តើអ្នកដឹងទេថា Amazon.com ចាប់​ដំណើរ​ការ​ឡើងយ៉ាងដូចម្តេច?

​Amazon ជា​ក្រុមហ៊ុន​ដែល​លក់ និង​ផ្គត់​ផ្គង់​ទំនិញ​នៅ​លើ Online ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក​នេះ​នា​ពេល​បច្ចុប្បន្ន ដែល​មាន​ទីតាំង​ចំបង​នៅ​សហរដ្ឋ​អាមេរិក និង​មាន​សាខា​របស់​ខ្លួន​ជាច្រើន​សាខានៅ​ទូ​ទាំង​ពិភពលោក។ លើសពីនេះ Amazon កំពុងពង្រីក​សក្ដានុពល​របស់​ខ្លួន ទៅ​លើ​ផ្នែក​បច្ចេក​វិទ្យា​នៅ​លើ​អាកាស (Amazon Web Service) និង​មាន​គម្រោង​បាញ់​បង្ហោះ​យាន​អវកាស​ឆ្លង​ភព​ថែម​ទៀត​ផង។​ ជោគជ័យ​ដ៏​ធំធេង​របស់​ Amazon គឺ​បាន​មក​ពី​ទស្សនៈវិស័យ​ដ៏​ច្បាស់​លាស់ ភាព​ប៉ិន​ប្រសព្វ និង​ការ​ច្នៃ​ប្រឌិត​របស់​បុគ្គល​មួយ​រូប នោះ​គឺ​លោក Jeff Bezos ដែល​មាន​តួ​នាទី​ជា​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Amazon​។

លោក Jeff Bezos បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​ Amazon ពី​ក្នុង​ចំណត​រថយន្ដ​របស់​គាត់​ផ្ទាល់​តែ​ម្ដង រួមជាមួយ​នឹង​បុគ្គលិក ពីរ​បី​នាក់​ផ្សេង​ទៀត ហើយ​គាត់​ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​អភិវឌ្ឍន៍​នូវ​ ប្រព័ន្ធ​ Software សម្រាប់​គ្រប់​គ្រង​បណ្ណាគារ​របស់​ខ្លួន។ បន្ទាប់​មក​ពួកគេ​ក៏​បាន ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​ដោយ​ផ្លាស់​ប្ដូរ​ពី​ចំណត​រថយន្ដ ទៅ​កាន់​ផ្ទះ​ថ្មី​ដែល​មាន​ពីរ​បន្ទប់ និង​បំពាក់​ដោយ​កុំព្យូទ័រ Sun Microsystems ចំនួន​៣គ្រឿង ហើយ​ជា​លទ្ធផល​បាន​បង្កើត​នូវ​ គេហទំព័រ​សំរាប់​ដំណើរ​ការ​សាកល្បង​មួយ។ ក្រោយ​ពី​បាន​អញ្ជើញ និង​ស្នើ​សុំ មិត្ត​ភក្ដ​ចំនួ​ន ៣០០នាក់ អោយ​ធ្វើ​ការ​សាកល្បង​ជាមួយ​នឹង​គេហទំព័រ​នោះ​រួច​ហើយ លោក Jeff Bezos បាន​បើក​ដំណើរ​ការ គេហទំព័រ Amazon.com ដោយ​យក​ឈ្មោះ​តាម​ទន្លេ​ដ៏​ធំ​មួយ​ស្ថិត​ក្នុង​ទ្វីប​ អាមេរិក​ខាង​ត្បូង នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ ១៩៩៥។

ភាព​ជោគជ័យ​ក្នុង​ដំណាក់​កាល​ដំបូង​របស់ក្រុមហ៊ុន​ គឺ​ប្រៀប​បី​ដូច​ជា​ដុំ​ផ្កាយ​ធ្លាក់​ពី​លើ​មេឃ។ ដោយ​មិន​បាន​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​សូម្បី​តែ​បន្តិច ប៉ុន្តែ​ក្រុមហ៊ុន Amazon ​អាច​មាន​លទ្ធភាព​លក់​សៀវភៅ​នៅ​ពាសពេញ​សហរដ្ឋ​អាមេរិក និង​នៅ​ក្នុង​ប្រទេស​ផ្សេង​ក្រៅ​ពី​សហរដ្ឋ​អាមេរិក​ចំនួន ៤៥​ប្រទេស ត្រឹម​រយៈ​ពេល​ ៣០​ថ្ងៃ​ប៉ុណ្ណោះ។ ហើយ​ក្នុង​រយៈ​ពេល​ ២​ខែ តម្លៃ​នៃ​ការ​លក់ ​គឺ​មាន​ការ​កើនឡើង​រហូត​ដល់ ២ម៉ឺន​ដុល្លា ក្នុង​មួយ​សប្ដាហ៍ ដែល​នេះ ​គឺ​ធំធេង​ជាង​អ្វី​ដែល​លោក Jeff Bezos និង​ក្រុម​ការ​ងារ​របស់​គាត់​ធ្លាប់​រំពឹង​ទុក​ជាមុន​ទៅ​ទៀត។

ក្រុមហ៊ុន Amazon បាន​ចូល​ខ្លួន​ក្នុង​ទី​ផ្សារ​ភាគហ៊ុន​ ក្នុង​ឆ្នាំ ១៩៩៧ ហើយ​ពេល​នោះ​មាន​អ្នក​វិភាគ​ទី​ផ្សារ​ជា​ច្រើន​ បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ ហើយ​បាន​ចោទ​ជា​សំណួរ​ឡើង​ថា តើ​ Amazon អាច​មាន​លទ្ធភាព​ឈរ​ជើង​បាន​យូរ​ដែរ​ឬ​ទេ នៅ​ពេល​ដែល​ក្រុមហ៊ុន​លក់​រាយ​ផ្សេង​ទៀត បាន​នឹង​កំពុង​តែ​ចាប់​ផ្ដើម​ដំណើរ​ការ គេហទំព័រ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ដែរ​នោះ។ ពីរ​ឆ្នាំ​ក្រោយ​មក ក្រុមហ៊ុន Amazon មិន​ត្រឹម​តែ​អាច​ឈរ​ជើង​បាន​យ៉ាង​រឹង​មាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​យក​ឈ្នះ​គូ​ប្រជែង​នានា ហើយ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន E-Commerce ដែល​ឈាន​មុខ​គេ​បាន​ថែម​ទៀត​ផង។

លោក​ Jeff Bezos បាន​បន្ត​ធ្វើ​ការ​ផ្ដល់​ជូន​អតិថិជន​របស់ Amazon នូវ​ផលិត​ផល​ផ្សេង​ៗ​ទៀត​ក្រៅ​ពី​សៀវភៅ ​ដែល​ក្នុង​នោះ​មាន ការ​លក់​ CD និង​ វីដេអូ CD នៅ​ក្នុង​ឆ្នាំ ១៩៩៨ ហើយ​ក្រោយ​មក​ទៀត​ក៏​មាន​ សំលៀក​បំពាក់ គ្រឿង​អគ្គិសនី ឧបករណ៍​ក្មេង​លេង និង​ផលិត​ផល​ជា​ច្រើន​មុខ​ផ្សេង​ទៀត ​តាម​រយៈ​ការ​សហការ​ធ្វើ​ជា​ដៃ​គូ​ ជាមួយ​នឹង​ហាង​លក់​រាយ​នានា។ ខណៈ​ពេល​ដែល​មាន​ក្រុមហ៊ុន អ៊ីនធើណេត ​ពី​ទស្សវត្ស ៩០ ជាច្រើន​បាន​ដួល​រលំ ក្រុមហ៊ុន​ Amazon មាន​ការ​រីក​ចំរើន​ក្នុង​ការ​លក់​ប្រចាំ​ឆ្នាំ​ជា​រៀង​រាល់​ឆ្នាំ ដោយ​ហក់​ពី​ចំនួន​ការលក់​ក្នុង​តម្លៃ $៥១០.០០០ (ប្រាំសែន​មួយ​ម៉ឺនដុល្លា) ក្នុង​ឆ្នាំ ១៩៩៥ ឈាន​ដល់ $១៧ ពាន់​លាន​ដុល្លា នៅ​ក្នុង​ឆ្នាំ ២០១១។

នៅ​ក្នុង​ឆ្នាំ ២០០៦ ក្រុមហ៊ុន Amazon បាន​ធ្វើ​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម ទស្សនា​ភាពយន្ដ និង​វីដេអូ​តាម​តម្រូវ​ការ​របស់​ខ្លួន​ដល់​អតិថិជន ដែល​ពី​ដំបូង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សេវាកម្ម Amazon Unbox នៅ​លើកម្មវិធី TiVo ហើយ​ក្រោយ​មក​បាន​កែប្រែ​ឈ្មោះ​ទៅ​ជា Amazon Instant Video។ នៅ​ក្នុង​ឆ្នាំ ២០០៧ ក្រុមហ៊ុន Amazon បាន​ដាក់​លក់​ឧបករណ៍ Kindle ​ដែល​ជា​ឧបករណ៍​អេឡិច​ត្រូនិច​កាន់ដៃ ប្រើ​សំរាប់​អាន​សៀវភៅ (ឬ​ហៅ​ថា សៀវភៅ​អេឡិចត្រូនិច) ឧបករណ៍​នេះ​អនុញ្ញាតិ​អោយ​អ្នក​ប្រើ​ប្រាស់ អាច​មាន​លទ្ធភាព​ទិញ ដោនឡូត អាន និង​រក្សា​ទុក​សៀវភៅ​អេឡិច​ត្រូនិច​របស់​ខ្លួន​បាន។ នៅ​ក្នុង​ឆ្នាំ​ដដែលលោក Jeff Bezos បាន​ធ្វើ​ការ​ប្រកាស​ពី​ការ​វិនិយោគ​របស់​ខ្លួន​ក្នុង​ក្រុមហ៊ុន Blue Origin ​ស្ថិត​ក្នុង​ទីក្រុង​ Seattle ដែល​បាន​និង​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​កាំជ្រួច​ឆ្លង​ភព ហើយ​ក៏​មាន​ការ​ផ្ដល់​ជា​សេវាកម្ម​ធ្វើ​ដំណើរ​ឆ្លង​ភព​ សម្រាប់​អតិថិជន​ដែល​មាន​បំណង​ធ្វើ​ដំណើរ​លើ​ទី​អវកាស​ដោយ​ការ​បង់​ប្រាក់​ផងដែរ។

នៅ​ក្នុង​ឆ្នាំ ២០១១ Jeff Bezos បាន​ដាក់​ក្រុមហ៊ុន​ Amazon ឲ្យចូល​ប្រកួត​ប្រជែង​ក្នុង​ទី​ផ្សារ ទូរស័ព្ទ​ឆ្លាតវៃ និង​ ថេប្លេត​ក្រោយ​ពីលោក​បាន​ប្រកាស​នូវ​ផលិត​ផល Kindle Fire។ នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​ដដែល គាត់​ក៏​បាន​ប្រកាស​ពី​ថេប្លេត​ស៊េរី​ថ្មី​របស់​ Amazon នោះ​គឺ Kindle Fire HD ដែល​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​នឹង iPad របស់​ក្រុមហ៊ុន Apple ដែរ។ ក្រោយ​ពេល​ប្រកាស​ Kindle Fire HD ជា​សាធារណៈ លោក​ Jeff Bezos ​បាន​ប្រាប់​សារពត៌មាន ABC News យ៉ាង​ដូច្នេះ​ថា៖

យើង​មិន​បាន​បង្កើត​ថេប្លេត​ដែល​ល្អ​បំផុត​ជា​មួយ​នឹង​តម្លៃ​កំណត់​ណា​មួយ​នោះ​ទេ ប៉ុន្តែ​យើង​មាន​លទ្ធភាព​បង្កើត​ថេប្លេត​ដែល​ល្អ​បំផុត​បាន​គ្រប់​តម្លៃ​ទាំង​អស់។

 

2 thoughts on “តើអ្នកដឹងទេថា Amazon.com ចាប់​ដំណើរ​ការ​ឡើងយ៉ាងដូចម្តេច?

Leave a Reply