រឿងខ្លី៖ បំណែកក្រដាស ផ្តល់ទស្សនៈឲ្យគិតមុននិយាយថាអ្វីពិតឬមិនពិត

នៅក្នុងភូមិមួយមានបុរសចំណាស់ម្នាក់រស់នៅផ្ទះក្បែរនឹងបុរសវ័យក្មេងម្នាក់ ។ បុរសចំណាស់នោះមិនចូលចិត្តអ្នកជិតខាងវ័យក្មេងរបស់ខ្លួននោះទេ ហេតុដូចនេះគាត់ក៏បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា “អ្នកជិតខាងរបស់ខ្ញុំគឺជាចោរ…”

នៅថ្ងៃមួយចោរក៏បានចូលមកលួចរបស់របររបស់អ្នកភូមិ ហើយដោយសារតែពាក្យចចាមអារ៉ាមរបស់បុរសចំណាស់ ធ្វើឲ្យអ្នកភូមិសង្ស័យថា បុរសវ័យក្មេងម្នាក់នោះគឺជាចោរ ហើយគាត់ក៏ត្រូវបានប៉ូលិសចាប់ខ្លួន។

ប៉ុន្មានថ្ងៃក្រោយមកប៉ូលិសក៏បានរកឃើញថា បុរសវ័យក្មេង មិនមែនជាចោរ ហើយក៏គ្មានទោសដែរ ដូចនេះប៉ូលិសក៏សម្រេចចិត្តដោះលែងគាត់ឲ្យមានសេរីភាពវិញ។ បុរសវ័យក្មេងក៏បានដើរត្រលប់មកផ្ទះវិញដោយអារម្មណ៍អៀនខ្មាស និង អាម៉ាសជាខ្លាំង ហើយគាត់ក៏បានប្ដឹងបុរសចំណាស់ដែលជាអ្នកជិតខាងនោះវិញ។

នៅថ្ងៃសវនាការក្នុងតុលាការ ចៅក្រមបានសាកសួរបុរសវ័យចំណាស់អំពីការចោទប្រកាន់បុរសវ័យក្មេងនិងការរីករាលដាលពាក្យចចាមអារ៉ាមអំពីគាត់។

បុរសចំណាស់ក៏បានឆ្លើយថា ៖ នោះគ្រាន់តែជាមតិរបស់គាត់តែប៉ុណ្ណោះ វាមិនបានធ្វើបាននរណាម្នាកនោះទេ។

មុនពេលវិនិច្ឆ័យរឿងក្តីចៅក្រមបាននិយាយទៅកាន់បុរសចំណាស់ថា “ថ្ងៃនេះមុនពេលចាកចេញសូមសរសេរនូវអ្វីដែលលោកបាននិយាយអំពីយុវជននោះនៅលើក្រដាសមួយសន្លឹក ហើយហែកវាជាបំណែកតូច ៗ រួចបាចវាចោលទៅតាមផ្លូវទៅផ្ទះរបស់លោក ហើយចាំថ្ងៃស្អែកមកស្ដាប់ការប្រកាសសាលក្រម។”

បុរសចំណាស់ក៏បានធ្វើតាមពាក្យរបស់ចៅក្រម ដោយបាចក្រដាសនោះនៅតាមផ្លូវធ្វើដំណើរទៅផ្ទះរបស់គាត់។

ថ្ងៃបន្ទាប់ចៅក្រមក៏បាននិយាយទៅកាន់បុរសចំណាស់ថា មុនពេលតុលាការប្រកាសសាលក្រម ខ្ញ៉ំចង់ឲ្យលោកធ្វើរឿងមួយ។

បុរសចំណាស់ក៏សួរថា ”តើរឿងអ្វីទៅ?”

ចៅក្រមក៏បានប្រាប់ថា “លោកត្រូវតែទៅប្រមូលបំណែកក្រដាសដែលលោកបានបោះចោលកាលពីម្សិលមិញ ត្រលប់មកវិញទាំងអស់។”

បុរសចំណាស់ភ្ញាក់ផ្អើលជាខ្លាំងរួចក៏ឆ្លើយតបទៅវិញថា ”ខ្ញ៉ំមិនអាចធ្វើបាននោះទេ បំណែកក្រដាសទាំងនោះប្រហែលជាត្រូវបានខ្យលបករបាត់របាយបាត់អស់ទៅហើយ។

ចៅក្រមបានឆ្លើយថា «វាដូចគ្នា នឹងពេលអ្នកនិយាយអ្វីមួយអវិជ្ជមានអំពីនរណាម្នាក់ដែលអាចបំផ្លាញកិត្តិយសរបស់គេ វាក៏មិនអាចធ្វើឲ្យគ្រប់យ៉ាងប្រសើរដូចដើមនោះទេ …”

បុរសចំណាស់ក៏បានភ្ញាក់ខ្លួនហើយទទួលស្គាល់កំហុស និងបានស៉ំការអភ័យទោសអំពីបុរសវ័យក្មេង ។

ទស្សនៈរបស់និពន្ឋក្នុងរឿងនេះគឺ៖

សូមក៉ំនិយាយ ឬផ្សព្វផ្សាយមិនល្អអំពីនរណាម្នាក់ទាំងដែលអ្នកមិនបានដឹងការពិត ឬ រឿងរ៉ាវច្បាស់លាស់។ ពាក្យសម្ដីរបស់អ្នកអាចនឹងធ្វើឲ្យនរណាម្នាក់ត្រូវបាត់បង់កិត្តិយសទាំងដែលគេគ្មានកំហុស ឬក៏អាចបំផ្លាញអនាគត ឬ ជីវិតរបស់គេបាន។


រឿងខ្លី៖ ប្រាក់ ១ ដុល្លារ និង ១០០ ដុល្លារ បង្កប់អត្ថន័យអំពីតម្លៃនៃលុយ

 

One thought on “រឿងខ្លី៖ បំណែកក្រដាស ផ្តល់ទស្សនៈឲ្យគិតមុននិយាយថាអ្វីពិតឬមិនពិត

Leave a Reply