រឿងខ្លី៖ ម្រឹត្យូវ និងអ្នកកាប់ឧស បង្កប់អត្ថន័យអំពីការស៊ូរងទុក្ខវេទនាជាជាងស្លាប់
រឿងម្រឹត្យូវ និងអ្នកកាប់ឧស គឺជារឿងមួយក្នុងចំណោមរឿងទាំងឡាយរបស់អ៊ីសុប (Aesop) ដែលតំណាលថា៖
មានបុរសកំសត់ទុគ៌តម្នាក់ រកស៊ីកាប់ឧសលក់។ ថ្ងៃមួយកំពុងតែលីឧសមួយបាច់ ទាំងមែកទាំងស្លឹកយ៉ាងធ្ងន់ ខ្លួនក៏ចាស់ ថ្ងូរផង ដើរផង ខ្នងកោងៗ ក្បាលងក់ៗ លើកជើងបោះជំហានស្ទើរមិនរួច គាត់ខំប្រឹងទៅឲ្យដល់ខ្ទមកន្រ្ទួចរុំសុទ្ធតែផ្សែងភ្លើង។
ដោយនឿយព្រួយពេក អស់កម្លាំងស្ទើរដកដង្ហើមមិនដល់គ្នា គាត់ក៏ទម្លាក់បាច់ឧស អង្គុយគិតនឹកដល់សេចក្ដីទុក្ខលំបាករបស់គាត់ហើយពោលថា៖ “អ្នកឯងបានសេចក្ដីសប្បាយយ៉ាងណាហើយ ចាប់តាំងពីអ្នកឯងកើតមកក្នុងលោកនេះ! បើគិតឲ្យសព្វទៅ គឺអ្នកឯងហ្នឹងហើយ ដែលជាមនុស្សកំសត់ជាងគេនៅលើផែនដីមូលមួយនេះ! ជួនកាលដាច់ពេល ហើយមិនដែលមានវេលាទំនេរសោះ។ ប្រពន្ធអ្នកឯង កូនប្រុសស្រី ទាហាន ពន្ធដារសព្វគ្រប់ មេបំណុលនឹងកំណែនទាំងអស់នេះ បន្ថែមបង្ហើយនូវសេចក្ដីក្រមកលើអ្នក ហើយធ្វើឲ្យអ្នកឯងទៅជាមនុស្សលំបាកវេទនាមកដល់សព្វថ្ងៃនេះ។”
គិតឃើញយ៉ាងដូច្នេះហើយ ទើបបុរសកំសត់ហៅម្រឹត្យូវមកកាច់យកឲ្យស្រឡះទៅ។
ម្រឹត្យូវមកភ្លាម ហើយសួរថា៖ “ត្រូវឲ្យវាធ្វើដូចម្ដេច?”
បុរសកំសត់ឆ្លើយថា៖ “យើងហៅរកអ្នកឲ្យមកជួយលើកឧសដាក់លើស្មាបន្តិច រួចបង្អង់ ថយចេញឲ្យឆាប់ៗទៅ។”
ទោះបីយើងចង់ស្លាប់ក៏ដោយ តែសេចក្ដីស្លាប់មកដល់ហើយ រមែងធ្វើឲ្យមនុស្សទាំងអស់ ស៊ូរងទុក្ខវេទនាជាជាងស្លាប់ ហ្នឹងហើយជាបំណងរបស់មនុស្សលោក។
អត្ថបទទាក់ទង
One thought on “រឿងខ្លី៖ ម្រឹត្យូវ និងអ្នកកាប់ឧស បង្កប់អត្ថន័យអំពីការស៊ូរងទុក្ខវេទនាជាជាងស្លាប់”