Reminder ជាលេខារបស់អ្នកគ្រប់គ្រងគ្រប់ប្រភេទ

មិនថាអ្នកប្រើប្រាស់ទូរស័ព្ទម៉ាកអ្វី ឬប្រើឡេបថបប្រភេទណាទេ អ្នកតែងតែមានកម្មវិធី Reminder ជាប់ក្នុងនោះជានិច្ច។ បើអ្នកមិនចេះប្រើ Reminder អ្នកនឹងត្រូវពឹងលើខួរក្បាលរបស់អ្នកទាំងស្រុង ដើម្បីចងចាំគ្រប់រឿងរ៉ាវ។

បើមិនទាន់មាន Reminder ទេ អាចដោនឡូកម្មវិធី Reminder របស់ Todoist បាន​។

តើអ្នកគ្រប់គ្រងត្រូវប្រើ Reminder ដើម្បីរំលឹកខ្លួនឯងពីអ្វីខ្លះ?

មិនមែនតែរឿងការងារមួយមុខនោះទេ ដែលអ្នកត្រូវរំលឹកខ្លួនឯង។

ទី១ គឺម៉ោងសម្រាក

អ្នកគ្រប់គ្រង តែងតែរវល់ជាមួយកិច្ចការប្រចាំថ្ងៃ ហើយជាទូទៅ ពួកគាត់អង្គុយជាប់នឹងតុធ្វើការរាប់ម៉ោង។ អ្នកគ្រប់គ្រងនៅក្រុមហ៊ុនរបស់ខ្ញុំ ងើបដើរចេញតុរបស់គាត់ តែពេលទៅបន្ទប់ទឹកប៉ុណ្ណោះ។ ការអង្គុយយូរ អាចប៉ះពាល់ដល់សុខភាពរបស់អ្នក។

វេបសាយ CNN បានចេញផ្សាយអត្ថបទមួយទាក់ទងនឹងរឿងអង្គុយធ្វើការយូរ ហើយគេបានណែនាំឲ្យអ្នកធ្វើការទាំងអស់ក្រោកដើរ ឬពត់ខ្លួន ក្នុងរយៈពេល ៣០នាទីម្តង។ អត្ថបទនោះ ក៏បានបញ្ជាក់ច្បាស់ដែរថា ពេលវេលាដែលអ្នកអង្គុយចុះកាន់យូរ អាយុរបស់អ្នកក៏កាន់តែខើចដែរ

អ្នកត្រូវដាក់ Reminder ក្នុងរយៈពេល ៣០នាទីដើម្បីងើបដើរចុះឡើង មុននឹងបន្តការងាររបស់អ្នក។ ការគិតពីសុខភាព ជារឿងចាំបាច់របស់អ្នកគ្រប់គ្រង។

ទី២ គឺគ្រួសារ

តើថ្ងៃណាខ្លះ ដែលជាថ្ងៃពិសេសក្នុងគ្រួសាររបស់អ្នក។ អ្នកអាចនឹងគិតថា ការងាររបស់អ្នកមានសារៈសំខាន់ ប៉ុន្តែសូមកុំភ្លេចពីមូលហេតុដែលអ្នកប្រឹងប្រែងធ្វើការ។ អ្នកធ្វើដើម្បីគ្រួសារ។

លោកស្រី បណ្ឌិត Alice Boyes Ph.D. បានលើកពីកំហុសមួយរបស់អ្នកធ្វើការដែលរវល់ច្រើន។ ពួកគាត់ ប្រើប្រាស់ហេតុផលថា អ្វីដែលគាត់កំពុងតែធ្វើនេះ គឺដើម្បីគ្រួសាររបស់គាត់។ ការនិយាយបែបនេះ បញ្ជាក់ថា អ្នកកំពុងតែធ្វើពុតជាមើលមិនឃើញ ពីតម្រូវការបច្ចុប្បន្នរបស់គ្រួសារអ្នក។

ដំណោះស្រាយ គឺអ្នកត្រូវដាក់ Reminder ឲ្យបានច្បាស់លាស់ថាពេលណាដែលអ្នកអាចតេរទៅលេងគ្រួសាររបស់អ្នក ឬថ្ងៃណាដែលគួរចំណាយពេលជាមួយគ្រួសារ។ លោកស្រី Alice ក៏បានផ្តល់ជាយោបល់ឲ្យអ្នក គិតថា ការចំណាយពេលជាមួយគ្រួសារ ក៏ជាការវិនិយោគមួយបែបដែរ ដូចគ្នានឹងការចំណាយពេលជាមួយការងារ។

ទី៣ គឺរឿងសប្បាយរីករាយ

បើអ្នកធ្វើការងារ ដោយគ្មានរឿងសប្បាយសោះ អ្នកនឹងមានអារម្មណ៍ថា ការងាររបស់អ្នកប្រៀបដូចជាគុកមួយដែលធ្វើឲ្យអ្នកបាត់បង់សេរីភាព។ អ្នកគ្រប់គ្រង ត្រូវចេះបង្កើតភាពរីករាយក្នុងស្ថាប័ន ឬក្នុងក្រុមការងាររបស់ខ្លួន ដើម្បីបង្កើតទាំងទំនាក់ទំនង និង​ប្រសិទ្ធភាពការងារ។

រឿងសប្បាយមិនចាំបាច់ ទាល់តែចំណាយលុយច្រើន ឬចំណាយពេលវេលារាប់ម៉ោងនោះទេ។ អ្នកអាចនិយាយរឿងកំប្លែង ឬលេងហ្គេមធម្មតាមួយដើម្បីឈ្នះរង្វាន់ពីអ្នក ដើម្បីឲ្យបុគ្គលិកបានលំហែខួរក្បាលខ្លះ។

អ្នកត្រូវរៀបចំផែនការជាមុន និងកំណត់ពេលឲ្យច្បាស់លាស់។ បើសិនជាចុងម៉ោង អ្នកចង់ទៅនិយាយលេងជាមួយក្រុមការងាររបស់អ្នក ឬចែករំលែកវីដេអូកំប្លែងណាមួយដែលអ្នកឃើញលើអ៊ីនធឺណេត អ្នកគួរតែដាក់ Reminder។ អ្នកនឹងភ្លេច បើគ្មានអ្វីមួយមករំលឹកអ្នក ព្រោះការងារអ្នកនឹងលេបយកពេលវេលារបស់អ្នកទាំងអស់មិនខាន។

អ្នកគ្រប់គ្រង​ ត្រូវប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍។ ពេលវេលាដែលអ្នកបែងចែករួច ត្រូវតែឲ្យផលមកអ្នកវិញ ប៉ុន្តែភាគច្រើន គឺអ្នកភ្លេចពីអ្វីដែលខ្លួនចង់ធ្វើ។ ខ្ញុំឲ្យជាយោបល់ពី Reminder ព្រោះខ្ញុំដឹងថា វាមានប្រសិទ្ធភាពប៉ុណ្ណាក្នុងការងារ។ Reminder ជាលេខារបស់អ្នកគ្រប់គ្រងគ្រប់ប្រភេទ

Leave a Reply