មេរៀននៃការហ្វឹកហាត់ចំនួន ៨ ពីកងកម្លាំងពិសេសរបស់អាមេរិកដែលអ្នកគួររៀនសូត្រ

កងទ័ពពិសេសរបស់អាមេរិក ដែលហៅថា ឌឹ ស៊ីល (The Navy Seal ឬ The Seal) ជាក្រុមកងទ័ពដែលត្រូវបានគេចាត់ទុកថា ខ្លាំងក្លាជាងគេបំផុតក្នុងលោក និងសម្រាប់តែប្រតិបត្តិការសំខាន់ៗតែប៉ុណ្ណោះ ពោលគឺនៅពេលដែលកិច្ចការងារនោះហួសពីសមត្ថភាពកងទ័ពធម្មតា ដូចជាប្រតិបត្តិការតោសមុទ្រ ក្នុងព្រៃជ្រៅ តំបន់ដាច់ស្រយ៉ាល តំបន់ត្រជាក់បំផុត ប៉ូលអាកតិច តាមតំបន់ព្រៃភ្នំ ប្រតិបត្តិការកំចាត់សត្រូវដោយសម្ងាត់ និងការពារប្រធានាធិបតី។ កងទ័ពនេះ ត្រូវបានគេជ្រើសរើសយកពីក្នុងចំណោមកងទ័ពឆ្នើម ហើយយកមកបង្វឹកលុតដំយ៉ាងខ្លាំងក្លាថែមទៀត។ ពោលគឺជាការហ្វឹកហាត់ដ៏លំបាក និងតឹងរឹងបំផុត ដើម្បីក្លាយជាកំពូលអ្នកចម្បាំងដ៏អស្ចារ្យ។​ ក្រុមនេះមិនត្រឹមតែហ្វឹកហាត់ឱ្យកាយសម្បទាមាំមួន  ខ្លាំងក្លា និងរហ័សរហួនប៉ុណ្ណោះទេ ប៉ុន្តែត្រូវហ្វឹកហាត់ទាំងចិត្តស្មារតី កងសាងកម្លាំងចិត្តខ្លាំងក្លារឹងមាំ ម៉ឹងមាត់ មានវិន័យ មិនចេះតក់ស្លុត គ្មានភាពភ័យខ្លាចនៅចំពោះមុខហេតុការណ៍អាក្រក់សព្វគ្រប់បែបយ៉ាង។

ខាងក្រោមនេះគឺជាមេរៀនដ៏អស្ចារ្យដែលអ្នកអាចរៀនបាន ពីកងទ័ព ឌឹក ស៊ីល (The Seal)៖

១. ការផ្លាស់ប្តូរដ៏តូចមួយ អាចនឹងនាំឱ្យមានលទ្ធផលដ៏ធំធេង

ពួកគេត្រូវក្រោកពីព្រលឹម និងរៀបចំកន្លែងគេង។ បន្ទាប់ពីក្រោកគ្រូបង្វឹកនឹងដើរត្រួតពិនិត្យជាដំបូង និងតឹងរឹងបំផុត គឺមើលការរៀបចំគ្រែកន្លែងគេងរបស់គេឱ្យមានរបៀបរៀបរយបំផុត។ ពួកគេដាច់ខាតត្រូវតែរៀបចំគ្រែគេង និងសម្ភារៈផ្សេងៗឱ្យបានល្អ មិនអាចឱ្យទើសទាល់ភ្នែកសូម្បីតែបន្តិច។ ដំបូងៗ កូនទាហ៊ាននឹងអស់សំណើចថា “ស្អី! កំពូលអ្នកប្រយុទ្ធដ៏អស្ចារ្យ សម្រាប់ប្រតិបត្តិការដ៏មិនធម្មតា ប៉ុន្តែបែរជាមកត្រូវរៀបចំកន្លែងដេកឱ្យស្អាតបំផុតទៅវិញ ប្រហែលជាប្រតិបត្តិការពិសេសលើគ្រែហើយមើលទៅ។” ប៉ុន្តែនៅពេលដែលពួកគេធ្វើតាមជាប្រចាំនោះ ទើបពួកគេដឹងថា ពួកគេបានផ្លាស់ប្តូរយ៉ាងច្រើនបំផុត។ ជារៀងរាល់ព្រឹក បន្ទាប់ពីក្រោកពីដេកភ្លាម អ្នកត្រូវតែធ្វើឱ្យបានសម្រេចកិច្ចការងារមួយជាចាំបាច់ គឺរៀបចំកន្លែងឱ្យល្អបំផុត។ គ្មានពេលបង្អែរបង្អង់ គ្មានភាពស្រពឹកស្រពន់។ អ្នកត្រូវតែធ្វើការងារដ៏តូចតាចមួយឱ្យបានល្អបំផុត ទើបអ្នកអាចធ្វើការងារធំបានល្អ។ អ្នកត្រូវបង្រៀនខ្លួនឯងឱ្យមានស្មារតីប្រុងប្រយ័ត្ន និងតាំងចិត្តធ្វើឱ្យបានល្អតាំងពីចំណុចចាប់ផ្តើមទៅ។ ការផ្លាស់ប្តូរដ៏តូចមួយ អាចនឹងនាំឱ្យមានលទ្ធផលដ៏ធំធេង។

២. ការទទួលយកការរិះគន់ ឬទណ្ឌកម្ម

ជារៀងរាល់ព្រឹក  ប្រសិនបើអ្នករៀបចំកន្លែងគេងមិនបានល្អ ឬស្លៀកពាក់មិនបានត្រឹមត្រូវតាមឯកសណ្ឋានទេនោះ អ្នកនឹងត្រូវទទួលរងនូវទណ្ឌកម្មមួយដ៏តឹងរឹងបំផុត នោះគឺអ្នកត្រូវរត់ឱ្យលឿនបំផុតទាំងឯកសណ្ឋានកាត់វាលខ្សាច់ កាត់ដីភក់ដ៏ជ្រៅ និងត្រូវមុជចូលឱ្យជ្រៅកប់ខ្លួនទៅក្នុងភក់ ទុកតែក្បាល និងត្រូវស្ទុះបំរះងើបឡើងវិញ។ អ្នកត្រូវធ្វើបែបនេះរហូតមួយថ្ងៃពេញ។ គ្រប់អ្នកហ្វឹកហាត់ទាំងអស់  សុទ្ធតែត្រូវទណ្ឌកម្មបែបនេះគ្រប់គ្នា។ ក្នុងករណីនេះ​មិនថាអ្នកខិតខំធ្វើបានល្អយ៉ាងណានោះទេ ក៏គ្រូបង្វឹកនឹងរកឱ្យឃើញចំណុចខ្សោយតូចណាមួយរបស់អ្នកដើម្បីដាក់ទណ្ឌកម្ម។

មេរៀនក្នុងចំណុចនេះ គឺថា មិនថាអ្នកធ្វើបានល្អយ៉ាងណានោះទេ គឺមិនអាចធ្វើឱ្យត្រូវចិត្តមនុស្សគ្រប់គ្នា ជាពិសេសមិនថាអ្នកខិតខំធ្វើល្អយ៉ាងណានោះទេ គឺមិនអាចគេចផុតពីមនុស្សដែលមានបំណងស្វែងរកកំហុសនោះទេ។ ដូច្នេះអ្នកត្រូវតែទទួលស្គាល់នៅផ្នែកខុសឆ្គងណាមួយ ទទួលយកនូវទណ្ឌកម្ម (ការរិះគន់) ហើយបន្តទៅមុខទៀតជានិច្ច។

៣. ស្មារតីក្រុមដ៏អស្ចារ្យ

ក្នុងការបង្វឹក ឌឹក ស៊ីល ត្រូវបែងចែកជាក្រុម មួយក្រុមមានគ្នា៧នាក់។ ក្រុមនីមួយៗត្រូវមានទូកមួយ (ទូកយោធាសម្រាប់ឆ្មាំសមុទ្រ) ដែលត្រូវរុញ និងអ៊ុំទូកនោះកាត់សមុទ្រ កាត់ទឹកកកក្នុងចម្ងាយដ៏ឆ្ងាយ។ ដើម្បីទៅដល់គោលដៅ ឌឹក ស៊ីលកម្នាក់ៗត្រូវតែខិតខំរួមគ្នាអូសរុញ  និងចែវឱ្យអស់ពីកម្លាំងកាយចិត្ត​  និងត្រូវធ្វើយ៉ាងណាយកទូកឱ្យបានមកដល់មាត់សមុទ្រវិញ។ នេះមានន័យថា ដើម្បីជោគជ័យ អ្នកត្រូវធ្វើការងារជាក្រុម អ្នកត្រូវតែប្រឹងឱ្យអស់កម្លាំងកាយចិត្តរួមគ្នា បើមានម្នាក់ណាមិនខិតខំ  នោះពួកគេនឹងមិនអាចដល់គោលដៅ និងត្រូវជម្រុះចេញពីការហ្វឹកហាត់។​

អ្នកត្រូវតែខិតខំទាំងអស់គ្នា មានស្មារតីជាក្រុម ទទួលការខុសត្រូវចំពោះជោគវាសនាក្រុមការងារ និងមើលថែគ្នាទៅវិញទៅមក។ ក្រុមដ៏អស្ចារ្យជាងគេ គឺក្រុមដែលធ្វើការរួមគ្នា ជួយគ្នា និងមើលថែគ្នាទៅវិញទៅមកបានល្អ។

៤. កុំវាយតម្លៃមនុស្ស ត្រឹមតែសម្បកក្រៅ

ក្នុងចំណោមទាហាន ១៥០នាក់ និងត្រូវជម្រុះទុកតែ៣៥នាក់ប៉ុណ្ណោះក្នុងមួយក្រុម ក្នុងសម័យនៃការហ្វឹកហាត់របស់នាយឧត្តមនាវិក វិល្លាម ម៉ាក់រ៉ាវីន លោកបានលើកឡើងថា “ក្រុមអ្នកហ្វឹកហាត់ទាំងអស់ គឺសុទ្ធតែជាអ្នករត់លឿនបំផុត ហែលទឹកបានលឿនបំផុត ចែវទូកបានលឿនបំផុត ហក់កម្ពស់ និងឡើងជញ្ជាំងក៏លឿនបំផុត ព្រមទាំងមានមាឌធំសាច់ដុំណែនៗ។” ក្នុងចំណោមនោះ មាននាវិកម្នាក់ដែលតូចទាបជាងគេ ហើយក៏តែងតែត្រូវបានគេសើចចំអក និងយល់ថា គាត់នឹងត្រូវបានដកចេញក្នុងវគ្គបន្ទាប់។ ក៏ប៉ុន្តែតែរាល់វិញ្ញាសារដែលបានដាក់ឡើង រត់ រុញ និងចែវទូក ហក់កម្ពស់ ឡើងភ្នំ ឡើងជញ្ជាំង​ បុរសដែលទាបនោះ តែងតែទទួលបានជ័យជម្នះលេខមួយជានិច្ច។

ក្នុងការហ្វឹកហាត់នេះ គឺជារឿងយុត្តិធម៌ និងស្មើភាពបំផុត មិនថាអ្នកជានរណា មានពណ៌សម្បុរយ៉ាងណា តូចទាបយ៉ាងណានោះទេ ឱ្យតែអ្នកខិតខំឱ្យអស់កម្លាំងកាយចិត្តនោះអ្នកនឹងឈ្នះ។ វាក៏ជាចំណុចមួយដែលប្រាប់អ្នកថា អ្នកមិនអាចមើលមនុស្សតាមសម្បកក្រៅនោះទេ អ្នកត្រូវតែសម្លឹងមើលលើសមត្ថភាពពិតប្រាកដរបស់មនុស្ស។ កុំវាយតម្លៃមនុស្ស ត្រឹមតែសម្បកក្រៅ។

៥. ការធ្វើតេស្តការតស៊ូជាមួយនឹងភាពពិបាកបំផុត

ក្នុងការបណ្តុះបណ្តាល ឌឹ ស៊ីល  ម្នាក់ៗនឹងត្រូវបានធ្វើតេស្តជាមួយបញ្ហាពិបាកជាច្រើនដូចជាការរត់ចម្ងាយដ៏ឆ្ងាយ ការហែលទឹកដ៏ឆ្ងាយ ឱ្យហាត់ប្រាណ និងអាវ៉ង់ លើកខ្លួនឱ្យបានច្រើនម៉ោង លូនក្រោមបន្លារលួស លូនឡើងភ្នំ ហែលទឹកដោយចងដៃ និងចងជើង និងធ្វើអ្វីៗជាច្រើនដើម្បីឱ្យអ្នកអស់កម្លាំងកាយកម្លាំងចិត្ត ដើម្បីបន្តការងារនេះ។ បរាជ័យ មានន័យថា គ្រោះថ្នាក់ និងរងរបួស។ ក្នុងដំណាក់កាលនេះ  អ្នកណាចង់ឈប់ចង់បោះបង់ក៏បាន គ្មានការបង្ខំទេ  ប៉ុន្តែបើអ្នកឈប់អ្នកនឹងមិនអាចក្លាយជាក្រុមពិសេស ជាកំពូលអ្នកចម្បាំងនោះទេ។ ការធ្វើនេះ គឺជាការធ្វើតេស្តថា ​តើអ្នកអាចតស៊ូជាមួយនឹងភាពពិបាកបំផុតបានខ្លាំងប៉ុណ្ណា។ រាល់អ្នកដែលអាចធ្វើបាន នឹងក្លាយជាមនុស្សរឹងមាំ ស្វាហាប់។ 

មេរៀនពីចំណុចនេះ គឺជីវិតមិនមែនងាយស្រួលនោះទេ បើអ្នកចង់ខ្លាំងអ្នកត្រូវតែហ្វឹកហាត់  និងប្រឈមជាមួយបញ្ហាពិបាកជាច្រើន ពីព្រោះក្នុងជីវិតគឺសម្បូរដោយរឿងឈឺចាប់ ការបំបាក់ទឹកចិត្ត ភាពអស់សង្ឈឹម  និងមានបញ្ហាគ្រប់ចំណុច។  បើអ្នកបោះបង់ នោះអ្នកនឹងទៅរកភាពធម្មតារបស់អ្នកវិញ ប៉ុន្តែបើអ្នកតស៊ូនោះអ្នកនឹងក្លាយជាកំពូលមនុស្ស។ ជីវិតរបស់អ្នកគឺស្ថិតលើអ្នក បើអ្នកចង់បោះបង់ចោល ឬ អ្នកតស៊ូ ក៏ស្រេចតែលើអ្នកទេ។ គ្មានរណាបង្ខំអ្នកទេ។

៦. ការហ្វឹកហាត់ដ៏គ្រោះថ្នាក់

បន្ទាប់ពីធ្វើការហ្វឹកហាត់ យ៉ាងរឹងមាំទាំងកម្លាំងកាយ​​​ និងកម្លាំងចិត្ត ទាហ៊ានទាំងអស់នឹងត្រូវឆ្លងកាត់ការហ្វឹកហាត់ដ៏គ្រោះថ្នាក់មួយ។ អ្នកអាចគិតថាគឺជាការហ្វឹកហាត់ដ៏ឆ្កួតបំផុតប៉ុន្តែគឺដាច់ខាតត្រូវតែធ្វើ  បើអ្នកចង់ដើរទៅមុខ។  នោះគឺជាការហ្វឹកហាត់ហែលទឹកក្នុងកោះសានដីហ្គូដែលជាតំបន់ដែលសម្បូរដោយត្រីឆ្លាមពណ៌ស។ មុននឹងការហ្វឹកហាត់ចាប់ផ្តើម  គ្រូបង្វឹកនឹងរៀបរាប់ពីសម្រស់ដ៏ស្រស់ស្អាតនៃផ្កាថ្ម  និងប្រភេទសត្វទឹកស្រស់ស្អាតជាច្រើន។ ប៉ុន្តែទន្ទឹមនឹងនោះ អ្នកនឹងប្រឈមមុខជាមួយត្រីឆ្លាម ដែលវានឹងមកហក់ត្របាក់ស៊ីអ្នក។  ប៉ុន្តែគេស្រាវជ្រាវដឹងយ៉ាងច្បាស់ពីរបៀបដែលត្រូវទប់ទល់ជាមួយត្រីឆ្លាមប្រភេទនេះ។  មុននឹងវាវាយប្រហារមកលើអ្នក ត្រីឆ្លាមនេះ នឹងហែលក្រឡឹងអ្នកជាមុន។ ចំពោះការទប់ទល់នឹងត្រីឆ្លាមនេះគឺ អ្នកមិនត្រូវខ្លាចវាជាដាច់ខាត និងប្រមូលផ្តុំស្មារតីសម្លឹងមើលវាឱ្យចំ មិនត្រូវរត់ ហើយប្រមូលកម្លាំងចាំគេចនឹងវាយបកវាឱ្យចំច្រមុះ នោះវា​នឹងរត់ទៅវិញ។(តាមការបញ្ជាក់របស់នាយឧត្តមនាវិក ម៉ាក់រ៉េវីន  បានលើកឡើងថាមកទាល់ពេលនេះ មិនទាន់មានទាហានស្លាប់ម្នាក់ទេ។  អាចពិតខ្លះ មិនពិតខ្លះ)។  មេរៀនដែលអ្នកត្រូវរៀនពីចំណុចនេះគឺ ក្នុងពិភពលោកនេះសម្បូរដោយមនុស្សឆ្លាម  រិះគន់  ជាន់ពន្លិច បំបាក់ទឹកចិត្ត ផ្តល់គំនិតអវិជ្ជមាន និងបុរេវិនិច្ឆ័យ។ អ្នកមិនត្រូវខ្លាចមនុស្សបែបនេះទេ អ្នកត្រូវតែប្រមូលផ្តុំកម្លាំងហើយដើរទៅមុខ ឬវាយបកទៅវិញឱ្យសាកសមបំផុត។

៧. ការហ្វឹកហាត់ចិត្តឲ្យស្ងប់បំផុត ចំពោះបញ្ហាដ៏អាក្រក់បំផុត

ការហ្វឹកហាត់របស់កងកម្លាំងពិសេសខាងជើងទឹក គឺផ្តោតទៅលើការវាយប្រហារទៅលើនាវារបស់សត្រូវក្នុងបាតសមុទ្រ។ ក្នុងការហ្វឹកហាត់ ឌឹ ស៊ីល ត្រូវតែលោតចុះទៅក្នុងទឹក នឹងត្រូវហែលសម្តៅទៅកងនាវារបស់សត្រូវពេលយប់ដែលមានចម្ងាយឆ្ងាយជិត៤គីឡូ ដោយបំពាក់ឧបករណ៍ដកដង្ហើម។ ក្នុងការហែលសម្តៅទៅកាន់នាវាសត្រូវ អ្នកអាចមើលឃើញពន្លឺខ្លះៗ ក៏ប៉ុន្តែនៅពេលដែលចូលទៅដល់នាវា នោះក្នុងការហ្វឹកហាត់ គេត្រូវប្រើឧបករណ៍បិទពន្លឺទាំងអស់។ ដោយហោចទៅសូម្បីតែដៃខ្លួនឯងដែលដាក់នៅក្បែរច្រមុះ ក៏មើលមិនឃើញដែរ។ គោលបំណង គឺត្រូវចូលទៅឱ្យដល់បាតកណ្តាលរបស់នាវា ដែលជាចំណុចជ្រៅជាងគេបង្អស់ ហើយក៏ប្រឈមនឹងគ្រោះថ្នាក់ផងដែរ។ ក្នុងសភាពងងឹងសូន្យឈឹង និងមានគ្រោះថ្នាក់បែបនេះ  ឌឹក ស៊ីល ត្រូវតែប្រមូលផ្តុំស្មារតីឱ្យស្ងប់ស្ងាត់ និងប្រើប្រាស់ជំនាញដែលបានហ្វឹកហាត់ ឆ្ពោះទៅរកចំណុចបាតនៃនាវានោះ។ មេរៀនដែលយើងអាចរៀនបានពីចំណុចនេះ គឺនៅពេលដែលជីវិតជួបបញ្ហាដ៏អាក្រក់បំផុត និងងងឹងបំផុត អ្នកត្រូវតែប្រមូលអារម្មណ៍ឱ្យស្ងប់ ទើបអាចស្វែងរកពន្លឺជាថ្មីវិញបាន។ អ្នកត្រូវចាំថា បញ្ហារឹតតែពិបាក រឹតតែពុះកញ្ច្រោល អ្នកត្រូវតែហ្វឹកហាត់រៀនធ្វើចិត្តឱ្យស្ងប់។

៨. មួយសប្តាហ៍ក្នុងឋាននរក

មានការហ្វឹកហាត់មួយទៀតដែលគេហៅថា “មួយសប្តាហ៍ក្នុងឋាននរក”។ នោះគឺជាការហ្វឹកហាត់ដោយគ្មានសម្រាកទាល់តែសោះទាំងយប់ ទាំងថ្ងៃ រយៈពេល៦ថ្ងៃ (ប្រហែលជាសម្រាកគេងតិចតួចបំផុត)។ ថ្ងៃចុងក្រោយនៃសប្តាហ៍នរកនេះ ឌឹ ស៊ីល ត្រូវប្រឹងតស៊ូក្នុងភក់ដ៏ត្រជាក់បំផុតដែលមានជម្រៅជ្រៅ លិចនៅតែត្រឹមក្បាល និងច្រមុះមាត់សម្រាប់ដកដង្ហើម។ នេះគឺជាការហ្វឹកហាត់រហូតដល់១៥ម៉ោង ក្នុងពេលយប់ដ៏ត្រជាក់បំផុត។ ក្នុងការហ្វឹកហាត់នេះ បើមានទាហ៊ានត្រឹមតែ៥នាក់ស្ម័គ្រចិត្តចុះចាញ់ នោះទាហ៊ានទាំងអស់ក៏នឹងត្រូវបញ្ឈប់ការហ្វឹកហាត់ពីវិញ្ញាសារដ៏លំបាកមួយនេះ។ ប៉ុន្តែគ្មាននរណាម្នាក់ដែលសុខចិត្តចុះចាញ់នោះទេ។ ផ្ទុញទៅវិញ ក្នុងស្ថានភាពដ៏ត្រជាក់បែបនេះ ពួកគេត្រូវនាំគ្នាច្រៀង ទាំងត្រជាក់ស្ទើរឹងថ្គាម ទាំងសម្លេងញ័រៗ ស្រែកដើម្បីផ្តល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមក។ នោះពីព្រោះតែពួកគេដឹងថា នៅ ពេលព្រះអាទិត្យរះឡើងនោះ ពួកគេនឹងក្លាយជាអ្នកចម្បាំងដ៏អស្ចារ្យ ជាមនុស្សដ៏មានតម្លៃបំផុតសម្រាប់បំរើជាតិ។ មេរៀនដែលយើងអាចរៀនបានពីចំណុចទាំងនេះ គឺក្រោយពេលភ្លៀងធំរួចហើយ មេឃនឹងស្រឡះល្អ។  ត្រូវតែមានក្តីសង្ឃឹម និងមើលឃើញភាពរុងរឿងនៅខាងមុខ។

អ្នកអាចយល់ថា ជីវិតមានបញ្ហា មានរឿងរ៉ាវច្រើន ប៉ុន្តែតើជីវិតដែលល្អប្រសើរណាមួយដែលថាមិនធ្លាប់ជួបបញ្ហាដ៏ជូរចត់បំផុត។ ចង់ឱ្យជីវិតរបស់អ្នករឹតតែមានតម្លៃ អ្នកត្រូវហ៊ានប្រឈមនឹងវិបត្តិ។ វិបត្តិទាំងអស់មិនសម្លាប់អ្នកទេ ប៉ុន្តែជាមេរៀនបង្រៀនឱ្យអ្នករឹងមាំជាងមុន និងឆ្លាតជាងមុន។ អ្នកមិនត្រូវមើលឃើញតែបញ្ហានោះទេ ប៉ុន្តែស្រូវសម្លឹងមើលអ្វីដែលអ្នកចង់បាន។ ក្រុមកងទ័ពពិសេស និងខ្លាំងជាងគេបំផុតក្នុងពិភពលោក គឺជាកងទ័ពដែលហ្វឹកហាត់ និងឆ្លងកាត់បញ្ហាដ៏ច្រើនបំផុត។


អត្ថបទទាក់ទង

តើគួរតែមានវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗ​នៅក្នុងក្រុមហ៊ុនដែរឬទេ?

 

Leave a Reply