មានក្មេងប្រុសម្នាក់ គាត់ដឹងថាសូក្រាត គឺជាបិតាទស្សនវិទូ និងមានប្រាជ្ញាខ្លាំង។ ដូច្នេះ វាក៏ទៅសួរបិតាទស្សនវិទូ (សូក្រាត) នោះថា “តើខ្ញុំធ្វើម៉េចទៀតអាចរៀនចេះលោកគ្រូ?” សូក្រាត ដឹងថាក្មេងនោះ គឺជាក្មេងដែលខ្ជិលសិក្សាម្នាក់ ហើយគាត់ក៏បានប្រាប់ថា “ចូរស្អែកនេះឯងមកចួបខ្ញុំនៅមាត់ទន្លេ!” ក្មេងប្រុសនោះ យល់ព្រមមកតាមសន្យា។
អត្ថបទទាក់ទង៖ មេរៀនដែលយើងអាចរៀនពីសត្វទីទុយត្រី Blakiston
ព្រឹកស្អែកឡើង គេមកចាំសូក្រាតនៅមាត់ច្រាំងនៃទន្លេនោះ។ សូក្រាត គាត់បានដើរចុះទៅក្នុងទឹកទន្លេ ហើយបក់ដៃហៅក្មេងនោះឱ្យចុះទៅក្នុងទឹកជាមួយគ្នា បើឯងចង់ដឹងអំពីរបៀបរៀនឱ្យចេះ។ ក្មេងប្រុសនោះ បានចុះទឹកជាមួយសូក្រាត។ ពេលដល់ក្នុងទឹក សូក្រាត បានចាប់ក្បាលក្មេងប្រុសនោះជ្រមុជទឹកជាច្រើនដងស្ទើរតែដាច់ខ្យល់ ហើយគេប្រឹងរើបម្រាស់ដើម្បីក្រោកឡើងឱ្យផុតពីទឹក ដោយសារមិនចង់ស្លាប់។
ពេលដែលជ្រមុជទឹកច្រើនដង ក្មេងប្រុសនោះអស់កម្លាំងជាខ្លាំង ទើបសូក្រាតប្រាប់ថា “នេះគឺជាវិធីដើម្បីឱ្យឯងរៀនចេះ។ បើឯងចង់រៀនចេះ ត្រូវឧស្សាហ៍ក្នុងការរៀនសូត្រ មិនមែនខ្ជិល តែចង់រៀនចេះនោះទេ ប្រៀបដូចជាការខំប្រឹងងើបពីទឹកអម្បាញ់មិញអ៊ីចឹង បើឯងមិនខំប្រឹងងើបពីទឹក នោះឯងប្រាកដជាស្លាប់ដោយសារឈ្លក់ទឹកនោះមិនខាន”។ ក្មេងប្រុសនោះយល់ពីអ្វីដេលសូក្រាតចង់ប្រាប់ ហើយគេបានកែប្រើទម្លាប់ពីខ្ជិលទៅខំប្រឹងរៀនសូត្រវិញ។ ចាប់ពីពេលនោះមក គេក៏ទទួលបានលទ្ធផលល្អក្នុងការរៀនសូត្រវិញ និងនឹកដល់គុណរបស់សូក្រាត ដែលបានជួយណែនាំផ្លូវមួយនេះ។
━━━✥◈✥━━━
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

