តើអ្នកមានគោលដៅអ្វីខ្លះនៅពេលនេះ?

គោលដៅ [គោល-ដៅ]

  • ១) ន. អ្វីៗដែលគេត្រូវធ្វើឱ្យបានសម្រេចនៅក្នុងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ឬបេសកកម្មណាមួយ : គោលដៅអភិវឌ្ឍន៍, គោលដៅនៃការសិក្សា។
  • ២) ទីកន្លែងដែលគេត្រូវទៅ : គោលដៅនៃការធ្វើដំណើរ។

យើងចាំបាច់ត្រូវកំណត់គោលដៅនៃជីវិតរបស់ខ្លួន ព្រោះ៖

  • ដើម្បីរៀបចំអនាគតឱ្យបានល្អប្រសើរ
  • ដើម្បីចំណេញពេលវេលា ប្រាក់កាស់ កម្លាំងកាយ និងចិត្ត
  • ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងជំនាញឱ្យកាន់តែប្រសើរឡើង
  • ដើម្បីត្រួសត្រាយផ្លួវសម្រាប់ដើរឱ្យបានស្រួល
  • មានគម្រោងផែនការជាមុនដើម្បីទប់ទល់ និងឧបសគ្គ និងបញ្ហានានាចំពោះមុខ
  • ដើម្បីជាត្រីវិស័យសម្រាប់ចង្អុលទិស កុំឱ្យងាកផ្តេសផ្តាស់នាំឱ្យ ខាតប្រយោជន៍ ខាតកម្លាំង និងខាតពេលវេលា។

យ៉ាងណាមិញ ក៏មានមនុស្សជាច្រើនមិនទាន់មានគោលដៅច្បាស់លាស់ ដើម្បីធ្វើឱ្យក្តីស្រមៃនោះអាចសម្រេចទៅបានទេ! ដើម្បីឱ្យក្តីស្រមៃនោះបានសម្រេច យើងត្រូវតែចេះរៀបចំដាក់ផែនការ និងគោលដៅឱ្យបានច្បាស់លាស់ ហើយគោលដៅនោះទៀតសោតត្រូវបានគេបែងចែកចេញជា ២ ប្រភេទ គឺគោលដៅរយៈពេលវែង និងគោលដៅរយៈពេលខ្លី។

គោលដៅរយៈពេលវែង

សំណួរដំបូងសម្រាប់អ្នក នោះគឺតើអ្នកចង់សម្រេចបានអ្វីខ្លះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ? ទាំងនេះ គឺជាគោលដៅធំដែលត្រូវការពេលវេលាដើម្បីសម្រេចបាន។ វាអាចជាការទិញផ្ទះ ឬផ្លាស់ប្តូរអាជីព ព្រមទាំងការរៀបចំគ្រួសារជាដើម។ គោលដៅរយៈពេលវែងរបស់អ្នក គឺជាមូលដ្ឋានសម្រាប់កំណត់គោលដៅរយៈពេលខ្លីផ្សេងៗទៀត។ វាប្រៀបដូចជាគ្រឹះមួយនៅក្នុងរចនាសម្ព័ន្ធទាំងមូលនៃគោលដៅរបស់អ្នក ពោលគឺគោលដៅធំត្រូវការពេលច្រើនដើម្បីសម្រេចវា។ 

ជាធម្មតា គោលដៅរយៈពេលវែង ត្រូវបានសម្រេចក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំឡើងទៅ ឬក៏អាច្រើនជាងនេះ ឧទាហរណ៍ ទិញផ្ទះក្នុងរយៈពេល ៥ ឆ្នាំ ឬបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកម្រិតបរិញ្ញា និងថ្នាក់អនុបណ្ឌិត ក្នុងរយៈពេល ៧ ឆ្នាំ ចួនកាលដៅនោះអាចប្រើរយៈពេលវែង ឬខ្លីជាងនោះក៏ថាបាន។

គោលដៅរយៈពេលខ្លី

វាគឺជាអ្វីដែលអ្នកមានគម្រោងដើម្បីសម្រេចបានក្នុងរយៈពេលតិចជាងមួយឆ្នាំ។ គោលដៅរយៈពេលខ្លីភាគច្រើន នឹងត្រូវបានកំណត់ពី ៣ ទៅ ៦ ខែ។ ជាទូទៅ គោលដៅរយៈពេលខ្លី នឹងមានភាពងាយស្រួលក្នុងការសម្រេចបាន ឧទាហរណ៍ ខ្ញុំត្រូវចាប់ផ្តើមសន្សំប្រាក់ប៉ុន្មានក្នុងរយៈពេល ១ ខែ? អ្នកក៏អាចប្រើគោលដៅរយៈពេលខ្លីដើម្បីផ្លាស់ទីអ្នកនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវរយៈពេលវែងរបស់អ្នកផងដែរ។

អត្ថប្រយោជន៍នៃគោលដៅរយៈពេលខ្លី នៅពេលអ្នកជ្រើសរើសគោលដៅ និងកំណត់ពេលវេលាខ្លួនឯង អ្នកបង្កើនឱកាសនៃការសម្រេចគោលដៅនោះដោយកត្តាដ៏ធំមួយ។ ការកំណត់គោលដៅច្បាស់លាស់សម្រាប់ខ្លួនអ្នក អាចជួយលើកទឹកចិត្តអ្នកក្នុងការខិតខំប្រឹងប្រែងក្នុងការសម្រេចឱ្យបានចំពោះគោលដៅ ឬក្តីស្រមៃរបស់អ្នក។

ការ​កំណត់គោល​ដៅ​គឺជា​រឿង​សំខាន់ ដើម្បី​សម្រេច​នូវ​កិច្ច​ការ​អ្វីមួយ​។ មនុស្ស​ដែល​មាន​គោល​ដៅជីវិត​ច្បាស់លាស់ ពួកគេ​នឹង​ជួប​នូវ​អនាគត​ដ៏​ត្រចេះត្រចង់ ដូចអ្វីដែល​គេ​ប៉ងប្រាថ្នា។ តើអ្នកមានគោលដៅអ្វីខ្លះនៅពេលនេះ?


សូមណែនាំសៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន (១២ មេរៀន ដើម្បីឈានទៅរកភាពជោគជ័យរបស់ស្ថាប័ន)

សៀវភៅ ជំនាញការគ្រប់គ្រង

សម្រាប់ការជាវ ឬព័ត៌មានបន្ថែម៖ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)

Leave a Reply

Your email address will not be published. Required fields are marked *