រឿងខ្លី៖ ប្រាក់ ១ ដុល្លារ និង ១០០ ដុល្លារ បង្កប់អត្ថន័យអំពីតម្លៃនៃលុយ

ថ្ងៃមួយមហាសេដ្ឋីម្នាក់បានជ្រុះប្រាក់ ១ ដុល្លារដែលគាត់បម្រុងឲ្យទៅអ្នកបម្រើម្នាក់នៅក្នុងភោជនីយដ្ឋានមួយកន្លែង ខណៈពេលដែលគាត់បម្រុងនឹងឡើងរថយន្តរបស់គាត់។

ដោយសារពេលនោះមេឃកំពុងតែធ្លាក់ភ្លៀង ហើយមានខ្យល់ទៀតផងនោះលុយក៏ប៉ើងទៅក្រោមរថយន្តរបស់គាត់។ គាត់បានគិតថាបើសិនជាគាត់បើករថយន្តចេញទៅប្រាក់ ១ ដុល្លារនោះប្រាកដជាធ្លាក់មិនខាន ដូចនេះគាត់ក៏បានសម្រេចចិត្តអង្គុយ ហើយខំឆ្កឹះយកលុយ ១ ដុល្លារនោះពីក្រោមរថយន្តមកវិញ។

ដោយទើសភ្នែកពេកអ្នកបម្រើម្នាក់ក៏បានចូលទៅជួយរើសលុយប្រគល់ឲ្យគាត់វិញ ដោយក្នុងចិត្តគិតថាលុយ ១ ដុល្លារនោះនឹងក្លាយជារបស់ខ្លួនមិនខាន។

ប៉ុន្តែអ្វីដែលអ្នកបម្រើម្នាក់នោះបានគិតគឺផ្ទុយស្រលះ ដោយពេលដែលប្រគល់ប្រាក់ ១ ដុល្លារនោះឲ្យទៅឲ្យគាត់វិញ គាត់បែរជាយកលុយនោះទៅដាក់ក្នុងកាបូបរបស់គាត់យ៉ាងរហ័ស ដែលធ្វើឲ្យបុរសដែលជាអ្នកបម្រើហួសចិត្តជាមួយទង្វើរបស់គាត់យ៉ាងខ្លាំង ដោយគិតក្នុងចិត្តថាហេតុអ្វីក៏មហាសេដ្ឋីដែលមានលុយចាយមិនអស់ទៅហើយបែរជាកំណាញ់ត្រឹមសម្បត្តិប្រាក់ ១ ដុល្លារទៅវិញ។

បន្តិចក្រោយមកមហាសេដ្ឋីម្នាក់នោះក៏បានដកក្រដាសប្រាក់ ១០០ ដុល្លារប្រគល់ឲ្យបុរសជាអ្នកបម្រើ ដែលធ្វើឲ្យបុរសម្នាក់នោះត្រេកអរយ៉ាងខ្លាំង អមជាមួយនឹងអារម្មណ៍ងឿងឆ្ងល់ផងដែរ។

ដោយឃើញអាការៈបែបងើយឆ្ងល់ដូចនេះ មហាសេដ្ឋីក៏បាននិយាយទៅកាន់បុរសអ្នកបម្រើថា “អ្នកប្រាកដជាគិតថាខ្ញុំជាមនុស្សម៉ៅស្វិតហើយដែលព្យាយាមរើសប្រាក់ ១ ដុល្លារដែលបានជ្រុះនោះ ហើយអ្នកប្រាកដជាងឿងឆ្ងល់ហើយថាហេតុអ្វីដែលខ្ញុំមិនឲ្យប្រាក់ ១ ដុល្លារដែលអ្នកខំរើសមកឲ្យខ្ញុំ តែបែរជាឲ្យប្រាក់អ្នក ១០០ ដុល្លារទៅវិញ។

មហាសេដ្ឋីរូបនោះបានសើច រួចនិយាយបន្តថា ការពិតត្រឹមតែប្រាក់ ១ ដុល្លារគឺវាតិចតួចណាស់សម្រាប់ខ្ញុំ ប៉ុន្តែមូលហេតុដែលខ្ញុំព្យាយាមរើសវាយកមកវិញព្រោះបើបណ្ដោយឲ្យប្រាក់នុះជ្រុះទៅបាត់វាជារឿងគួរឲ្យស្ដាយ ប្រាក់បង្កើតឡើងសម្រាប់ចាយមិនមែនសម្រាប់បោះចោលនោះទេ ។

ចំណែកឯប្រាក់ ១០០ ដុល្លារដែលខ្ញុំបានឲ្យអ្នកវាគឺជាអ្វីដែលអ្នកសមនឹងទទួលពីខ្ញុំ អ្នកបានព្យាយាមជួយរើសប្រាក់ ១ ដុល្លារឲ្យខ្ញុំដោយលំបាកខណៈមេឃកំពុងតែធ្លាក់ភ្លៀង។ ខ្ញុំសង្ឃឹមថាអ្នកនឹងប្រើប្រាស់ប្រាក់ ១០០ ដុល្លារដែលខ្ញុំបានឲ្យអ្នកឲ្យមានប្រយោជន៍។


រឿងខ្លី៖ តម្លៃគ្រូបង្រៀន

One thought on “រឿងខ្លី៖ ប្រាក់ ១ ដុល្លារ និង ១០០ ដុល្លារ បង្កប់អត្ថន័យអំពីតម្លៃនៃលុយ

Leave a Reply

Your email address will not be published. Required fields are marked *