អត្តចរិត​ គឺជាកត្តាដ៏ចម្បងដែលអ្នកត្រូវសាងវាឡើង

យោងតាមវចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត៖ 

ពាក្យ “អត្ត​” ​ជា​នាមសព្ទ​ ប្រែ​មក​ថា ខ្លួន ឬ​ចិត្ត​។ ពាក្យ “អត្ត​” អាច​ប្រើ​សម្រាប់​ផ្សំ​ជាមួយ​ពាក្យ​ដទៃទៀត​បាន ដើម្បី​ឲ្យ​ពាក្យ​ទាំងនោះ​រឹតតែ​មានន័យ​កាន់តែច្បាស់​បន្ថែមទៀត​។  

“ចរិត” ជា​នាម មានន័យថា ការប្រព្រឹត្តិ, កិរិយាមារយាទ, ឬ​ក​ពា, បែបបទ។ ល។ ឧទាហរណ៍៖ ចរិតល្អ, ចរិតមិនល្អ, មនុស្ស​ខូច​ចរិត គឺ​មនុ​ស្សបង់​ឬ​ក​ពា​ប្រក្រតី, ដែល​រកកល់​ឆ្កួត ។ល។

ការបណ្តុះអត្តចរិតរបស់អ្នក វាប្រៀបដូចជាជាងចម្លាក់ម្នាក់ឆ្លាក់រូបអញ្ចឹង។ អត្តចរិតល្អ វាមិនមែនកើតឡើងដោយឯកឯងនោះទេ។ វាទាមទារនូវការច្នៃប្រតិដ្ឋឡើង ដូចជារូបចម្លាក់មួយដែលត្រូវបានច្នៃឡើងតាមរយៈការដាប់ដោយពន្លាក ដុសខាត់លាងសម្អាត ដើម្បីឲ្យចេញជារូបអ្វីមួយដ៏ស្រស់ស្អាតទាក់ទាញ។ ដូច្នេះហើយវាត្រូវការការសម្រេចចិត្តប្រកប​ដោយសតិដឹងថាយើងចង់បានរូបចម្លាក់បែបណា។ វាជាកិច្ចការមួយដែលប្រព្រឹត្តឡើងជា​ជំហានៗ តាមលំនាំនៃការសម្រេចចិត្តរបស់ជាងចម្លាក់។ ដូចគ្នានេះផងដែរ  អត្តចរិតជាលទ្ធផល​នៃការសម្រេចចិត្តរាប់រយរាប់ពាន់ដងជាប្រចាំថ្ងៃរបស់យើងដែលធ្វើឲ្យយើងក្លាយខ្លួនជា​មនុស្សបែបណា (មានអត្តចរិតបែបណា) រហូតដល់ពេលនេះ ហើយយើងចង់ប្រែក្លាយ​ជាមនុស្សល្អប្រសើរយ៉ាងណា ក្នុងពេលកំណត់មួយខាងមុខ។ បើអ្នកមិនយកចិត្តទុកដាក់​កសាងអត្តចរិតល្អឡើងនោះទេ អ្នកនឹងបន្តរស់នៅជាមួយឥរិយាបថអន់ខ្សោយ ទន់ជ្រាយ មិនជោគជ័យ មិនរីករាយ ប្រៀបដូចជាដុំថ្មមួយដុំ មិនទាន់ឆ្លាក់ ដែលគ្មានតម្លៃអ្វីឡើយ ឬមានតម្លៃតិចតួចប៉ុណ្ណោះ។

អត្តចរិតមិនមែនមកជាមួយកំណើតរបស់អ្នកទេ។ ខុសពីមុខមាត់ កម្ពស់ ឬពណ៌សម្បុរ ដែលមកជាមួយកំណើតរបស់អ្នក ​អត្តចរិតរបស់អ្នក គឺអ្នកជាអ្នកបង្កើត និងអាចផ្លាស់ប្តូរបាន។ ក៏ប៉ុន្តែ អត្តចរិតល្អមិនកើតឡើងដោយស្វ័យប្រវត្តិ ដោយសារ​ជីវិត​អ្នក​ជួប​នឹងបញ្ហា​ប្រឈម ឬវិបត្តិ​ ឬទទួល​ជោគជ័យ​ធំធេង​អ្វី​ទេ។ អត្តចរិត​កើតឡើង​តាមរយៈការឆ្លើយតបទៅនឹងរឿងរ៉ាវទាំងឡាយដែលកើតឡើងក្នុងជីវិតអ្នក​ ពេលអ្នក​ទទួលបានផ្លែផ្កា ពេលអ្នកបរាជ័យ ពេលអ្នកខាតបង់ ពេលអ្នកក្លាយជាអ្នកមាន ពេលអ្នក​ធ្លាក់ខ្លួនក្រ តើអ្នកឆ្លើយតបទៅរឿងទាំងនេះបែបណា។ អ្នកបង្កើតអត្តចរិតល្អឡើង​ជាមួយនឹងគុណសម្បត្តិ​ត្រឹមត្រូវ​ រួចហើយថែទាំបណ្តុះគុណសម្បត្តិទាំងនោះឲ្យជាប់​នឹងខ្លួនអ្នក។ វាដូចជាអ្នកបណ្តុះគ្រាប់ពូជ និងថែទាំដំណាំក្នុងសួន​ វាទាមទារការបំពេញ​ការងារ​ ភាពឧស្សាហ៍​ព្យាយាម និងមានវិន័យ។ អ្នកត្រូវការស្រោចទឹកជាប្រចាំ ដាក់ជី និងដកស្មៅចង្រៃចេញ ដើម្បីឲ្យរុក្ខជាតិមានប្រយោជន៍អាចដុះលូតលាស់បានល្អ។ មិនខុសគ្នាពីការច្នៃពេជ្រដែរ មុននឹងបានគ្រាប់ពេជ្រដ៏ស្រស់ស្អាតមានតម្លៃ ជាងច្នៃត្រូវ ដាប់យកចេញនូវថ្មគ្មានតម្លៃដែលនៅរុំព័ទ្ធជាមួយដុំពេជ្រ តាមរយៈការងារដ៏​ហ្មត់ចត់ ផ្ចិតផ្ចង់ និងបន្តបន្ទាប់ ទម្រាំនឹងផលិតបានដុំពេជ្រដ៏មានតម្លៃមួយ។

តើអ្នកចង់ដឹងអំពីរឿងរ៉ាវដ៏ល្អប្រសើរ នៃអត្តចរិតដែរឬទេ? ប្រសិនបើអ្នកពិតជា​មានការប្តេជ្ញាចិត្តខ្ពស់ចង់កសាងខ្លួនអ្នកឲ្យក្លាយជាបុគ្គលគំរូដែលអ្នកចង់ឃើញ អ្នកមិនគ្រាន់តែបង្កើតគុណសម្បត្តិនៃអត្តចរិតល្អប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចថែទាំ និងពង្រឹងគុណសម្បត្តិទាំងនោះជាបន្តបន្ទាប់ រហូតដល់ផ្លែផ្កានៃភាពសម្បូរណ៍បែប​ និងភាពរីករាយកើតឡើងក្នុងជីវិតអ្នក។ អត្តចរិតល្អកើតឡើង និង​ថែទាំបានល្អហើយ វានឹងស្ថិតនៅជារៀងរហូតជាមួយជីវិតអ្នក វានឹងផ្តល់អត្ថប្រយោជន៍សម្រាប់​អ្នកក្នុងការ​បំពេញ​ការងារផ្សេងៗដោយជោគជ័យ ដូចជាក្នុងទំនាក់ទំនងសេ្នហា និងក្នុងគ្រួសារ និងក្នុងការប្រឈមជាមួយនឹងវិបត្តិផ្សេងៗនៃជីវិត។ អត្តចរិតល្អប្រៀបដូចជាគ្រឹះដ៏រឹងមាំ​ដែលទ្រជីវិតអ្នកឲ្យមានសុវត្ថិភាព ឲ្យរីករាយ ឲ្យជោគជ័យ បើទោះបីជីវិតអ្នកជួបប្រទះ​ស្ថានការណ៍ប្រែប្រួលបែបណាក៏ដោយ។

“ចូរយកចិត្តទុកដាក់បណ្តុះអត្តចរិតល្អរបស់អ្នក ព្រោះវានឹងកំណត់ជោគវាសនាជីវិត​របស់អ្នក”

ឯកសារយោង៖

​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត

Jim Rohn, Success, “Character Is Your Masterpiece to Build”


អត្ថបទទាក់ទង

របៀបដោះស្រាយជាមួយនឹងរឿងដែលកើតឡើងដោយមិនបានរំពឹងទុក

 

Leave a Reply