រឿង​ ស្រ្ដី​រឹតទឹកដោះគោ​

រឿង​ស្រ្ដី​រឹតទឹកដោះ នៃរឿងនិទាន​របស់​អ៊ី​សុប (Aesop) ដែលតំណាលថា៖

សម័យមួយ​មាន​ស្ដ្រី​ម្នាក់​មាន​ជំនាញ​យ៉ាង​ស្ទាត់ជំនាញ​ក្នុង​ការ​រឹតទឹកដោះគោ​។ នាង​បាន​រឹតទឹកដោះគោ​ដាក់​ធុង​នៅ​ក្រោយផ្ទះ​ ហើយ​ទូល​ធុងទឹក​ដោះ​គោ​នោះ​ត្រឡប់​មក​ផ្ទះ​វិញ​។

នាង​ដើរ​បណ្ដើរ​គិត​បណ្ដើរ​ថា​ ទឹកដោះគោ​នេះ​ខាប់​ល្អ​ បើ​យក​ទៅ​ធ្វើ​ក្រេម​ ឬប៊័រ​ប្រាកដជា​លក់​បាន​ប្រាក់​តម្លៃ​ថ្លៃ​ ហើយ​អាច​ប្រមូលប្រាក់​ទាំងនោះ​ទៅ​ទិញ​កូនមាន់​បាន​ជាច្រើន​សម្បុក​មក​ចិញ្ចឹម​។ ដល់ពេល​មាន់​ធំ​នឹង​លក់​ ហើយ​ទិញ​ជ្រូក​មក​ចិញ្ចឹម​។ លុះ​ជ្រូក​ធំល្មម​លក់​នឹង​លក់​ទិញ​គ្រឿងអលង្ការ​ ដើម្បី​តុបតែង​ខ្លួន​សម្រាប់​ចូលរួម​ពិធីបុណ្យ​ប្រចាំឆ្នាំ​។ ប្រាកដ​ណាស់​ កម្លោះ​ៗជាច្រើន​នឹង​តាម​សុំ​ស្នេហ៍​ តែ​នាង​វាយ​ឬក​ងាក​មុខ​ចេញទៅ​រក​ប្រុស​ៗដែល​ស្អាត​និង​ធូរធារ​វិញ​ទើប​ប្រសើរ​។

ស្រីក្រមុំ​នឹកគិត​មកដល់​ត្រឹមនេះ​ ស្រាប់តែ​នាង​ស្រមៃ​ថា​ ខ្លួន​កំពុងតែ​ងាក​ចេញពី​ប្រុស​ក្មេង​ដ៏​រហេមរហាម​ ដើម្បី​ទៅ​រក​ប្រុស​អ្នកមាន​ក៏​ជំពប់​ជើង​ដួល​កំពប់ទឹក​ដោះ​គោ​ទៅលើ​ដី​អស់​ ដោយ​នាំក្ដី​សង្ឃឹម​ទាំងឡាយ​ទៅជាមួយ​ដែរ​។

ការ​មាន​ជំនាញ​ច្បាស់លាស់​ គឺជា​ប្រភព​មិន​ចេះ​រីងស្ងួត​នៃ​ប្រាក់ចំណូល​ ហើយ​ការ​ចេះ​ស្រមើស្រមៃ​ មាន​ផែនការ​ រួម​ទាំង​គោលដៅ​អាច​ជួយ​ឱ្យ​យើង​ដឹង​ថា​ ជីវិត​រស់នៅ​ដើម្បីអ្វី​ខ្លះ​ ដើម្បី​ចៀស​ផុត​ពី​ការបំផ្លាញ​ពេលវេលា​ដោយ​ឥតប្រយោជន៍​។ ផ្ទុយ​មកវិញ​ ទាំង​ជំនាញ​ គោលដៅ​ និង​ផែនការ​ដែល​ខុសឆ្គង​នឹង​នាំក្ដី​រំពឹង​របស់​យើង​ទៅ​ចាកចោល​ទទេ​។ ដូច្នេះ​ចូរ​ប្រយ័ត្ន​នៅពេល​អ្នក​នៅ​ម្នាក់ឯង​ ជាពិសេស​គំនិតរវើរវាយ​របស់​អ្នក​ វា​អាច​បំផ្លាញ​សុភមង្គល​អនាគត​របស់​អ្នក​ក្នុងថ្ងៃនេះ​បាន​ដោយ​ងាយ​។

 

Leave a Reply