តើជោគជ័យរបស់ ថូម៉ាស់ អេឌីសុន ប្រព្រឹត្តិទៅយ៉ាងដូចម្តេច?

នៅ​ឆ្នាំ១៨៥៩ ថូម៉ាស់ អេឌីសុន​ ដែល​ទើប​នឹង​មាន​អាយុ​ ១២ឆ្នាំ បាន​សុំ​ឪពុកម្តាយ​ចេញ​ទៅ​រកស៊ីដោយខ្លួនឯង គឺ​ទៅធ្វើ​ជា​អ្នក​លក់​កាសែត​នៅ​តាម​រថភ្លើង ដំបូង អេឌីសុន ​ទិញ​កាសែត​ពី​គេ​មក​លក់ ហើយ​ក្រោយ​មក​ បែក​គំនិត​ទៅ​បង្កើត​ជា​កាសែត​មួយ​ដោយ​ខ្លួនឯង។ របររកស៊ី​លក់​កាសែត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ហើយ​វា​គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​មួយ នៅ​ក្នុង​ជីវិត​​របស់​អេឌីសុន

នៅ​ក្នុង​អំឡុង​ពេល​ធ្វើការ​ជា​អ្នក​លក់​កាសែត​នៅ​តាមរថភ្លើង អេឌីសុន ​បាន​ចាប់ផ្តើម​ស្គាល់​អំពី​មធ្យោបាយ​ទាក់ទង​ដ៏​ថ្មីទំនើប​មួយ​នា​សម័យកាល​នោះ គឺ​ទូរលេខ ឬ​តេឡេក្រាហ្វ។ នៅពេលនោះ ទូរលេខ ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​មធ្យោបាយ​ទាក់ទងគ្នា ពី​​ស្ថានីយ៍រថភ្លើង ទៅ​ស្ថានីយ៍​រថភ្លើងមួយ​ ហើយ​ក៏​ត្រូវ​គេ​ប្រើ​យ៉ាងទូលំទូលាយ​ផងដែរ នៅ​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​សម្រាប់​កាសែត​ ជាពិសេស​ព័ត៌មាន​​បន្ទាន់ៗ​​នៅ​ក្នុង​អំឡុង​សង្រ្គាម​ស៊ីវិល។

ពីដំបូងឡើយ អេឌីសុន ​ឧស្សាហ៍​ប្រើ​ប្រាស់​​ទូរលេខ​នេះ នៅ​ក្នុង​របរ​លក់​កាសែត​តាម​រថភ្លើង ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មានក្រោយ​មក អេឌីសុន ​ចាប់ផ្តើម​រៀន​អំពី​របៀបបញ្ជូន​និង​ទទួល​សារ​តាម​ទូរលេខ​នេះ​ដោយ​ខ្លួនឯង រហូត​បាន​ចេះ​ស្ទាត់​ជំនាញ ហើយ​នៅ​ឆ្នាំ​១៨៦៦ អេឌីសុន ​​បាន​​ប្តូរ​អាជីព​ទៅ​ធ្វើ​ជា​ប្រតិបត្តិករ​ទូរលេខ​​​ឲ្យ​ក្រុមហ៊ុន​ Western Union ដោយ​ទទួលបន្ទុក​ជា​អ្នក​បញ្ជូន​និង​ទទួល​សារ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press

នៅ​ពេលនោះ អេឌីសុន ​ធ្វើការ​ពេលយប់ ចំណែក​ពេលថ្ងៃ​ទំនេរ​ពី​ការងារ អេឌីសុន​ ចំណាយពេល​ទៅលើ​ការ​អាន និង​ការ​ធ្វើ​ពិសោធន៍​ ដែល​ជា​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​តាំង​ពី​ក្មេង។ ក៏ប៉ុន្តែ ការធ្វើ​ពិសោធន៍​នេះហើយ ដែល​ធ្វើ​ឲ្យ ​អេឌីសុន ​ត្រូវ​បាត់បង់​ការងារ។ នៅថ្ងៃ​មួយ អេឌីសុន ​បាន​យក​កន្លែង​ធ្វើការ​ទៅ​ធ្វើ​ពិសោធន៍ ហើយ​នៅ​ក្នុងការ​ពិសោធន៍​នេះ អេឌីសុន ​បាន​ធ្វើ​ឲ្យ​កំពប់អាស៊ីដ​ពេញ​ការិយាល័យ រហូត​ជ្រាប និង​ស្រក់​ទៅ​លើ​តុធ្វើការ​របស់​ចៅហ្វាយ ដែល​នៅ​ខាង​ក្រោម។ អេឌីសុន​ក៏​ត្រូវ​បាន​គេ​បញ្ឈប់​ពីការងារ​ភ្លាមៗ នៅថ្ងៃ​បន្ទាប់។

ទោះជាយ៉ាងណា នៅ​ពេលនោះ អេឌីសុន ​មាន​ការ​យល់ដឹង​យ៉ាងច្រើន​រួចទៅហើយ អំពី​ដំណើរការ​នៃ​ម៉ាស៊ីន​ទូរលេខ ដែល​អាច​ឲ្យ​លោក​បង្កើត​បាន​នូវ​គំនិត​ថ្មីៗ​ជាច្រើន ក្នុងការ​កែលម្អ​របៀប​ផ្ញើ និង​ទទួល​សារ​តាម​ទូរលេខ។

កាលពីមុន សារដែល​ផ្ញើ​តាម​ទូរលេខ​ ត្រូវ​បញ្ជូន​និង​ទទួល​​តាមរយៈ​សញ្ញា​អេឡិចត្រូម៉ាញេទិក ដែល​បង្កើត​ជា​ ចំណុច និងឆ្នូត (dots and dashes/points et traits) រួចហើយ​​ប្រតិបត្តិករ​ទូរលេខ​ត្រូវ​ធ្វើការ​បកប្រែ​ដោយដៃ​ពី​ចំណុចនិង​ឆ្នូតនេះ​ឲ្យ​ចេញ​ទៅ​ជា​សារជា​អក្សរ។ អេឌីសុន ​បាន​បង្កើត​នូវ​ម៉ាស៊ីន​ថ្មីមួយ ដែល​អាច​ធ្វើការ​បកប្រែសារ ពី​ចំណុច និង​ឆ្នូត ឲ្យ​ចេញ​ទៅ​ជា​សារ​ជា​អក្សរ​ដោយ​ស្វ័យប្រវត្តិ។

កាល​ពីមុន នៅលើ​ខ្សែទូរលេខ​មួយ​ គេ​អាច​ផ្ញើ​សារ​បានតែមួយ​ក្នុង​ពេលតែមួយ អេឌីសុន ​បាន​រក​ឃើញ​វិធី ដែល​អាច​ឲ្យ​គេ​ផ្ញើ​សារ​បាន​ពីរ​ក្នុងពេល​តែមួយ (Duplex telegraph) ហើយ​ក្រោយ​មក អាច​ផ្ញើ​សារ​​បាន​រហូត​ដល់​ទៅ​​បួន​ក្នុងពេល​តែមួយ (Quadruplex telegraph)

ការរកឃើញ​អស់ទាំងនេះ​បាន​ជួយ​ឲ្យ​ អេឌីសុន​ មាន​ទាំង​កេរ្តិ៍ឈ្មោះ និង​មាន​ទាំង​លុយកាក់​ ដែល​អាច​ឲ្យ​លោក​​បង្កើត​ជា​ក្រុមហ៊ុន និង​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខាង​បច្ចេកវិទ្យា​​​ដ៏ធំមួយ នៅ​ទីក្រុង​ញូជើស៊ី (New Jersey) ដែល​គេ​ច្រើន​ហៅ​ជា​ទូទៅ​​ថា “មិនឡូផាក” (Menlo Park) ហើយ​ដែល​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​​​ជា​មន្ទីរពិសោធន៍​​ដ៏​ធំ និង​លើកដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្រ្ត ដែល​ផ្តោត​លើ​ការ​ស្រាវជ្រាវ​ខាងផ្នែក​បច្ចេកវិទ្យា ក្នុងគោលដៅ​ពាណិជ្ជកម្ម។

នៅ​ក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ “មិនឡូផាក” នេះហើយ ដែល​ អេឌីសុន ដោយ​មាន​ជំនួយ​ពី​ជំនួយការ​និង​បុគ្គលិក​ជាច្រើន​នាក់ បាន​រកឃើញ​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំងបំផុត​លើ​ដំណើរវិវឌ្ឍ​នៃ​ថាមពលអគ្គិសនី ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ទូទៅ។

 

ពាក្យរបស់ម្ដាយ លោកថូម៉ាស់ អេឌីសាន់ ដែលបានផ្លាស់ប្តូរពិភពលោក

One thought on “តើជោគជ័យរបស់ ថូម៉ាស់ អេឌីសុន ប្រព្រឹត្តិទៅយ៉ាងដូចម្តេច?

Leave a Reply

Your email address will not be published. Required fields are marked *