រឿងខ្លី៖ វាសនាកម្មករទាំងបី

អ្នកជំនាញចិត្តសាស្រ្តម្នាក់ បានមកដល់ការដ្ឋានសាងសង់ដើម្បីធ្វើការស្រង់មតិ។ គ្រានោះ គាប់ជួននៅទីនោះ មានកម្មករ ៣រូប ដែលកំពុងតែវាយបំបែកដុំថ្ម ដូច្នេះគាត់ក៏បានសួរទៅកាន់កម្មករទាំង៣ នេះនូវសំណួរដូចៗគ្នាថា “អត់ទោស! សុំសួរថាពេលនេះពួកលោកកំពុងធ្វើអ្វីដែរ?”

ស្តាប់ឮសំណួររបស់អ្នកជំនាញចិត្តសាស្រ្តបែបនេះ កម្មករទី១ មុខឡើងក្រញ៉ូវ ហើយឆ្លើយទាំងខឹងថា “ខ្ញុំនៅទីនេះធ្វើអ្វី? ឬមួយលោកមិនមើលទេឬ?” ខ្ញុំកំពុងតែយកញញួរមកដុំបំបែកដុំថ្មដ៏គួរឱ្យស្អប់ទាំងនេះ! ដុំថ្មទាំងនេះពិតជាស្អុយ ហើយធ្ងន់ទៀត ដៃរបស់ខ្ញុំជិតរលួយខ្ទេចអស់ហើយ ទេវតាពិតជាអយុត្តិធម៌ណាស់!” និយាយចប់ គេបានដកដង្ហើមធំ មើលទៅគេមានអារម្មណ៍ខឹងខ្លាំងណាស់ ស្ទើរតែបោះបង់វាសនាដ៏កម្សត់របស់ខ្លួន ព្រមទាំងញញូរដែលគួរឱ្យស្អប់នៅក្នុងដៃរបស់គេទៀត។

កម្មករទី២ បាននិយាយដោយគ្មានកម្លាំងថា “ខ្ញុំកំពុងតែសាងសង់ផ្ទះ ការងារមួយនេះ មនុស្សធម្មតាមិនអាចទ្រាំបាននោះទេ ហត់ខ្លាំងយ៉ាងណាក៏គ្មានអ្នកណាដឹងដែរ បើមិនមែនដើម្បីតែចិញ្ចឹមគ្រួសារទេ អ្នកណាសុខចិត្តមកវាយថ្មហាលខ្យល់ហាលភ្លៀវគ្មានថ្ងៃគ្មានយប់បែបនេះ?” គាត់បានជូតញើស ហើយគ្រវីក្បាលពោរពេញដោយភាពមិនសុខចិត្ត រួចបន្តវាយថ្មធំៗដែលនៅចំពោះមុខទៀត។

កម្មករទី៣ បែរជាមានទឹកមុខរីករាយទៅវិញ គេបាននិយាយដោយញញឹមថា “ខ្ញុំកំពុងតែកសាងព្រះវិហារដ៏ធំស្គឹមស្គៃជូនដល់ពិភពលោក រង់ចាំដល់វាបញ្ចប់ការសាងសង់ហើយ មានសាសនិកជាច្រើនមកដល់ទីនេះធ្វើការគោរពបូជា។ ដ្បិតតែវាយដុំថ្ម គឺជារឿងដែលលំបាកមែន តែរាល់ដងពេលខ្ញុំគិតថាថ្ងៃអនាគតមានមនុស្សជាច្រើនមកដល់ទីនេះ ដើម្បីទទួលក្តីស្រលាញ់របស់ព្រះអទិទេពនោះ នៅក្នុងខ្លួនរបស់ខ្ញុំពោរពេញដោយថាមពលវិជ្ជាមាន។”

ទាយទៅមើលថាជីវិតរបស់កម្មករទាំង៣នេះថ្ងៃក្រោយជួបនឹងរឿងអ្វីខ្លះនោះ? ប៉ុន្មានឆ្នាំក្រោយមក អ្នកជំនាញចិត្តវិទ្យា បានរកឃើញពួកគេម្តងទៀត ដើមឡើយកម្មករ៣នាក់ ដែលវាយថ្មសាងសង់នៅកន្លែងតែមួយកាលពីមុននោះ ពេលនេះបែរជាមានជីវិតខុសគ្នាយ៉ាងខ្លាំងទៅវិញ។

កម្មករទី១ ដែលនៅឆ្នាំនោះ នាពេលបច្ចុប្បន្ននេះ នៅតែជាកម្មករដែលមានប្រាក់ខែតិចតួចដដែល ជារៀងរាល់ថ្ងៃធ្វើការងារវាយថ្មដដែល ដោយប្រើកម្លាំងយ៉ាងនឿយហត់។ ចំណែកស្ថានភាពរបស់កម្មករទី២ វិញ រាងប្រសើរជាកម្មករទី១ បន្តិច ពេលនេះគេបានក្លាយទៅជាមេការម្នាក់ រាល់ថ្ងៃអាចដឹកនាំក្រុមសំណង់របស់គេទៅធ្វើសំណង់គ្រប់ទិសទី ដ្បិតតែមិនខ្វល់ខ្វាយចំពោះរឿងហូបចុក តែក៏មានអារម្មណ៍ថានៅតែមិនរីករាយ។ ចំណែកឯកម្មករទី៣ វិញ អ្នកជំនាញមិនបានចំណាយកម្លាំង និងទឹកចិត្តទៅដើររកមនុស្សនេះទេ ពីព្រោះគេបានក្លាយទៅជាថៅកែក្រុមហ៊ុនសាងសង់ដ៏ល្បីឈ្មោះតាំងពីយូរមកម្ល៉េះ ហើយតែងតែលេចមុខនៅលើកាសែតទំព័រមុខទៀតផង ។

ឥរិយាបថការងារទាំង៣ ប្រភេទនេះ បានបង្កើតនូវជីវិត ឱកាស និងវាសនាមនុស្ស៣នាក់ គេនិយាយថាព្រហ្មលិខិតធ្វើបាបមនុស្ស តែតាមពិត គឺចិត្តជាអ្នកកំណត់នូវវាសនារបស់ខ្លួន។

ការងារ គឺជាវិធីដែលបង្ហាញចេញនូវគុណតម្លៃរបស់ខ្លួន ចង់ធ្វើការងារឱ្យបានល្អ ប្រាកដណាស់ ពួកយើងត្រូវស្រលាញ់ការងាររបស់ខ្លួនឱ្យបានល្អជាមុនសិន។

កម្មករទី១ ដែលនៅក្នុងរឿងអម្បាញ់មិញ ហេតុអ្វីបានជាគេមិនទទួលអារម្មណ៍ពីអត្ថន័យនៃការវាយថ្មនៅក្នុងនោះ ដោយសារតែគេរកមិនបានភាពរីករាយណាមួយនៅក្នុងការងារនោះឡើយ។ ពេលដែលគេយកការងារវាយថ្មចាត់ទុកជាការងារដែលលំបាក និងឈឺចាប់នោះ ជីវិតរបស់គេបានក្លាយទៅជារឿងកម្សត់ដែលធ្វើឱ្យក្នុងចិត្តគេឈឺចាប់យ៉ាងខ្លាំង ក្រៅពីទុក្ខលំបាក និងភាពធុញថប់ នៅមានតម្លៃអ្វីដែលសក្តិសមឱ្យគេទៅពង្រឹងស្មារតីនោះ?

មានមនុស្សមួយចំនួន ប្រហែលក៏មាននូវមន្ទិលសង្ស័យ មានការងារខ្លះប្រហែលនៅមានអត្ថន័យបន្តិចបន្តួច តែមានពេលជាច្រើន ការងារដែលនៅក្នុងភាពដិតដានរបស់យើង គឺជាភាពសារឡើងនៃគ្រឿងយន្តមួយតែប៉ុណ្ណោះ គឺដើម្បីតែយកប្រាក់ខែ ដូច្នេះត្រូវតែធ្វើឱ្យ តើមានភាពរីករាយអ្វីពីណាមកទៅ?

សម្រួលពី៖ បរទេស


អត្ថបទទាក់ទង

ដើម្បីជោគជ័យ ត្រូវដើរតាមគោលបំណង មិនមែនមហិច្ឆតាទេ​

 

Leave a Reply