កាលពីយូរយារណាស់មកហើយ នៅក្នុងភូមិតូចមួយ មានបងប្អូនភ្លោះពីរនាក់ឈ្មោះ វិចិត្រ និង ធារ័ត្ន។
គ្រួសារតែមួយ កុមារភាពដូចគ្នា ប៉ុន្តែនៅពេលពួកគេធំឡើង បុគ្គលិកលក្ខណៈរបស់ពួកគេក៏ខុសគ្នាទាំងស្រុង។
វិចិត្រ តែងតែត្អូញត្អែរថា៖ “ជីវិតពិតជាអយុត្តិធម៌ណាស់។ មនុស្សដទៃទៀត តែងតែមានសំណាងជាងខ្ញុំ”។
ប៉ុន្តែ ធារ័ត្ន តែងតែនិយាយថា៖ “ប្រសិនបើខ្ញុំមិនមានសំណាងថ្ងៃនេះទេ ខ្ញុំនឹងរៀបចំខ្លួនឲ្យបានល្អ ដើម្បីឲ្យខ្ញុំអាចស្វាគមន៍សំណាងល្អនៅថ្ងៃស្អែក”។
ថ្ងៃមួយ ពាក្យចចាមអារ៉ាមមួយបានរីករាលដាលពាសពេញភូមិថា៖ “នៅព្រឹកព្រលឹមស្អែក អ្នកណាដែលឡើងភ្នំ តាគួយ នឹងមានឱកាសចួបលោកតានៃសំណាងល្អ។ អ្នកណាដែលចួបគាត់ ជីវិតរបស់ពួកគេនឹងផ្លាស់ប្តូរ”។
ឮដូច្នេះ វិចិត្រ ញញឹម៖ “ប្រសិនបើគាត់ពិតជាចង់ផ្តល់សំណាងដល់ខ្ញុំ គាត់នឹងមករកខ្ញុំដោយខ្លួនឯង។ ហេតុអ្វីបានជាខ្ញុំត្រូវហត់នឿយឡើងភ្នំនៅពេលព្រឹកព្រលឹម?”
ផ្ទុយទៅវិញ ធារ័ត្ន បានចាប់ផ្តើមរៀបចំដោយស្ងាត់ៗ៖
គាត់បានលាបប្រេងលើស្បែកជើងចាស់របស់គាត់។
គាត់បានដេរប៉ះបិទអាវចាស់របស់គាត់។
គាត់បានវេចខ្ចប់នំប៉័ងស្ងួត និងទឹកមួយចំនួននៅក្នុងដបតូចមួយ។
គាត់ចូលគេងពីព្រលឹម ដើម្បីអាចភ្ញាក់ពីដំណេកមុនថ្ងៃរះ។
រឿងនិទានខ្លី៖ ស្តេចកំពូលល្បិច សុីសុីហ្វឺស
ពេលមេឃនៅតែពោរពេញដោយអ័ព្ទ ធារ័ត្ន ក៏ភ្ញាក់ឡើង។ ផ្លូវឡើងលើភ្នំ មានសភាពរអិល ថ្មមុតស្រួច ខ្យល់ត្រជាក់។ គាត់ជំពប់ដួលច្រើនដង ជង្គង់របស់គាត់រលាត់ ប៉ុន្តែគាត់នៅតែបន្តឡើង។ នៅពាក់កណ្តាលភ្នំ ធារ័ត្ន បានឃើញលោកតាម្នាក់ដែលមានសក់ពណ៌ស ស្លៀកពាក់សាមញ្ញ អង្គុយក្បែរចិញ្ចើមផ្លូវ ដកដង្ហើមហត់ៗ។ នៅក្បែរគាត់ គឺជារទេះឈើដឹកអុស។
លោកតានោះនិយាយយ៉ាងស្រទន់ដោយសំឡេងហត់នឿយថា៖ “ចៅប្រុស តើឯងអាចជួយតារុញរទេះនេះឡើងលើជម្រាលខាងមុខបានទេ? គ្រាន់តែមួយភ្លែតប៉ុណ្ណោះ”។
ធារ័ត្នសម្លឹងមើលផ្លូវខាងលើ ដោយគិតអំពីលោកតានៃសំណាងល្អដែលមនុស្សគ្រប់គ្នានិយាយអំពី។
ប្រសិនបើគាត់ទៅដល់យឺត នោះគាត់អាចនឹងខកខានឱកាសរបស់គាត់។
ប៉ុន្តែបន្ទាប់មកគាត់បានឃើញដៃរបស់លោកតានោះកំពុងញ័រៗ គាត់ក៏ដកដង្ហើមធំ ហើយនិយាយថា៖ “បាទតា ខ្ញុំនឹងជួយលោកតា”។
ជម្រាលខ្លី ប៉ុន្តែវាត្រូវការពេលយូរដើម្បីរុញរទេះឡើង។ ញើសសើមពេញខ្នងរបស់ធារ័ត្ន។
ពេលពួកគេឡើងដល់កំពូលភ្នំភ្លាម លោកតាបានអរគុណគាត់ថា “អរគុណណាស់ចៅប្រុស។ បើគ្មានចៅទេ តាប្រហែលមិនអាចអូសរទេះមកដល់ទីនេះបានទេ”។
ធារ័ត្ន ញញឹម ហើយនិយាយថា៖ “មិនអីទេ លោកតា។ ខ្ញុំត្រូវបន្តទៅមុខទៀតហើយ បើមិនដូច្នោះទេ ខ្ញុំនឹងយឺតការងាររបស់ខ្ញុំហើយ”។
គាត់បាននិយាយលាយ៉ាងលឿន ហើយបន្តឡើងទៅ។
ពេលគាត់ទៅដល់កំពូលភ្នំបំផុត ព្រះអាទិត្យក៏រះខ្ពស់រួចទៅហើយ។
កំពូលភ្នំទទេស្អាត មានតែខ្យល់ និងពពកប៉ុណ្ណោះ។
គ្មានលោកតានៃសំណាងល្អ គ្មានអព្ភូតហេតុ គ្មានកំណប់ទ្រព្យទេ។
ធារ័ត្ន បានអង្គុយចុះ ហើយដកដង្ហើមធំ៖ “ខ្ញុំប្រហែលជាខកពេលហើយ…”
គាត់អង្គុយនៅទីនោះយូរ រួចក៏ក្រោកឈរឡើង ត្រៀមខ្លួនត្រឡប់ទៅវិញ។
ពេលគាត់ងាកមកភ្លាម ធារ័ត្ន បានឃើញ… លោកតាដែលបានចួបមុននេះ។ ប៉ុន្តែលើកនេះ សម្លៀកបំពាក់របស់គាត់មើលទៅស្រស់ស្អាតជាងមុន ហើយភ្នែករបស់គាត់ភ្លឺច្បាស់។
គាត់ញញឹម ហើយមើលទៅធារ័ត្ន៖ “ចៅអើយ ចៅកំពុងរកអ្នកណា?”
“ខ្ញុំ… ខ្ញុំមកទីនេះដើម្បីចួបលោកតានៃសំណាងល្អ។ ប៉ុន្តែខ្ញុំគិតថាខ្ញុំមកដល់យឺតពេកហើយ”។
លោកតាបានផ្ទុះសំណើច ហើយនិយាយថា៖ “បើឯងមកយឺត… នោះគ្មាននរណាម្នាក់មកទាន់ពេលទេ។ ព្រោះខ្ញុំជាលោកតានៃសំណាងល្អដែលឯងកំពុងរកនោះហើយ”។
ភ្នែករបស់ ធារ័ត្ន បើកធំៗ៖ “យ៉ាងម៉េចហ្នឹង? បើដូច្នោះ ហេតុអ្វីបានជាលោកតា… ធ្វើពុតជាលោកតាដែលហត់នឿយម្នាក់អូសរទេះអុសដ៏ធ្ងន់?”
លោកតា បានសម្លឹងមើលទៅក្នុងភ្នែករបស់គាត់យ៉ាងជ្រាលជ្រៅ ហើយនិយាយយឺតៗថា៖
“សំណាងល្អ ច្រើនតែក្លែងខ្លួនជាមនុស្សដែលត្រូវការជំនួយ”។
“សំណាងល្អ ច្រើនតែលាក់ខ្លួននៅក្នុងកិច្ចការដែលគ្មាននរណាម្នាក់ចង់ធ្វើ”។
“សំណាងល្អ ច្រើនតែលាក់ខ្លួននៅក្នុងផ្លូវឡើងភ្នំដ៏ហត់នឿយ ជាកន្លែងដែលមនុស្សបោះបង់ចោលពាក់កណ្តាលផ្លូវ”។
គាត់ផ្អាកមួយសន្ទុះ រួចសួរថា៖
“ប្រសិនបើមុននេះឯងគ្រាន់តែគិតអំពីខ្លួនឯង ហើយទុកតាចោលជាមួយរទេះអុស តើឯងគិតថាតានឹងឈរនៅពីមុខឯងបែបនេះឥឡូវនេះទេ?”
ធារ័ត្ន នៅស្ងៀម។
លោកតា ញញឹមយ៉ាងស្រទន់៖ “មនុស្សច្រើនតែគិតថាសំណាងល្អជាអំណោយដែលធ្លាក់ពីលើមេឃ។ ប៉ុន្តែតាមពិតទៅ សំណាងល្អកើតឡើងចំពោះតែអ្នកដែល៖
មិនខ្លាចផ្លូវដែលមានចម្ងាយឆ្ងាយ។
មិនខ្លាចការលំបាក។
មិនងាកចេញនៅពេលដែលនរណាម្នាក់ត្រូវការជំនួយ។
សំណាងល្អ មិនដែលយឺតពេលទេ។
វាគ្រាន់តែថាយើង… ប្រើផ្លូវកាត់ បោះបង់ចោល ឬងាកក្រោយលឿនពេក”។
បន្ទាប់មក លោកតា បានប្រគល់ថង់តូចមួយទៅឱ្យធារ័ត្ន។ នៅខាងក្នុងមាន… គ្រាប់ពូជមួយក្ដាប់។
ដោយឃើញទឹកមុខខកចិត្តរបស់ធារ័ត្ន គាត់សើចចំអកថា៖
“នេះជាអំណោយតែមួយគត់ដែលសំណាងល្អអាចផ្តល់ឱ្យ៖ គ្រាប់ពូជនៃឱកាស។ ថាតើវាក្លាយជាដើមឈើ ថាតើវាបង្កើតផលឬអត់…
វាអាស្រ័យលើដៃរបស់ឯងផ្ទាល់ និងការតស៊ូរបស់ឯង មិនមែនលើតាទេ”។
ពេល ធារ័ត្ន ត្រឡប់មកភូមិវិញ មនុស្សគ្រប់គ្នាបានប្រមូលផ្តុំគ្នាសួរថា៖ “តើឯងបានចួបបុរសចំណាស់នៃសំណាងល្អទេ?” “តើគាត់បានឱ្យអ្វីដល់ឯង? មាសមែន? ប្រាក់មែន? គ្រឿងអលង្ការមែន?”
ធារ័ត្ន គ្រាន់តែញញឹម ហើយបើកដៃរបស់គាត់។
នៅក្នុងបាតដៃរបស់គាត់ មានគ្រាប់ពូជមួយក្ដាប់។
វិចិត្រ បានឃើញវា ហើយសើចចំអកថា៖ “ឯងបានឡើងភ្នំទាំងមូល ហើយអ្វីដែលឯងយកមកវិញគឺគ្រាប់ពូជមួយថង់ហ្នឹងទេ? អីក៏ស៊យម៉្លេះ”។
យ៉ាងណា ធារ័ត្ន មិនបានប្រកែកទេ។
គាត់បានរកឃើញដីល្អមួយកន្លែងនៅក្រោយផ្ទះ រួចដាំគ្រាប់ពូជ ហើយស្រោចទឹកវាជារៀងរាល់ថ្ងៃ។
នៅក្រោមកំដៅព្រះអាទិត្យ គាត់នៅតែស្រោចទឹក។
ក្នុងក្រោមភ្លៀងធ្លាក់ គាត់នៅតែចេញទៅពិនិត្យមើលវា។
មួយខែៗកន្លងទៅ ដើមឈើទាំងនោះដុះខ្ពស់ជាងមុន មែករបស់វាលាតសន្ធឹងធំទូលាយ ហើយថ្ងៃមួយវាពោរពេញទៅដោយផ្លែឈើ។
ផ្លែឈើទាំងនោះ មានរសជាតិផ្អែម និងក្រអូប ហើយមិនយូរប៉ុន្មាន ឈ្មួញបានប្រមូលផ្តុំគ្នាទិញលក់។
ធារ័ត្ន ដែលធ្លាប់ជាយុវជនក្រីក្រ បានក្លាយជាអ្នកមាន ហើយអាចជួយមនុស្សជាច្រើនទៀត។
មនុស្សមានការភ្ញាក់ផ្អើលជាខ្លាំង ហើយនិយាយថា៖ “ធារ័ត្ន មានសំណាងល្អណាស់”។
ធារ័ត្ន បានសម្លឹងមើលដើមឈើធំនៅមុខផ្ទះរបស់គាត់ ហើយញញឹមយ៉ាងស្រទន់ថា៖ “សំណាង… គ្រាន់តែជាឈ្មោះដែលមនុស្សដាក់ឈ្មោះឱ្យការតស៊ូ សេចក្តីសប្បុរស និងរឿងលំបាកៗដែលយើងជ្រើសរើសមិនគេចចេញប៉ុណ្ណោះ”។
មេរៀននៃរឿង
សំណាងល្អ មិនមែន៖
- ការទទួលបានអ្វីមួយដោយឥតគិតថ្លៃ។
- ការអង្គុយស្ងៀម ហើយរង់ចាំឱកាសមកគោះទ្វាររបស់អ្នកទេ។
សំណាងល្អ ច្រើនតែលេចឡើងក្នុងទម្រង់ជា៖
- ភ្នំខ្ពស់ដ៏ចោត និងហត់នឿយ។
- មនុស្សដែលត្រូវការជំនួយ។
- កិច្ចការដែលមនុស្សគ្រប់គ្នាចៀសគេចចេញ។
- គ្រាប់ពូជមួយក្ដាប់ដែលហាក់ដូចជា… ស្ទើរតែគ្មានតម្លៃ។
អាថ៌កំបាំងនៃសំណាងល្អ គឺ៖ “នៅពេលដែលអ្នកមានឆន្ទៈធ្វើអ្វីដែលអ្នកដទៃគេចចេញ នោះអ្នកនឹងទទួលបានអ្វីដែលអ្នកដទៃមិនដែលមាន”។
ប្រសិនបើអ្នកកំពុង “តស៊ូ” នៅពេលនេះ
ប្រសិនបើអ្នក “ឡើងភ្នំពាក់បានកណ្តាលផ្លូវ”
ប្រសិនបើអ្នកកំពុងរុញ “រទេះអុស” នៅក្នុងជីវិតរបស់អ្នក…
អ្នកណាដឹង?
លោកតានៃសំណាងល្អ អាចនៅជិតអ្នកជាងអ្នកគិតផងក៏មិនដឹង។
