ទ្រឹស្តីល្បែងភ្នាល់ – ស្ថានភាពពិបាកសម្រេចចិត្តរបស់អ្នកទោស

ដើម្បីបង្ហាញពីប្រភេទនៃការលំបាកដែលកើតឡើងនៅក្នុងល្បែងផលបូកអថេរដែលមនុស្សពីរនាក់មិនសហការគ្នា សូមពិចារណាពីស្ថានភាពពិបាកសម្រេចចិត្តរបស់អ្នកទោស ដែលត្រូវបានរៀបចំឡើងដំបូងដោយគណិតវិទូជនជាតិអាមេរិក អាល់បឺត ថាក់ឃឺ (Albert W. Tucker)។

មានអ្នកទោស ២នាក់ ដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា ហើយមិនអាចដឹងពីចម្លើយរបស់គ្នាទៅវិញទៅមកទេ។ កម្រិតទោសរបស់អ្នកទោសម្នាក់ៗ អាស្រ័យលើចម្លើយរបស់អ្នកទោសម្នាក់ទៀត។ ឧទាហរណ៍៖

  • បើអ្នកទី១ មិនឆ្លើយដាក់អ្នកទី២ ហើយអ្នកទី២ មិនឆ្លើយដែរ នោះអ្នកទាំងពីរទទួលទោសជាប់គុក ១ឆ្នាំ ដូចគ្នា។ ប៉ុន្តែបើអ្នកទី២ ឆ្លើយដាក់អ្នកទី១ នោះអ្នកទី២ រួចខ្លួន តែអ្នកទី១ ត្រូវទទួលទោស ៥ឆ្នាំ។
  • បើអ្នកទី១ ឆ្លើយដាក់អ្នកទី២ ហើយអ្នកទី២ ឆ្លើយដាក់អ្នកទី១ វិញដែរ នោះអ្នកទាំងពីរត្រូវទទួលទោស ២ឆ្នាំ ដូចគ្នា។ ប៉ុន្តែបើអ្នកទី២ មិនឆ្លើយ នោះអ្នកទី១ រួចខ្លួន តែអ្នកទី២ ត្រូវទទួលទោស ៥ឆ្នាំ។

សូមទាញទៅមើលថាអ្នកទាំងពីរជ្រើសយកចម្លើយមួយណា?

ទ្រឹស្តីល្បែងភ្នាល់ (Game Theory) កំណត់ថា នៅពេលអ្នកទាំងពីរមិនអាចពិភាក្សាគ្នាបាន ហើយមិនអាចដឹងចម្លើយដៃគូបាន អ្នកទាំងពីរត្រូវរៀបចំជាយុទ្ធសាស្ត្រ (ដូចលេងហ្គេម) ដោយជ្រើសយកជម្រើសដែលល្អបំផុតរបស់ខ្លួន ទៅតាមជម្រើសនីមួយៗរបស់ដៃគូ។

យុទ្ធសាស្ត្ររបស់អ្នកទី១៖

  • ឆ្លើយដាក់អ្នកទី២ បើអ្នកទី២ មិនឆ្លើយ (ព្រោះអាចរួចខ្លួន តែត្រូវទទួលទោស ១ឆ្នាំ បើមិនឆ្លើយ)
  • ឆ្លើយដាក់អ្នកទី២ បើអ្នកទី២ ឆ្លើយដាក់អ្នកទី១

យុទ្ធសាស្ត្ររបស់អ្នកទី២៖

  • ឆ្លើយដាក់អ្នកទី១ បើអ្នកទី១ មិនឆ្លើយ
  • ឆ្លើយដាក់អ្នកទី១ បើអ្នកទី១ ឆ្លើយដាក់អ្នកទី២

ជារួម ទ្រឹស្តីល្បែងភ្នាល់ (Game Theory) ទាញថាអ្នកទាំងពីរនឹងឆ្លើយដាក់គ្នាទៅវិញទៅមក និងត្រូវទទួលទោស ២ឆ្នាំ ដូចគ្នា។ ជម្រើសនេះហៅថា Nash Equilibrium ដែលយកតាមឈ្មោះលោក ចន ណាសហ៍ (John Nash) ដែលទទួលបានពានរង្វាន់ណូបែល (អ្នកចាប់អារម្មណ៍អាចមើលរឿង A Beautiful Mind ដែលនិយាយអំពីលោក ចន ណាសហ៍ (John Nash)។

សេដ្ឋវិទូ មិនហ៊ាននិយាយថា Nash Equilibrium កើតឡើងគ្រប់ករណីទេ ព្រោះអ្នកទោសខ្លះអាចមានជំនឿទុកចិត្តគ្នាខ្លាំង និងមិនឆ្លើយដូចគ្នា។ ប៉ុន្តែការណ៍ដែល Nash Equilibrium អាចកើតមានឡើង មានអត្ថន័យធំណាស់សម្រាប់សេដ្ឋវិទូ។ ជាក់ស្តែង ដៃអរូបិយរបស់ អាដាម ស្មីត (Adam Smith) ពន្យល់ថា នៅពេលបុគ្គលម្នាក់ៗគិតតែប្រយោជន៍ផ្ទាល់ខ្លួន ដៃអរូបិយ (Invisible Hand) អាចនាំឱ្យសង្គមទាំងមូលប្រសើរឡើង។ ប៉ុន្តែបើយើងមើលក្នុងឧទារណ៍ខាងលើ នៅពេលអ្នកទោសទាំងពីរគិតតែពីប្រយោជន៍របស់ខ្លួន អ្នកទាំងពីរត្រូវជាប់ទោស ២ឆ្នាំ ខណៈដែលអ្នកទាំងពីរទទួលទោសត្រឹម ១ឆ្នាំ ប៉ុណ្ណោះ ប្រសិនបើមិនឆ្លើយដូចគ្នា។


អត្ថបទទាក់ទង

អព្ភូតហេតុនៃ “ឥទ្ឋិពលកំណើនផ្គួប” ពីរឿងក្តារអុក ៦៤ ប្រឡោះការ៉េ

Leave a Reply

Your email address will not be published. Required fields are marked *