តើត្រូវធ្វើដូចម្តេចដើម្បីធ្វើបទបង្ហាញប្រកបដោយភាពទាក់ទាញសម្រាប់ការសិក្សា ការងារ និងអាជីវកម្ម?

ការធ្វើបទបង្ហាញ គឺមិនមែនជារឿងងាយស្រួលសម្រាប់មនុស្សគ្រប់រូបនោះទេ។ អ្នកខ្លះមានអារម្មណ៍ភិតភ័យនៅពេលដែលធ្វើបទបង្ហាញដែលជាដើមហេតុនៃការបរាជ័យក្នុងការគ្រប់គ្រងអារម្មណ៍។ ការបាត់បង់ម្ចាស់ការលើខ្លួនឯងនេះអាចធ្វើអោយអ្នកភ្លេចភ្លាំងនូវអ្វីដែលអ្នកចង់និយាយ ដែលនាំអោយបទបង្ហាញរបស់អ្នកជួបនូវភាពបរាជ័យ។ ដូច្នេះ អ្នកគួរតែមានវិធានការមួយចំនួនទាំងមុន និងក្នុងពេលធ្វើបទបង្ហាញដើម្បីប្រាកដថាអ្នកមានជំនឿចិត្តក្នុងការធ្វើបទបង្ហាញរបស់អ្នក។

ប្រធានបទ និងការរៀបចំ 

អ្នកត្រូវស្រាវជ្រាវ និងរៀបចំទិន្នន័យជាក់ស្ដែង ដើម្បីធ្វើការគាំទ្រទៅនឹងប្រធានបទ ដែលអ្នកត្រូវធ្វើបទបង្ហាញ។ អ្នកគួរព្រាងគ្រោងឆ្អឹងនៃការធ្វើបទបង្ហាញ ហើយនៅពេលដែលរួចរាល់ចប់សព្វគ្រប់ អ្នកអាចធ្វើការពិនិត្យមើលឡើងវិញ។ ដើម្បីអភិវឌ្ឍជំនាញវោហាស័ព្ទ និងបង្កើនទំនុកចិត្តក្នុងពេលធ្វើបទបង្ហាញ អ្នកត្រូវតែរៀបចំ អនុវត្ត និងរៀនពីបទបង្ហាញនីមួយៗ ដែលអ្នកធ្លាប់បានធ្វើកាលពីពេលកន្លងទៅ។  

ហ្វឹកហាត់

ហ្វឹកហាត់អោយបានច្រើនដងគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អោយអ្នកមានជំនឿចិត្តថាអ្នកពិតជាអាចធ្វើវាបាននៅពេលដែលអ្នកធ្វើបទបង្ហាញជាផ្លូវការក្នុងថ្នាក់រៀនរបស់អ្នក។ អ្នកអាចសាកល្បងកំណត់នាទីថាតើអ្នកអាចបញ្ចប់បទបង្ហាញរបស់អ្នកទៅតាមពេលកំណត់ដែលគ្រូដាក់អោយដែរឬទេ។ លើសពីនេះទៅទៀត អ្នកក៏អាចធ្វើបទបង្ហាញនោះនៅចំពោះមុខមិត្តភក្ដ ឬបងប្អូនដើម្បីអោយពួកគេផ្ដល់ជាមតិយោបល់ថាអ្នកនៅមានការខ្វះខាតកន្លែងណាខ្លះ។ ដូច្នេះ អ្នកអាចកៅតម្រូវកន្លែងដែលអ្នកមានការខ្វះខាតនោះ។

ការកត់ត្រា ឬមានឯកសារកត់ចំណាំ 

ប្រើប្រាស់ក្រដាស់មួយដែលអ្នកកត់ត្រាអ្វីដែលអ្នកនឹងធ្វើបទបង្ហាញទៅកាន់មិត្តរួមថ្នាក់របស់អ្នក។ ការកត់ត្រានោះទៀតសោទគឺមិនមែនប្រើប្រាស់សម្រាប់តែអានតាមមួយរយភាគរយនោះទេ។ អ្នកគ្រាន់តែកត់នូវចំនុចសំខាន់ៗ ឬមួយក៏ជាពាក្យគន្លឹះមួយចំនួនដើម្បីរំលឹកអ្នកអោយមានការចងចាំឡើងវិញ ក្នុងករណីដែលអ្នកមានការភ្លេចភ្លាំងម្ដងម្កាល។ ធ្វើដូច្នេះ អ្នកនឹងអាចនិយាយនូវរាល់ចំនុចដែលអ្នកចង់និយាយនៅក្នុងបទបង្ហាញរបស់អ្នក។

អ្នកគួរសរសេរចំណុចគោលឬគន្លឹះនៃការធ្វើបទបង្ហាញអាជីវកម្មរបស់អ្នក តាមរយៈការកត់ចំណាំលើសន្លឹកក្រដាសតូចៗ ដើម្បីជួយឱ្យអ្នកចងចាំពីជំហាន ដែលអ្នកត្រូវរៀបរាប់ដល់ក្រុមហ៊ុនជាដៃគូ។  

ស្មារតីរីករាយ និងញញឹមទៅកាន់អ្នកស្ដាប់

ការសិក្សាមួយបានបង្ហាញថា ការញញឺមគឺជាជម្ងឺឆ្លង។ វាមានន័យថា នៅពេលដែលអ្នកញញឺមទៅកាន់នរណាម្នាក់ ម្នាក់នោះពិបាកនឹងមិនញញឺមមកកាន់អ្នកវិញណាស់។ ការញញឺមទៅកាន់អ្នកស្ដាប់បទបង្ហាញរបស់អ្នកអាចជាភាពទាក់ទាញមួយដែលធ្វើអោយគេមានការចាប់អារម្មណ៍ស្ដាប់បទបង្ហាញរបស់អ្នក។

ប្រសិនបើអ្នកគ្មានចំណាប់អារម្មណ៍ ចំពោះអ្វីដែលអ្នកនិយាយ តើអ្នកដទៃទៀតដែលកំពុងស្ដាប់អ្នក មានចំណាប់អារម្មណ៍ដែរឬ? អ្នកត្រូវមានទឹកចិត្តរីករាយ នៅពេលដែលអ្នកកំពុងធ្វើបទបង្ហាញ។ នោះអ្នកស្ដាប់ក៏មានអារម្មណ៍ចង់ស្ដាប់ដែរ។ 

ធ្វើការស្រាវជ្រាវព័ត៌មានបន្តែមទៅលើប្រធានបទដែលអ្នកនឹងធ្វើបទបង្ហាញ

អ្នកមិនចាំបាច់ក្លាយទៅជាអ្នកជំនាញពាក់ព័ន្ធទៅនឹងប្រធានបទដែលអ្នកនឹងធ្វើបទបង្ហាញនោះទេ។ អ្នកគ្រាន់តែស្រាវជ្រៅទាំងតាមសៀវភៅ និងប្រព័ន្ធអ៊ីនធឺណេតដើម្បីទទួលបានចំណេះដឹងសមល្មមនឹងអាចឆ្លើយរាល់សំណួររបស់លោកគ្រូ អ្នកគ្រូ ឬមិត្តរួមថ្នាក់ទៅបានហើយ។ ប្រភពទិន្នន័យដែលអ្នកយកទៀតសោទត្រូវបានអាចជឿទុកចិត្តបាន។ ការយកព័ត៌មាន ឬទិន្នន័យពីប្រភពដែលទាំងនោះមកដាក់ចូលក្នុងបទបង្ហាញរបស់អ្នកធ្វើអោយលោកគ្រូអ្នកគ្រូគិតថាថាអ្នកពិតជាយកចិត្តទុកដាក់ក្នុងការធ្វើកិច្ចការមួយនេះ។

ប្រើប្រាស់មធ្យោបាយបង្ហាញព័ត៌មាន 

រូបភាព វីដេអូ និង PowerPoint ជាមធ្យោបាយព័ត៌មានដែលមានឥទ្ធិពលបំផុត ប្រសិនបើអ្នកប្រើប្រាស់វាឱ្យបានត្រឹមត្រូវ តែមធ្យោបាយទាំងនេះអាចប្រែក្លាយ​ជាការរំខាន កាលណាអ្នកប្រើប្រាស់ក្នុងផ្លូវខុស។ អ្នកគួរថ្លឹងថ្លែងថា តើវីដេអូឬរូបភាពពិតជាចាំបាច់ សម្រាប់ការធ្វើបទបង្ហាញរបស់អ្នកដែរឬទេ? ចំពោះ PowerPoint វិញ អ្នកគួរដាក់ពាក្យគន្លឹះមួយចំនួននៅលើស្លាយបានហើយ ជៀសវាងឃ្លាឃ្លោងច្រើន ដែលអាចបណ្ដាលឱ្យមានការច្រឡំនិងច្រំដែល។ 

ជឿជាក់ទៅលើការធ្វើបទបង្ហាញរបស់អ្នក ធ្វើជាខ្លួនអ្នក និងចំណុចគោលដែលត្រូវផ្តោត 

ចំណុចសំខាន់នៃការធ្វើបទបង្ហាញនោះគឺបញ្ជូនព័ត៌មានដែលអ្នកបានរកឃើញនោះទៅអោយអ្នកស្ដាប់។ វាពិតជាមានសារៈសំខាន់ណាស់កាលដែលអ្នកអ្នកស្ដាប់ផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកកំពុងតែនិយាយ។ ភាសានិយាយក៏អាចជាផ្នែកមួយដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្ដាប់ដែរ។ នៅពេលដែលអ្នកធ្វើបទបង្ហាញ អ្នកត្រូវបានកដថាពាក្យពេចន៍ដែលអ្នកប្រើប្រាស់មានភាពសាមញ្ញ និងងាយយល់។ ប្រសិនបើអ្នកស្ដាប់មិនយល់ពីអ្វីដែលអ្នកកំពុងនិយាយទេ ពួកគេនឹងមិនចាប់អារម្មណ៍នឹងបទបង្ហាញរបស់អ្នកនោះទេ។

អ្នកមិនគួរធ្វើបទបង្ហាញតាម ស្ទីលឬបែបផែនរបស់អ្នកដទៃនោះទេ ដែលមិនមែនជាខ្លួនអ្នកផ្ទាល់។ អ្នកត្រូវចងចាំថា នៅពេលដែលអ្នកកាន់តែធ្វើជាខ្លួនឯង អ្នកកាន់តែមានទំនុកចិត្ត ហើយអ្នកស្ដាប់ក៏កាន់តែមានចំណាប់អារម្មណ៍។ អ្នកគួរមានកាយវិការនិងទឹកមុខធម្មជាតិ ទៅតាមអ្វីដែលអ្នកកំពុងនិយាយ។ ការបញ្ជូនពត៌មានបានយ៉ាងច្បាស់និងមានប្រសិទ្ធិភាព ជាជំនាញគន្លឹះមួយសម្រាប់ផ្ញើសារ មតិយោបល់ ខ្លឹមសាររបស់អ្នក ទៅកាន់មនុស្សមកពីមជ្ឈដ្ឋាននានា ដែលនេះសាកសមសម្រាប់ការអភិវឌ្ឍន៍នៃអាជីវកម្មរបស់អ្នក។ 

អ្នកមិនគួរធ្វើបទបង្ហាញអាជីវកម្ម ដែលគ្មានចំណុចគោលសម្រាប់ផ្ដោតនោះទេ ព្រោះដៃគូសហការឬអ្នកចូលរួម នឹងលែងមានការចាប់អារម្មណ៍ ដោយសារតែអ្នកធ្វើបទបង្ហាញមិនច្បាស់លាស់។  

ក្រសែភ្នែក​ ការប្រើប្រាស់សម្លេង និងកាយវិការ

វាគ្មានអ្វីធុញជាងការសម្លឹងមើលចុះក្រោម និងមើលក្រដាស់កត់ត្រាក្នុងដៃរបស់អ្នកនៅពេលដែលកំពុងធ្វើបទបង្ហាញនោះទេ។ អ្នកត្រូវប្រើប្រាស់កែវភ្នែករបស់អ្នកសម្លឹងទៅរកអ្នកស្ដាប់ដើម្បីអោយពួកគេមានអារម្មណ៍ថាអ្នកយកចិត្តទុកដាក់ចែករំលែកព័ត៌មានទៅកាន់ពួកគេ។

ការប្រើប្រាស់សំលេងក៏ជាផ្នែកមួយដ៏គួរអោយចាប់អារម្មណ៍សម្រាប់ទាក់ទាញអ្នកស្ដាប់អោយយកចិត្តទុកដាក់ស្ដាប់នូវអ្វីដែលអ្នកនិយាយ។ សម្លេងរបស់អ្នកត្រូវតែលឺច្បាស់ល្អ តែមិនមែនជាការស្រែកនោះទេ។ អ្នកក៏គួរតែចេះលើក ដាក់សម្លេងរបស់អ្នកដើម្បីអោយស្ដាប់ទៅគួរអោយចាប់អារម្មណ៍។

ដៃរបស់អ្នកគួរតែធ្វើចលនា ស្របពេលដែលអ្នកកំពុងធ្វើបទបង្ហាញ។ វាអាចជួយអោយមានការបញ្ជាក់ន័យនូវអ្វីដែលអ្នកកំពុងនិយាយអោយកាន់តែច្បាស់ និងអាចធ្វើអោយបទបង្ហាញរបស់អ្នកមានភាពរស់រវើក។

ដើម្បីជ្រាបកាន់តែច្បាស់ យើងសូមណែនាំវគ្គបណ្តុះបណ្តាលតាមអនឡាញ ស្តីពីជំនាញធ្វើបទបង្ហាញប្រកបដោយប្រសិទ្ឋភាព ដូចខាងក្រោម៖

 

 

 

Leave a Reply