សម្រាប់ក្នុងក្នុងព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធ ទ្រង់បានបែងចែកកម្រិតបញ្ញារបស់មនុស្សជា ៤ ប្រភេទ ដោយប្រៀបធៀបទៅនឹងស្ថានភាពនៃផ្កាឈូកក្នុងស្រះ៖
១. ផ្កាឈូកផុតទឹក ៖ ឧគ្ឃដិតញ្ញូ (អ៊ុក-ឃៈដិ-តាញ់-ញូ)
- ជាផ្កាឈូកដែលងើបឡើងផុតផុតទឹក រង់ចាំតែពន្លឺព្រះអាទិត្យជះមកនឹងរីកស្គុះស្គាយភ្លាមៗ។
- សំដៅលើបុគ្គលដែលមានបញ្ញាឆ្លាតវៃបំផុត គ្រាន់តែបានស្ដាប់ធម៌ ឬការណែនាំត្រឹមតែសង្ខេបខ្លីៗ ក៏អាចយល់ដឹងជ្រៅជ្រះ និងសម្រេចផលបានភ្លាមៗ។
- បុគ្គលដែលយល់ច្បាស់នូវធម៌ភ្លាមៗ ក្រោយពេលដែលគ្រាន់តែបានស្តាប់ពាក្យប្រៀនប្រដៅត្រឹមតែមួយគាថាយ៉ាងខ្លី។ ប្រៀបប្រដូចទៅនឹង ផ្កាឈូកដែលបានដុះខ្ពស់ផុតពីផ្ទៃទឹករងចាំទទួលពន្លឺថ្ងៃនឹងអាលរីករះឡើង។
២. ផ្កាឈូកស្មើទឹក ៖ វិបចិតញ្ញូ (វិ ប៉ៈ-ចិ-តាញ់-ញូ)
- ជាផ្កាឈូកដែលនៅកម្រិតស្មើផ្ទៃទឹក ដែលនឹងរីកនៅថ្ងៃស្អែក។
- សំដៅលើបុគ្គលដែលមានបញ្ញាមធ្យម បើគ្រាន់តែនិយាយសង្ខេបប្រហែលជាមិនទាន់យល់ទេ តែបើពន្យល់បកស្រាយឱ្យក្បោះក្បាយថែមបន្តិច គេនឹងអាចយល់បានយ៉ាងច្បាស់លាស់។
- បុគ្គលដែលបានស្តាប់ត្រឹមមួយគាថាខ្លីហើយត្រូវការ ពន្យល់អធិប្បាយបន្ថែម តទៅទៀតទើបអាចយល់ច្បាស់នូវធម៌បាន។ ប្រៀបប្រដូចទៅនឹងផ្កាឈូកដែលដុះផុសចេញមកប៉ប្រះនឹងផ្ទៃទឹក នឹងអាចរីកបាននៅក្នុងថ្ងៃបន្ទាប់។
អត្ថបទទាក់ទង៖ ជំនាញទន់ចំនួន ៥ ដែលអ្នកត្រូវការជាចាំបាច់បំផុតក្នុងវិស័យការងាររបស់អ្នក
៣. ផ្កាឈូកក្រោមទឹក ៖ នេយ្យ (នេយ្យ:)
- ជាផ្កាឈូកដែលនៅក្រោមទឹក កំពុងដុះលូតលាស់បន្តិចម្ដងៗ ហើយនឹងរីកនៅថ្ងៃបន្ទាប់ៗទៀត។
- សំដៅលើបុគ្គលដែលត្រូវប្រើការព្យាយាម។ ត្រូវរៀនសូត្រផង អនុវត្តផង ស្ដាប់ផង និងមានអ្នកណែនាំញឹកញាប់ ទើបអាចយល់ និងសម្រេចលទ្ធផលបាន។ បុគ្គលប្រភេទនេះ ត្រូវការពេលវេលា និងការអត់ធ្មត់។
- បុគ្គលដែលល្មមអាចនៅណែនាំប្រៀនប្រដៅបានដោយការពន្យល់អប់រំជារឿយ ដោយវិធីផ្សេងៗ នឹងអាចយល់ច្បាស់នូវធម៌បាន។ ប្រៀបប្រដូចទៅនឹងផ្កាឈូកដែលដុះមកបានពាក់កណ្តាលទឹក ដែលត្រូវចំណាយពេលយូរតទៅទៀត នឹងអាចផុសឡើងហើយរីកឡើងបាន។
៤. ផ្កាឈូកក្នុងភក់ ៖ បទបរមៈ (ប៉ៈទៈប៉ៈរ៉ៈម៉ៈ)
- ជាផ្កាឈូកដែលនៅក្រាបជាប់នឹងភក់បាតស្រះ ជាចំណីនៃត្រី និងអណ្ដើក គ្មានឱកាសនឹងងើបឡើងរីកឡើយ។
- សំដៅលើបុគ្គលដែលពិបាកនឹងប្រដៅ ឬមិនព្រមទទួលយកការផ្លាស់ប្តូរ (ដូចចំណុចទាំង ៧ ដែលបានរៀបរាប់មុននេះ)។ ទោះបីជាខំប្រឹងពន្យល់យ៉ាងណាក៏ដោយ ក៏ចិត្តគេមិនបើកទទួល ឬគ្មានបញ្ញានឹងយល់ឡើយ។
- បុគ្គលអាប់ឥតប្រាជ្ញា ទោះបីជាត្រូវពន្យល់ណែនាំ អធិប្បាយពង្រាយ សេចក្តីវែងឆ្ងាយប៉ុណ្ណាក៏មិនអាចនឹងយល់បាន។
- បុគ្គលពួកទី៤ នេះច្រើនតែលុះក្នុងអំពើអាក្រក់ផ្សេងៗ មានអបាយមុខទាំងបួន គឺស្រី ស្រា ល្បែងស៊ីសង និង សេពគប់មិត្តអាក្រក់ជាដើម មិនមានចិត្តចង់រៀនចង់ស្តាប់នូវពាក្យប្រៀនប្រដៅឡើយ។ បើគេមានឱកាសបានសិក្សារៀនសូត្រនូវពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ក៏នឹងបានជាឧបនិស្ស័យនៃបញ្ញាទៅក្នុងអនាគតជាតិ ដែលនឹងអាចក្លាយជាបុគ្គលទាំងបីពួកខាងលើណាមួយមិនខាន។
- បុគ្គលទី៤នេះ ប្រៀបប្រដូចទៅនឹងផ្កាឈូកដែលទើបតែដុះពន្លកចេញពីភក់ ដែលត្រូវប្រឈមមុខនឹងអន្តរាយគ្រប់ជំពូក មានក្លាយជាចំណីរបស់ត្រី ឬអណ្តើកជាដើម។

