តើអ្នកដឹងទេ! ថាដំណើរការនៃការចងចាំរបស់មនុស្សប្រព្រឹត្តទៅយ៉ាងដូចម្តេច?

ការចងចាំពិតជាមានសារៈសំខាន់ណាស់នៅក្នុងជីវិតរបស់មនុស្ស បើគ្មានការចងចាំទេនោះយើងមិន អាចសិក្សារៀនសូត្រ គ្មានការរីកចម្រើន ហើយសូម្បីតែសាច់ញ្ញាតិរបស់យើងក៏មិនចាំដែរ។ ជាទូទៅ ការចងចាំរបស់មនុស្សត្រូវបានគេបែងចែកជាបីប្រភេទ គឺលំនឹករបស់សរីរាង្គឥន្រ្ទីយ៍ (Sensory Register) ការចងចាំរយៈពេលខ្លី (Short-Term Memory) និង ការចងចាំរយៈពេលវែង (Long-Term Memory)។ តែនៅក្នុងអត្តបទមួយនេះ និយាយតែលំនឹករបស់សរីរាង្គឥន្រ្ទីយ៍តែប៉ុណ្ណោះ។

លំនឹករបស់សរីរាង្គឥន្រ្ទីយ៍ គឺជាប្រព័ន្ធនៃការចងចាំមួយដែលត្រូវបានរចនាឡើងដើម្បីផ្ទុកពត៌មាន ដែលទទួលពីសរីរាង្គឥន្រ្ទីយ៍។ វាមាននាទីរក្សាទុកនូវពត៌មានរបស់សរីរាង្គ រហូតដល់មានការបកស្រាយពីដំណើរការផ្សេងៗទៀតដែលបន្ថែម និងបកស្រាយពត៌មាននោះ។

លំនឹករបស់សរីរាង្គឥន្ទ្រីយ៍មានចរិកលក្ខណៈបីប្រភេទគឺ៖

១. វាផ្ទុកពត៌មានក្នុងទម្រង់ដើម ដែលមិនទាន់បានបកស្រាយ ហើយត្រឹមត្រូវនូវអ្វីដែលបានកើតឡើង ទៅលើសរីរាង្គឥន្ទ្រីយ៍

២. វាមានទំហំធំ ដែលអាចផ្ទុកពត៌មានបានច្រើន

៣. ពត៌មានទាំងអស់ដែលបានផ្ទុកក្នុងលំនឹករបស់សរីរាង្គឥន្ទ្រីយ៍នោះ មានរយៈពេលដ៏ខ្លីបំផុតគឺ ប្រហែល ១ភាគ៤ វិនាទី (1/4 វិនាទី)។ តែប្រព័ន្ធនៃការចងចាំនេះមានលក្ខណៈបន្តបន្ទាប់គ្នារហូត ព្រោះវាមានទំហំធំ អាចផ្ទុកពត៌មានបានជាច្រើន តែវាត្រូវតែបញ្ចូនទៅកាន់ប្រព័ន្ធលំនឹកផ្សេងៗទៀត ដើម្បីបកស្រាយ ដូចនេះទើបវាអាចអនុញ្ញាតឲ្យពត៌មានថ្មីចូលបាន។

នៅក្នុងឆ្នាំ ១៩៦០ លោក Sperling បានធ្វើការពិសោធន៍ទៅលើទំហំ និងរយៈពេលរបស់លំនឹករបស់សរីរាង្គឥន្ទ្រីយ៍នេះ។ លោក Sperling ជាចិត្តវិទូសញ្ជាតិអាមេរិក។ គាត់បានធ្វើការពិសោធន៍ទៅលើលំនឹងនៃសរីរាង្គចក្ខុវិញ្ញាណ។ គាត់មានផ្ទាំងក្រដាសពីរសន្លឹក ក្រដាសមួយផ្ទាំងមានតួអក្សរ ៩តួ និងក្រដាសមួយផ្ទាំងទៀតមាន១២តួ។ ដូចរូបខាងក្រោម៖

 

គាត់បានលើកផ្ទាំងអក្សរ១២តួ ឲ្យកម្មវត្ថុសិក្សាមើល ក្នុងរយៈពេលខ្លីមួយ (ប្រហែល ៤-៥ វិនាទី)។ បន្ទាប់មកគាត់ដាក់ចុះ ហើយគាត់ឲ្យកម្មវត្ថុសិក្សានិយាយឡើងវិញនូវតួអក្សរដែលគាត់បានឃើញ។ គាត់បានឃើញលទ្ធផលថា កម្មវត្ថុសិក្សាអាចនិយាយបានតែ ៤តួ (ជាមធ្យម)​ តែប៉ុណ្ណោះ។ មានន័យថាលំនឹករបស់សរីរាង្គឥន្ទ្រីយ៍របស់គាត់បានថតរូបបានទាំងអស់ តែគាត់បែរនិយាយឡើងវិញមិនបាន។ ដោយសារតែលំនឹករបស់សរីរាង្គឥន្ទ្រីយ៍មានរយៈពេលខ្លីបំផុត។

អ្វីដែលគាត់ធ្វើខាងលើនេះ គេឲ្យឈ្មោះថា និយាយឡើងវិញទាំងអស់ (Whole Report)។ មានន័យថា គាត់ លើកផ្ទាំងអក្សរហើយ ក៏ឲ្យកម្មវត្ថុសិក្សារបស់គាត់និយាយឡើងវិញទាំងអស់។ គាត់ក៏បានធ្វើការ ពិសោធន៍មួយទៀត ដែលស្រដៀងគ្នានឹងនេះដែរ។ នៅពេលដែលគាត់លើកផ្ទាំងអក្សរឡើង ហើយធ្វើ សញ្ញាថា បើគាត់គោះលឺសូរខ្លាំង ឲ្យនិយាយជួរទីមួយ បើគាត់គោះលឺសូរមធ្យម ឲ្យនិយាយជួរទីពីរ និង បើគាត់គោះលឺសូរតិច ឲ្យនិយាយជួរទីបី។ នេះហៅថា និយាយឡើងវិញដោយផ្នែក (Partial Report)។ គាត់ក៏បានឃើញលទ្ធផលមួយថា ការធ្វើការនិយាយឡើងវិញដោយផ្នែកនេះ ទៅលើផ្ទាំង អក្សរ៩តួ ឃើញថាកម្មវត្ថុសិក្សាឆ្លើយបាន១០០ភាគរយ តែចំពោះផ្ទាំងអក្សរមាន១២តួវិញ ឆ្លើយបាន តែ៧៥ភាគរយតែប៉ុណ្ណោះ។

ប្រភពឯកសារ៖ R. Hunt & C. Ellis (6th, 1999). Fundamental of Cognitive Psychology. New York: The McGraw-Hill Companies.


អត្ថបទទាក់ទង

ក្បួនបង្រៀន ៤យ៉ាង របស់សូក្រាត ដើម្បីទទួលបានចំណេះដឹង

 

Leave a Reply