ការបង្វឹកអ្នកគ្រប់គ្រង ខុសគ្នាពីការបង្វឹកបុគ្គលិក

មិនមែនដោយសារតែឋានៈក្នុងការងារ ជាអ្នកគ្រប់គ្រង អ្នកអាចមិនអើពើនឹងការបណ្តុះបណ្តាលបន្ថែមបានទេ។ សមត្ថភាពរបស់អ្នក អាចនឹងចុះខ្សោយ ហើយការគ្រប់គ្រងរបស់អ្នកនឹងក្លាយជាបញ្ហារបស់ស្ថាប័នមិនខាន។ អ្នកគ្រប់គ្រង ត្រូវចាប់យកចំណេះដឹង និង​វិធីសាស្ត្រថ្មីៗ ដើម្បីធ្វើការឲ្យមានប្រសិទ្ធភាពល្អជាងមុន។

ការបង្វឹកអ្នកគ្រប់គ្រង មានភាពខុសគ្នាពីការបង្វឹកបុគ្គលិក។ ខាងក្រោមនេះ ចំណុចខុសគ្នាមួយចំនួនដែលអ្នកត្រូវតែដឹង។

អ្នកគ្រប់គ្រង ផ្តោតលើជំនាញទន់

ដោយសារតួនាទីខុសគ្នា អ្នកគ្រប់គ្រងមិនអាចផ្តោតទៅលើតែជំនាញបច្ចេកទេស ដូចបុគ្គលិកធម្មតាបានទេ។ ពួកគាត់ត្រូវរៀនពីការគ្រប់គ្រង និង​ភាពជាអ្នកដឹកនាំ។ ពួកគាត់ ត្រូវផ្តោតទៅលើជំនាញដែលប្រើជាមួយមនុស្ស ឬគេហៅថាជំនាញទន់។

បុគ្គលិកធម្មតា​ ទោះបីជាមិនសូវពូកែជំនាញទន់ ក៏នៅតែអាចធ្វើការបានដែរ បើសិនជាជំនាញបច្ចេកទេសរបស់គាត់ ប្រើការកើត។ អ្នកគ្រប់គ្រង បើផ្តោតតែលើជំនាញដូចបុគ្គលិកធម្មតា ប្រាកដជាពិបាកធ្វើការជាមួយគ្នាមិនខាន។

អ្នកគ្រប់គ្រង រៀនដោះស្រាយជាមួយមនុស្ស

អ្នកគ្រប់គ្រង ត្រូវរៀនពីវិធីដោះស្រាយជាមួយបុគ្គលិកដែលមានចរិតខុសៗគ្នា។ ពួកគាត់ត្រូវរៀនពីរបៀបលើកទឹកចិត្តបុគ្គលិក ដើម្បីអាចបញ្ចប់ការងារទាន់ពេលវេលា។ ពួកគាត់​ ក៏ត្រូវរៀនពីរបៀបរៀបចំដំណើរការក្នុងផ្នែកនីមួយៗដែរ។​

គ្មានអ្វីដែលពិបាកជាងការគ្រប់គ្រងមនុស្សនោះទេ។

អ្នកគ្រប់គ្រងត្រូវចូលរួមក្នុងការបង្វឹកបុគ្គលិក

រាល់ពេលដែលបុគ្គលិក មានវគ្គបណ្តុះបណ្តាល អ្នកគ្រប់គ្រង ត្រូវតែចូលរួមជាមួយដែរ ដើម្បីដឹងបានច្បាស់ពីចំណេះដឹងរបស់បុគ្គលិក។ ពួកគាត់អាចកត់ត្រាចំណុចសំខាន់ទុក ដើម្បីយកមកនិយាយនៅពេលក្រោយ។ ពេលខ្លះ វត្តមានរបស់អ្នកគ្រប់គ្រង ក៏អាចជួយបុគ្គលិកប្រឹងប្រែងរៀនជាងមុនដែរ។

អ្នកគ្រប់គ្រង មើលឃើញពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិក ប៉ុន្តែភ្លេចគិតពីការបណ្តុះបណ្តាលខ្លួនឯង។ ពួកគាត់បណ្តោយខ្លួនឲ្យធ្វើការជាមួយចំណេះដឹងចាស់ រហូតទាល់តែការគ្រប់គ្រងរបស់ខ្លួនឯង លែងមានប្រសិទ្ធភាព។

ខ្ញុំសង្ឃឹមថា ចំណុចដែលខ្ញុំលើកមកខាងលើ នឹងអាចជួយជាគំនិតខ្លះៗសម្រាប់អ្នកគ្រប់គ្រងដែលចង់បណ្តុះបណ្តាលខ្លួនឯង។ អ្នកគ្រប់គ្រង ទាល់តែឆ្លាតជាងថ្នាក់ក្រោម ទើបអាចគ្រប់គ្រងគេបាន

Leave a Reply

Your email address will not be published. Required fields are marked *