រឿងខ្លី៖ ក្អែក និងក្ងោក អានហើយអ្នកនឹងរីករាយនូវអ្វីដែលខ្លួនមាន
មានក្អែកមួយក្បាលរស់នៅក្នុងព្រៃក្នុងជីវភាពមួយដ៏សុខដុមរមនា។ ថ្ងៃមួយក្អែកបានឃើញសត្វក្ងានមួយក្បាល រួចក៏គិតក្នុងចិត្ត។
ក្អែក គិតក្នុងចិត្តថា “ក្ងានមួយក្បាលនេះពិតជាសស្អាតមែនទែន! មិនដូចជាសម្បុររបស់ខ្ញុំដែលខ្មៅដូចធ្យូងនោះទេ។ សត្វក្ងាននេះជាសត្វដែលរីករាយបំផុតលើពិភពលោកយ៉ាងជាក់ប្រាកដ។”
ក្រោយពេលគិតហើយ ក្អែកក៏បានប្រាប់រឿងក្នុងចិត្តខ្លួនទៅកាន់ក្ងាន។
ក្ងាន តបទៅកាន់ក្អែកថា “ពិតមែនហើយ! ខ្ញុំធ្លាប់មានអារម្មណ៍ថាខ្ញុំជាបក្សីដែលរីករាយជាងគេ ប៉ុន្ដែបន្ទាប់ពីខ្ញុំបានឃើញសេកដែលមានសម្បុរពីរពណ៌មក ខ្ញុំគិតថាសត្វសេកទើបជាសត្វដែលរីករាយជាងគេ។”
ក្រោយពីបានឮពាក្យក្ងានដូច្នេះ សត្វក្អែក ក៏បានធ្វើដំណើរទៅរកជួបសត្វសេក។ រីឯសត្វសេក ក៏បានធ្វើការពន្យល់ដល់សត្វក្អែកផងដែរ។
សេក៖ “ខ្ញុំបានរស់នៅក្នុងជីវភាពដ៏រីករាយរហូតដល់ខ្ញុំឃើញសត្វក្ងោក ខ្ញុំមានសម្បុរតែពីរពណ៌ប៉ុណ្ណោះ ប៉ុន្ដែក្ងោកមានសម្បុរចម្រុះពណ៌គ្នា។”
បន្ទាប់មកក្អែកក៏ទៅរកជួបក្ងោក នៅក្នុងសួនសត្វ ព្រមទាំងឃើញមនុស្សរាប់រយអ្នកតម្រង់ជួរមើលក្ងោក។ បន្ទាប់ពីមនុស្សម្នាចេញអស់ ទើបក្អែកចូលទៅជួបក្ងោក និងសួរទៅកាន់ក្ងោក។
ក្អែក៖ “បងក្ងោក! បងពិតជាស្អាតខ្លាំងណាស់ ហើយមានមនុស្សរាប់ពាន់នាក់មកមើលបងជារៀងរាល់ថ្ងៃ ផ្ទុយពីខ្ញុំ នៅពេលដែលគេឃើញខ្ញុំ គេតែងតែដេញកប់ ខ្ញុំគិតថាបងជាបក្សីដែលរីករាយជាងគេនៅលើផែនដីនេះហើយ?”
ក្ងោក៖ “ក្ងោកតបទៅកាន់ក្អែកវិញថា ខ្ញុំតែងតែគិតថា ខ្ញុំជាសត្វដែលស្រស់ស្អាត និងរីករាយជាងគេនៅលើផែនដី ប៉ុន្ដែដោយសារតែសម្រស់របស់ខ្ញុំ ទើបខ្ញុំត្រូវជាប់ក្នុងទ្រុងនៅទីនេះ។ ក្រោយពីសញ្ជឹងគិតមក ខ្ញុំជឿថា ក្អែកជាបក្សីតែមួយគត់ដែលគេមិនចាប់ដាក់ទ្រុងនោះទេ ប៉ុន្ដែថ្ងៃក្រោយមក ខ្ញុំដេកគិតរហូតថា ប្រសិនបើខ្ញុំជាសត្វក្អែកវិញ មិនដឹងជាល្អយ៉ាងណានោះទេ ខ្ញុំនឹងអាចហោះហើរបានទៅគ្រប់ទីកន្លែង។”
សាកទាយទៅមើលថា សត្វទាំងបួននេះ មួយណារីករាយជាងគេ?
ក្អែក តូចចិត្តនឹងខ្លួនឯងខ្មៅ គ្មានអ្នកណាចូលចិត្ត។ ពេលក្អែក បាន ឃើញក្ងាន ក្អែកកើតក្ដីច្រណែន នឹងក្ងានដែលមានពណ៌សស្គុស។ ចំណែក ក្ងាន ច្រណែននឹងសេកដែលមានពីរពណ៌។ រីឯ សេក ច្រណែននឹងក្ងោក ដែលមានពណ៌ចម្រុះយ៉ាងស្រស់សោភា។ ក្ងោក ឯណោះវិញ ច្រណែននឹងក្អែក ដែលមានសេរីភាពហោះហើរតាមចិត្ត ព្រោះខ្លួនជាចំណាប់ខ្មាំងនៅក្នុងសួនសត្វសម្រាប់ជាទំនាញទស្សនាចរ។
តម្លៃនៃទស្សនៈ និងគំនិតក្នុងរឿងនេះ គឺត្រង់ថាវាមិនត្រឹមតែជាបញ្ហារបស់សត្វនោះទេ វាក៏ជាបញ្ហារបស់មនុស្សផងដែរ។ វាជារឿងធម្មតាប៉ុណ្ណោះ រវាងអ្វីៗដែលគេមាន ហើយអ្នកគ្មាន ឬអ្នកមាន តែគេគ្មាន។ បើយើងប្រៀបធៀបរវាងខ្លួនឯង ទៅអ្នកដទៃនោះ វានឹងធ្វើឲ្យយើងអាក់អន់ស្រពន់ចិត្តពុំខានឡើយ។ បើយើងមិនឲ្យតម្លៃនូវអ្វីដែលឪពុកម្ដាយរបស់ខ្លួនបានផ្ដល់ឲ្យមកនោះ វាធ្វើឲ្យកើតនូវសេចក្ដីសៅហ្មងទៅវិញទេ។ អ្នកគួរគប្បីរីករាយជាមួយអ្វីៗដែលខ្លួនកំពុងតែមាននោះ វាជារៀងដ៏ល្អប្រសើរខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា គឺនាំមកនូវសេក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្តទៀតផង។ បុគ្គលដែលរីករាយនូវអ្វីដែលខ្លួនគេមាននោះ រមែងតែងជាបុគ្គលរីករាយជាងគេបំផុតលើលោកនេះ។
អត្ថបទទាក់ទង