះទេ យើងនឹងក្លាយជាជនរងគ្រោះនៃស្ថានភាព ឬរឿងរ៉ាវកើតឡើងដោយគ្មានជម្រើស។

ចូរប្រតិបត្តិការទទួលខុសត្រូវលើខ្លួនឯង ជាជាងបណ្តោយខ្លួនជាជនរងគ្រោះនៃស្ថានការណ៍។

៥. ការស្រឡាញ់ខ្លួនឯង​ (SELF-LOVE)

បើអ្នកស្រឡាញ់អ្នកដទៃដូចខ្លួនអ្នក យើងអាចទទួលស្គាល់ថា ការស្រឡាញ់អ្នកដទៃមិនអាចធំជាងការស្រឡាញ់ខ្លួនឯងទេ។ ការស្រឡាញ់អ្នកដទៃ ដោយមិនស្រឡាញ់ខ្លួនឯង គឺជារឿងដ៏សោកសៅមួយដោយសារតែអ្នកត្រូវការការយល់ស្រប យល់ចិត្ត ឬ យល់ព្រមពីគេប៉ុណ្ណោះ។ ជាលទ្ធផល វាជាតម្រូវការអ្នកប្រគល់ ច្រើនជាងអ្នកទទួល។ ម្តងម្កាល ការចង់ឲ្យអ្នកនរណាម្នាក់ជួបនឹងភាពល្អប្រសើរ អាចភ្ជាប់មកជាមួយការឈឺចាប់ផ្ទាល់ខ្លួន។ ការចង់ឲ្យខ្លួនឯងប្រសើរឡើង(ស្រឡាញ់ខ្លួនឯង) វាត្រូវរួមបញ្ចូលផងដែរនូវការនិយាយ និង ទទួលស្គាល់ការពិតចំពោះខ្លួនឯង។ ជាធម្មតាទេ ដែលពេលខ្លះយើងត្រូវទទួលយកការឈឺចាប់ ក្នុងការទទួលយកការពិតដែលមិនអាចប្រកែកបាន។

វាមានហេតុផល ដែលការណែនាំនៅលើយន្តហោះឲ្យអ្នកពាក់បំពុងអុកស៊ីសែនសម្រាប់ខ្លួនអ្នកជាមុន មុននឹងជួយពាក់ឲ្យអ្នកដទៃ ដូចជាកូនរបស់អ្នក ពីព្រោះអ្នកមិនអាចជួយមនុស្សដែលអ្នកស្រឡាញ់បានទេ បើអ្នកមិនអាចរស់បាន។ អ្នកមិនអាចប្រគល់ឲ្យនូវអ្វីដែលអ្នកគ្មានទេ។

ចូរស្រឡាញ់ខ្លួនឯង តែកុំមានភាពអាត្មានិយម។

ការសម្លឹងមើលក្នុងខ្លួនអ្នកទាំង ៥យ៉ាង នេះនឹងជួយអ្នកឲ្យស្វែងរកឃើញនូវអ្វីដែលជាក្តីស្រមៃរបស់អ្នក។ វានឹងជួយបំភ្លឺផ្លូវអ្នក ហើយជួយរុញអ្នកឲ្យចាកចេញពីការសោកសៅ ស្តាយក្រោយ ទុក្ខព្រួយ និងការយល់ច្រឡំ។ ការអភិវឌ្ឍន៍ខ្លួនអ្នកជាបុគ្គលឆ្នើម មិនអាចទៅរួចទេ បើអ្នកមិនអនុវត្តជំហានទាំង៥នេះ។

សម្រួលពី៖ Mick Ukleja, Success, “5 Steps to Personal Greatness”


អត្ថបទទាក់ទង

រឿងទាំង៥យ៉ាង ដែលបុគ្គលជោគជ័យតែងប្តេជ្ញាអនុវត្ត

 

Leave a Reply