រឿង កញ្ជ្រោង និងទំពាំងបាយជូរ
សម្រាប់អ្នកឆាប់បាក់ទឹកចិត្តដោយសារបរាជ័យអ្វីមួយ សូមអានរឿងកញ្ជ្រោង និងទំពាំងបាយជូរ ដែលដកស្រង់ចេញរឿងនិទាន អ៊ីស៊ុប (Aesop) ដូចតទៅថា៖
កាលណោះ មានកញ្រ្ជោងមួយក្បាលចេញរកស៊ីតាំងពីព្រលឹមទល់ព្រលប់ តែរកចំណីមិនបានសោះ ដែលជាហេតុធ្វើឱ្យសត្វមួយក្បាលនេះស្រេកឃ្លានអាហារយ៉ាងខ្លាំង។ ខណៈនោះ វាបានប្រទះឃើញផ្លែទំពាំងបាយជូរមួយចង្កោមនៅលើដើមឈើមួយដើម ហើយក៏សម្រេចចិត្តលោតត្របាក់ទំពាំងបាយជូរនោះស៊ីដើម្បីបំបាត់គម្លាន ដោយសារតែទំពាំងបាយជូរនោះនៅខ្ពស់ពេក ទោះជាវាព្យាយាមលោតម្តងហើយម្តងទៀត តាំងពីថ្ងៃរហូតដល់ព្រលប់ ក៏នៅតែមិនអាចស៊ីផ្លែទំពាងបាយជូរបានដែរសូម្បីតែមួយផ្លែ។ ដូច្នេះ វាក៏សម្រេចចិត្តបោះបង់ចោល ហើយក៏ដើរចេញទៅ។ តែមុននឹងដើរចេញកញ្ជ្រោងបាននិយាយថា ផ្លែទំពាំងបាយជូរនេះខ្ចីណាស់ ទោះបីជាបានស៊ីវាក៏មិនឆ្ងាញ់ដែរ។
សត្វកញ្រ្ជោងតំណាងឱ្យមនុស្សគ្រប់រូប។ ផ្លែទំពាំងបាយជូរតំណាងគោលបំណងជីវិត ហើយព្រះអាទិត្យតំណាងឱ្យពេលវេលាសម្រាប់សម្រេចគោលបំណង។ មនុស្សយើងធ្វើអ្វីក៏ដោយគួរតែមានគោលដៅច្បាស់លាស់ដូចទៅនឹងសត្វកញ្ជ្រោង។ កញ្ជ្រោងដែលជាតួអង្គមួយក្នុងរឿងកញ្ច្រោងនិងផ្លែទំពាំងបាយជូរនេះ ក្រៅតែពីចេះកំណត់គោលដៅច្បាស់លាស់ ក៏ចេះកំណត់ពេលវេលាមួយសមរម្យក្នុងការប្រថុយ សាកស្បង ដើម្បីសម្រេចគោលដៅនោះដែរ។ បើពុំដូច្នោះទេ អ្នកនឹងបាត់បង់នូវអ្វីផ្សេងៗទៀតជាក់ជាមិនខានឡើយ។ តែក៏មិនគួរខ្លាច ឬមិនហ៊ានសាកល្បងកំណត់គោលបំណងឱ្យខ្ពស់កប់ពពកដូចជាសត្វកញ្ជ្រោងដែរ។ ទោះបីជាកញ្ជ្រោងមានបំណងចង់ស៊ីផ្លែទំពាំងបាយជូរដែលនៅខ្ពស់ហួសសមត្ថភាពយ៉ាងក៏ដោយចុះ ក៏វាមិនខ្លាចនឹងសាកល្បងដែរ។ ទោះសាកល្បងទៅបរាជ័យ ក៏មិនមែនជារឿងអាម៉ាស់ដែរ អ្វីដែលជារឿងអាម៉ាស់ គឺមិនហ៊ានព្យាយាម ហើយបើព្យាយាមទៅនៅតែបរាជ័យ ក៏មិនមែនជាទីបញ្ចប់នៃជីវិតដែរ ព្រោះយើងបានកំណត់ពេលវេលា ចេះលួងលោមខ្លួនឯង និងមានជម្រើសបន្ទាប់បន្សំជាចន្ទល់សម្រាប់ជីវិតរួចហើយ។
តើអ្នកមានចន្ទល់បន្ទាប់បន្សំសម្រាប់ជីវិតដូចកញ្ច្រោងហើយឬនៅ? “បើស៊ីទំពាំបាយជូរមិនបានទេ ទៅស៊ីផ្លែប៉ោមវិញទៅ”
អត្ថបទទាក់ទង