ក្បួនបោកប្រាស់សំខាន់ៗចំនួន ៣ ដែលអ្នកគួរចៀសវាងកុំឲ្យក្លាយជាជនរងគ្រោះ

ល្បិចបោកចំពោះអ្នកវិនិយោគមានច្រើនទម្រង់ណាស់ ជាពិសេសសម្រាប់អ្នកដែលោភលន់​មិនបានពិចារណាច្បាស់ជាអស់លុយបោសគូទខោជាមិនខានឡើយ។ ខាងក្រោមនេះ គឺជាការបោកប្រាស់សំខាន់ៗចំនួន ៣ ដែលអ្នកគួរចៀសវាងកុំឲ្យក្លាយជាជនរងគ្រោះ៖ 

១. Fake Guru

Fake Guru ថ្វីត្បិតតែមិនទាន់មានពាក្យផ្លូវការជាភាសាខ្មែរ ប៉ុន្តែពាក្យនេះគឺសំដៅទៅលើក្រុមមនុស្សដែលធ្វើទីផ្សារបោកប្រាស់តាមប្រព័ន្ធអនឡាញ ហើយសន្យាផ្លាស់ប្តូរជីវិតអ្នក ផ្តល់សេរីភាពផ្នែកហិរញ្ញវត្ថុ សន្យាថាអ្នកអាចបោះបង់ការងារដ៏គួរឲ្យធុញទ្រាន់ប្រចាំថ្ងៃ តែតម្រូវឲ្យអ្នកចំណាយលុយយ៉ាងច្រើនលើសលុបទិញវីដេអូ ចូលរួមសិក្ខាសាលា ឬវគ្គសិក្សារបស់ពួកគេ។

អ្នកអាចសម្គាល់ក្រុមមនុស្ស Fake Guru តាមរយៈ ៖

  • ការតាំងខ្លួនថាជាមនុស្សជោគជ័យ ជាមហាសេដ្ឋី ជាអ្នកជោគជ័យក្នុងអាជីវកម្ម តាមរយៈការអួតពីលុយ ឡានទំនើប ផ្ទះធំស្កឹមស្កៃ ដែលជាក់ស្តែងគ្រាន់ជាផ្ទះជួលគេ ឬលុយខ្ចីគេ។ (អ្នកច្បាស់ជាមិនដែលឃើញអ្នកជោគជ័យ អ្នកមានពិតប្រាកដចំណាយពេលថតអួតទេ។)
  • ផ្តល់មេរៀន ឬបើកវគ្គសិក្សាជោគជ័យដែលពួកគេលក់សុទ្ធតែជាអ្វីដែលអ្នកអាចរកបានដោយ Free ពី Youtube, Google…។ល។
  • រូបភាពផ្សព្វផ្សាយរបស់ពួកគេតែងដាក់សម្ពាធធ្វើអោយប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកដូចជា “ចំនួនសំបុត្រមានកំណត់ បើអ្នកយឺតនឹងបាត់ឪកាស” “តម្លៃចូលរួមនឹងឡើងថ្លៃ ប្រសិនហួសពីថ្ងៃនេះតទៅ”…ជាដើម។

Fake Guru តែងចាប់ផ្តើមនិយាយពីប្រវត្តិខ្លួនពីមុនថាកំសត់ ក្រីក្រ លំបាក តោកយ៉ាក ប៉ុន្តែឥឡូវជោគជ័យហើយ បើចង់ជោគជ័យដែរ គួរធ្វើតាមពួកគេ។ (ត្រឹមត្រូវ! ពួកគេជោគជ័យ ប្រសិនបើអ្នកអនុញ្ញាតឲ្យពួកគេបោកបាន។) 

សរុបមកវិញ Fake Guru នឹងធ្វើឲ្យអ្នកខាតបង់ពេលវេលា ខាតបង់លុយកាក់ ជាពិសេសជាងនេះទៅទៀត គឺបាត់បង់ជំនឿចិត្តលើខ្លួនឯង ជាក់ស្តែងអ្នករងគ្រោះតែងស្ងាត់ស្ងៀម មិនធ្វើការតបតដោយសារពួកគាត់ខ្មាសអៀន។

២. Pyramid Scheme

Pyramid Scheme ដូចឈ្មោះបានបង្ហាញស្រាប់គេហៅថា ពីរ៉ាមីតស្គីម ដោយសារវាស្រួចចុង និងរីកធំចុះមកក្រោម (អ្នកសាកស្រម៉ៃពីរូបពីរ៉ាមីត) មានន័យថាមានមេមួយអង្គុយនៅចំណុចចុងស្រួចពីរ៉ាមីត និងសមាជិកដទៃទៀតអង្គុយពីក្រោមតាមលំដាប់រហូតដល់ចំណុចរីកធំ។ ពួកក្រុមបោកតាមពីរ៉ាមីតនេះ មានចំនុចខ្លាំងមួយ គឺពូកែណាស់ខាងការនិយាយឃោសនាលក់ក្តីស្រម៉ៃក្លែងក្លាយ ធ្វើឲ្យអ្នកចូលស្តាប់ហើយពិបាកដកខ្លួនណាស់ ទម្រង់បោកនេះមានការពេញនិយមជាខ្លាំងក្នុងប្រទេសកម្ពុជាដែលក្រុមហ៊ុនមួយចំនួនកំពុងយកគំរូតាម និងនៅតែបន្តគំរូតាមរយៈ៖

  • ការរើសសមាជិកថ្មី ឬពាក្យពេញនិយមបច្ចុប្បន្ន គឺតំណាងចែកចាយ បង់លុយទៅមនុស្សខាងលើពីរ៉ាមីត ដើម្បីបានសិទ្ធិបោកគេបន្តទៀត ជាទូទៅការបង់លុយចូលគេតែងឲ្យទំនិញតិចតួច ដើម្បីក្លែងភ្នែក និងបន្លំខួរអ្នកថាទិញទំនិញទៅលក់ តែទំនិញទាំងនោះតាមពិតពុំមានតម្លៃសមនឹងការចំណាយលុយរបស់អ្នកទេ វាគ្រាន់តែជាទំនិញជប់ឲ្យមានឡើង ព្រោះទម្រង់បោកនេះអាចរស់មានជីវិតបានមិនមែនដោយសារការលក់ទំនិញ និងសេវាទេ ជាក់ស្តែងលើការដើររកសមាជិកថ្មីចូលបន្ថែម។
  • បន្ទាប់ពីអ្នកបានចំណាយលុយដំបូងបំផុតចូលជាសមាជិកក្រុមបោកនេះហើយ ពួកគេនឹងតម្រូវអោយអ្នកទៅរកសមាជិកថ្មីចូលបន្ថែមចន្លោះពី ២នាក់ ទៅ ៥នាក់ ឲ្យធ្វើដូចអ្នកដែរ ដោយពួកគេសន្យាថា បើអ្នករកបាននឹងទទួលបានភាគរយខ្លះ តែជាក់ស្តែងអ្នកដែលចំណេញខ្លាំង គឺក្រុមដែលអង្គុយចំណុចលើៗពីរ៉ាមីតទៅវិញទេ។
  • ទម្រង់បោកពីរ៉ាមីតនេះដាក់សំពាធពេលវេលាខ្លាំង និងបង្ខំឲ្យអ្នកចំណាយបន្ថែមទៀតលើផលិតផលពួកគេជប់ជាប្រចាំ ដោយយកលេសថាអ្នកនឹងឆាប់បានឡើងតំណែងជា Gold, Diamond, Emerald… សុទ្ធតែជាតំណែងដែលគេជប់ឲ្យមានឡើង។
  • ពួកក្រុមបោកនេះតែងធ្វើសិក្ខាសាលា ឬវគ្គសិក្សាធំប្រចាំខែ ឬប្រចាំឆ្នាំ ជួលអ្នកសំដែងមកអួតលើឆាកពីការជោគជ័យរបស់គេពីឡាន ផ្ទះ លុយ ដែលសុទ្ធតែជាការសម្តែង ព្រោះមនុស្សដែលជួលមកទាំងនោះក្នុងជីវិតជាក់ស្តែងគ្មានជោគជ័យអ្វីទេ សិក្ខាសាលា ឬវគ្គសិក្សានេះធ្វើដើម្បីឲ្យអ្នកលង់ក្នុងសុបិន្តក្លែងក្លាយគ្មានថ្ងៃក្រោក ហើយកុំអោយខាតព្រួញមួយបាញ់សត្វពីរ ដាក់អ្នកឲ្យលង់ក្នុងសុបិន្តផង និងលក់សំបុត្រចូលរួមយកលុយអ្នកផង។

គណៈកម្មការ​មូលប័ត្រ​អាមេរិក U.S. Securities and Exchange Commission (SEC) បាន​ផ្ដល់​និយម​ន័យ “Pyramid Scheme” ថា​ជា​ប្រភេទ​គំរូ​អាជីវកម្ម​​​គ្មាន​ស្ថិរភាព​គង់វង្ស​បាន​យូរ ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​កៀងគោ​ហៅ​មនុស្ស​ចូល​រួម​វិនិយោគ (participants) ជាជាង​សកម្មភាព​លក់​ផលិតផល ឬ​ផ្ដល់​សេវាកម្ម​ពិតប្រាកដ។ នៅ​ក្នុង​គំរូ Pyramid Scheme អ្នក​ចូលរួម​ព្យាយាម​រក​ចំណូល​ច្រើន ដោយ​ហៅ​មនុស្ស​ថ្មីៗ​ចូល​រួម​ក្នុង​គម្រោង​ប្រភេទ​នេះ ជាមួយ​នឹង​ការ​​សន្យា​ផ្ដល់​នូវ​ចំណូល​ (Passive Income) យ៉ាង​ច្រើន​សន្ធឹក​មក​វិញ (ជាង​ ២០០%​ នៃ​ប្រាក់​ដើម) ក្នុង​រយៈ​ពេល​ខ្លី ដោយ​មិន​ចាំបាច់​ធ្វើ​អ្វី ឬ​គ្រាន់​តែ​ផ្សាយ​ពាណិជ្ជកម្ម (post ads)។

អ្នក​បោកប្រាស់​នៅ​ពី​ក្រោយ Pyramid Scheme នេះ ព្យាយាម​ក្លែង​បន្លំ​ខ្លួន​ឲ្យ​ដូច​នឹង​គំរូ​បណ្ដាញ​ទីផ្សារ Multi-Level Marketing (MLM)។ ទោះ​បី​ក្រុម​នេះ​អះអាង​ថា​មាន​ផលិតផល ឬ​សេវាកម្ម​លក់​ក៏​ដោយ ក៏​ក្រុម​នេះ​ប្រើប្រាស់​លុយ​ដែល​បាន​មក​ពី​អ្នក​វិនិយោគ​ថ្មីៗ​ចុង​ក្រោយ​មក​ទូទាត់​ឲ្យ​អ្នក​វិនិយោគ​មុនៗ។ ទី​បញ្ចប់ ពីរ៉ាមីត​នឹង​រលំ​ ខណៈ​ដែល​គេ​មិន​អាច​ប្រមូល​លុយ​គ្រប់គ្រាន់​ពី​អ្នក​វិនិយោគ​ថ្មីៗ​មក​ទូទាត់​ឲ្យ​អ្នក​វិនិយោគ​មុនៗ។ មនុស្ស​ជា​ច្រើន​នឹង​បាត់បង់​ប្រាក់​យ៉ាង​សន្ធឹក។

៣. Ponzi Scheme

Ponzi Scheme គឺជាល្បិចបោកលុយកំពូលមួយក្នុងប្រវិត្តសាស្រ្តឆបោកនៅលើពិភពលោក។ តាមពិតទៅល្បិចបោកលុយពីអ្នកវិនិយោគមួយនេះ តាំងពីឆ្នាំ ១៨៦៩មកម្ល៉េះ តែចាប់ផ្ដើមល្បីខ្លាំងក្នុងទសវត្សរ៍ឆ្នាំ ១៩២០នៅពេលដែលលោក Charles Ponzi សញ្ជាតិអាលឺម៉ង់យកទិកនិចឆបោកនេះមកប្រើប្រាស់ដើម្បីឆបោកអ្នកវិនិយោគជាច្រើន។ លោក Ponzi បានធ្វើការសន្យាចំពោះអ្នកបណ្តាក់ទុនថា នឹងផ្តល់ការប្រាក់ ៥០% ឲ្យត្រឡប់មកវិញក្នុងរយៈពេល៩០ថ្ងៃ។

អ្នកដែលប្រើវិធីសាស្រ្ត Ponzi​ Scheme នេះ ពួកគេនឹងធ្វើការសន្យាចំពោះអតិថិជនថ្មីៗរប​ស់ពួកគេថា នឹងផ្តល់ប្រាក់ចំណេញដ៏ខ្ពស់មួយជាមួយហានិភ័យដ៏តិចតួចបំផុត។ ជាទូទៅ ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការដោយប្រើវិធីសាស្រ្ត Ponzi នេះ ពួកគេផ្តោតជាសំខាន់ទៅលើការទាក់ទាញអតិថិជនថ្មីៗឲ្យធ្វើការវិនិយោគ។

លើសពីនេះ ពួកគេនឹងប្រើប្រាក់ចំណូលពីការវិនិយោគរបស់អតិថិជនថ្មីៗទាំងនោះ បង្វិលទៅឲ្យអ្នកវិនិយោគមុនៗវិញ។ បើគេមើលពីខាងក្រៅទៅ ប្រតិបត្តិការបែបនេះហាក់ជាប្រតិបត្តិការវិនិយោគស្របច្បាប់ដូច្នោះដែរ ប៉ុន្តែតាមការពិត ការវិនិយោគបែបនេះ គឺគ្រាន់តែជាល្បិចកលប្រោកប្រាស់ប៉ុណ្ណោះ។ អ្នកដែលប្រើកលល្បិចប្រភេទនេះ ពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើលំហូរសាច់ប្រាក់ថេរបស់អ្នកបណ្តាក់ទុនថ្មីៗ ដើម្បីបង្វិលជាបន្តទៅឲ្យអ្នកវិនិយោគចាស់ៗ ប៉ុន្តែលំហូរសាច់ប្រាក់នឹងអស់ នៅពេលដែលគ្មានអ្នកវិនិយោគថ្មីៗចូលមកបណ្តាក់ទុន ហើយពួកគេនឹងប្រមូលលុយទាំងអស់រត់គេចខ្លួន។

ក្នុងប្រទេសកម្ពុជា យើងឃើញថា Ponzi Scheme ក៏ជាទម្រង់បោកមួយដ៏ពេញនិយមផងដែរមិនចាញ់គ្នាប៉ុន្មានពីទម្រង់បោកបែបពីរ៉ាមីតទេ ទម្រង់បោកនេះធ្វើការសន្យាក្លែងក្លាយពីការតបស្នងផលពីការវិនិយោគ ឬការប្រាក់ដែលអ្នកវិនិយោគជាមួយពួកគេនឹងទទួលបានការប្រាក់ក្នុងអត្រាខ្ពស់ពី ២០០% ដល់ ៥០០% មានន័យថាដាក់ ១០០ដុល្លា អាចទទួលបានដល់ ៥០០ដុល្លា ក្នុងរយៈពេលខ្លី។ អ្នកអាចកំណត់សម្គាល់វិធីសាស្រ្តបោក Ponzi Scheme នេះតាមរយៈ៖

  • ទម្រង់បោកនេះអាចរស់រានមានជីវិតទៅបានតាមរយៈរកអ្នកថ្មីបន្តបន្ទាប់ជាប្រចាំមកដាក់លុយចូលសន្យាអត្រាការប្រាក់ខ្ពស់កប់មេឃ ព្រោះជាទម្រង់ដែលប្លន់លុយពីមនុស្សម្នាក់អោយមនុស្សម្នាក់ទៀតនិងរងចាំប្លន់ពីអ្នកថ្មីបន្តបន្ទាប់ទៀតអោយទៅអ្នកចាស់ ចុះប្រសិនបើរកអ្នកថ្មីលែងបានអ្នកចាស់ៗដែលដាក់លុយចូលពីមុននឹងទៅជាយ៉ាងណា? (គ្មានទៅជាយ៉ាងណាទេក្រៅពីអស់លុយកើតទុក្ខចាញ់បោកគេ)
  • ពួកក្រុមហ៊ុនបែបនេះតែងឈរឈ្មោះជាក្រុមហ៊ុនវិនិយោគផ្តល់ប្រឹក្សាយោបល់ តែជាក់ស្តែងយើងសាកគិតមើលតើវិនិយោគលើអ្វីដែលផ្តល់ផលតបស្នងខ្ពស់យ៉ាងនេះក្នុងរយៈពេលខ្លី? វិនិយោគលើទីផ្សារមូលប័ត្ររឺ? វិនិយោគលើអចលនទ្រព្យរឺ? ដូច្នេះបើមានក្រុមហ៊ុន រឺ អ្នកណាម្នាក់មកអូសទាញថាដាក់លុយជាមួយពួកគេផ្តល់ផលតបស្នងខ្ពស់យ៉ាងនេះសូមសួរទៅវិញថាដាក់លុយវិនិយោគលើវិស័យអ្វី និង មានឯកសារភស្តុតាងដែររឺទេ ?
  • ពួកគេក៏អាចបោះនុយស្ទូចអ្នកដូចត្រីផងដែរតាមរយៈអោយអ្នកចំណេញតិចតួចលើកដំបូងហើយផ្តល់យោបល់អោយអ្នកទៅរកខ្ចីលុយពីធនាគារ រឺ អ្នកស្គាល់គ្នាបន្ថែមមកដាក់លុយវិនិយោគជាមួយពួកគេសន្យាអត្រាការប្រាក់ខ្ពស់រួចក៏រត់បាត់ទៅធ្វើអោយអ្នកជាប់ក្នុងបំណុល ។

អ្នករងគ្រោះពីការចាញ់បោកវិធីសាស្រ្ត ពីរ៉ាមីត និង ផុនស៊ី នេះភាគច្រើនតែងមិនមានជម្រើសអ្វីក្រៅពីទៅបោកក្រុមគ្រួសារខ្លួនឯង មិត្តភក្តិ និងមនុស្សដែលស្គាល់គ្នាដើម្បីស្រង់លុយដើមដែលបាត់បង់ទៅ និយាយជារួមអ្នករងគ្រោះប្រៀបដូចជាខ្មោចជើងកបចាំកន្លែងដែលត្រូវទៅរកអ្នកផ្សេងមកចាំកន្លែងជំនួសដើម្បីឲ្យខ្លួនអាចទៅចាប់ជាតិបានអញ្ចឹង។

ក្នុងប្រទេសកម្ពុជាបច្ចុប្បន្នក៏មានក្រសួង-ស្ថាប័នផងដែរសម្រាប់តាមដាន និងបង្រ្កាបជាបន្តបន្ទាប់នូវអាជីវកម្មណាដែលធ្វើក្នុងទម្រង់ជា Pyramid Scheme និង Ponzi Scheme គឺអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ហៅកាត់ថា ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម។

“ការពារប្រសើរជាងព្យាបាល” អ្នកមិនអាចដឹងបានទេថាបច្ចុប្បន្ននេះមានមនុស្សជុំវិញខ្លួនអ្នកប៉ុន្មាននាក់ទេកំពុងតែរងគ្រោះ ឬអាចនឹងក្លាយជាជនរងគ្រោះពីការបោកប្រាស់ តែអ្នកអាចចូលរួមដោះស្រាយបញ្ហានេះ តាមរយៈការចែករំលែកអត្ថបទនេះទៅគ្រួសារ មិត្តភក្តិ បងប្អូន និងមនុស្សជាទីស្រលាញ់របស់អ្នកបាន។


អត្ថបទទាក់ទង

ក្រសួងមហាផ្ទៃអំពាវនាវអោយប្រុងប្រយ័ត្ន ល្បិចឆបោកថ្មីក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់លេខទូរស័ព្ទ IPRN

Leave a Reply