![B20F5E23-4AB2-4F99-86C3-9C938269AAAC](https://www.thehrdaily.com/wp-content/uploads/2024/12/B20F5E23-4AB2-4F99-86C3-9C938269AAAC.jpeg)
នៅក្រុងពារាណសី មានអ្នកជ្រលក់ម្នាក់ឈ្មោះកប៌ូរបដកៈ ។ អ្នកជ្រលក់នោះអង្គុយនិយាយលេងជាមួយប្រពន្ធក្មេងស្រស់ប្រិមប្រិយកំពុងពេញពាល ដោយក្ដីស្នេហ៍ស្នាលអស់កាលយូរ ហើយដេកប្រកៀកប្រឱបគ្នាលន់លក់ស៊ប់មិនដឹងខ្លួន ។ កាលនោះ មានចោរម្នាក់ចូលមកលបលួចទ្រព្យក្នុងផ្ទះអ្នកជ្រលក់នោះ ។
នៅក្នុងទីលានផ្ទះនោះ គេមានចងលាមួយទុក មានឆ្កែមួយចូលទៅដេកជាមួយលានោះដែរ លាក៏និយាយទៅកាន់ឆ្កែថា៖ ហៃសម្លាញ់! មុខការនេះជាកិច្ចធុរៈឯងហើយ ហេតុអ្វីក៏ឯងមិនព្រុសឲ្យឮខ្លាំងឡើងឲ្យម្ចាស់យើងភ្ញាក់? ឆ្កែឆ្លើយថា៖ នែសម្លាញ់ដ៏ចម្រើន! ឯងមិនត្រូវជួយព្រួយជែងរវល់ដល់កិច្ចការអញទេ ឯងមិនដឹងជាអញនៅរក្សាផ្ទះទាំងយប់ទាំងថ្ងែទេឬអ្វី? សូម្បីអញយកចិត្តទុកដាក់ថែរក្សាផ្ទះដល់ម៉្លោះ ម្ចាស់យើងក៏មិនរវល់ធ្វើដឹងឮ ម្ចាស់យើងមិនភិតភ័យអ្វីសោះ បានក្ដីសុខមកអស់កាលយូរណាស់ហើយ ដល់មកពេលនេះ គ្រាន់តែអើពើនឹកនាឲ្យទានអាហារបន្តិចបន្តួចក៏មិនឲ្យ តែការនេះជាធម្មតាម្ចាស់ បើមិនឃើញមានទុក្ខធុរៈអ្វីទេ មិនវរល់អើពើនឹកនាអ្នកបម្រើឡើយ ។ លាបានស្ដាប់ហើយស្ដីបន្ទោសថា៖ ស្ដាប់មើលវាហ៎ៈ អាពាលចង្រៃនេះ!
នរជនណាមួយ ចាំបាច់គេហៅរកក្នុងកាលប្រកបការងារ នរជននោះ គេហៅថា អ្នកបម្រើ ឬហៅថា សម្លាញ់ ដូចម្ដេចកើត? ។
ឆ្កែឆ្លើយថា៖ បើនរជនណាហៅរកខ្ញុំបម្រើ តែក្នុងពេលដែលត្រូវប្រើធ្វើការងារ តើនរជននោះនឹងឈ្មោះថា ម្ចាស់ ដូចម្ដេចកើត? ។
ការចិញ្ចឹមខ្ញុំបម្រើដែលជ្រកអាស្រ័យនៅជាមួយ ការសេពគប់ម្ចាស់ ការប្រតិបត្តិធម៌ និងការប្រសូតកូន ទាំងអស់នេះឥតមានអ្នកណាលូកដៃទៅធ្វើជំនួសបានទេ ។
លំដាប់នោះ លាក្រោធស្រែកជេរថា៖ នែអាចង្រៃ! អាគំនិតខូច! អាឯងចិត្តអាក្រក់អីម៉្លេះ ក្នុងកាលវិបត្តិ ឯងហ៊ានធ្វើព្រងើយ មិនអើពើដល់ការងារម្ចាស់ មិនថ្វីទេ ចាំមើលដល់ម្ចាស់ក្រោកឡើង ឯងគង់ដឹងខ្លួន អញមុខជាប្រាប់ម្ចាស់ហើយ ព្រោះថា៖
បុគ្គលគួរបូជាព្រះអាទិត្យពីខាងក្រោយខ្នង បូជាភ្លើងពីខាងពោះ បូជាម្ចាស់ដោយកាយនឹងចិត្ត និងប្រតិបត្តិដើម្បីបរលោកដោយមិនមាយា ។
លុះលាពោលដូច្នេះហើយ ក៏តាំងស្រែកដោយសម្រែកដ៏ខ្លាំង ដើម្បីឲ្យម្ចាស់ភ្ញាក់ ។ ខណៈនោះ អ្នកជ្រលក់ភ្ញាក់ស្លន់ស្លោក្រញាងឡើង ដោយសម្រែកខ្លាំងនោះ គ្នាន់ក្នាញ់ណាស់ព្រោះដាច់ដំណេកក្រោកឡើងទីក្រទាចាប់ទាញដំបងសំពងលានោះយ៉ាងអស់ទំហឹង រីលានោះត្រូវដំបងដំណំទ្រមខ្លួនដល់នូវក្ដីស្លាប់ទៅហោង ។
ដកស្រង់ពីសៀវភៅ ស្រីហិតោបទេស
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
![](https://www.thehrdaily.com/wp-content/uploads/2024/10/photo_2024-10-28-14.41.09-1024x709.jpeg)