រឿងខ្លី៖ នំប៉ាវ​ និង​ទ្រព្យសម្បត្តិ​

មានប្ដីប្រពន្ធមួយគូ​ ដែលទាំងពីរនាក់​ ទាំងខ្ជិល​ ទាំងល្មោភស៊ី​ ថែមទាំងជា​មនុស្ស​លោភ​ដូចគ្នា។​ គេឈ្លោះទាស់សម្ដីគ្នា​ ញឹកញាប់​ ដោយសារ​តែរឿង​កំប៉ិកកំប៉ុក​ ដោយគ្មាន​អ្នកណា​ សុខចិត្ត​ចាញ់​អ្នកណា​សោះឡេីយ​។

ថ្ងៃមួយគេទិញ​នំប៉ាវ​បី​ មកហូប​ គេហូបអស់ម្នាក់មួយ​ នៅសល់មួយចុងក្រោយ​ គេមិនទាន់ហ៊ាន​លូក​ទេ។

គេអង្គុយសំឡឹងនំ​ប៉ាវ​ចុងក្រោយ​នេះ​ យ៉ាងយូរ​…

ប្ដីក៏គិតឃេីញវិធីមួយ​ “ឥឡូវ​នេះ​ យេីងភ្នាល់គ្នា​ អ្នកណា​ហារមាត់​និយាយ​មុន​ ឬ​ក្រោកមុន​ អ្នកនោះ​អត់បានស៊ីនំ​ ដែលនៅសល់នេះទេ។”

ប្រពន្ធ​ឆ្លេីយ​ “អឺ! ភ្នាល់​ក៏ភ្នាល់​ យេីងចាំតែចាញ់ឯងតេី!”

ពួកគេ​អង្គុយ​ចាំរៀងៗខ្លួន​ មិនមាត់មិនក​ រហូត​ដល់ថ្ងៃលិច​ នៅតែ​មិនដឹងចាញ់ឈ្នះ។

ពេលនោះ​ មានចោរម្នាក់កំពុង​ដេីររកលួច​អីវ៉ាន់​ វាឃេីញផ្ទះ​ស្ងាត់ជ្រងំ​ ដោយគិតថាគ្មានគេនៅ​ វាក៏រុញទ្វារចូល​ ហេីយដេីរលបៗ​ ដល់ក្នុងផ្ទះ​ ឃេីញមនុស្សពីរនាក់​ អង្គុយ​ទល់មុខគ្នា។ វាភ្ញាក់​ព្រេីតប្រុងនឹងរត់ចេញ​ តែវាឃេីញ​មនុស្ស​ទាំងពីរ​នាក់​ មិននិយាយស្ដី​ មិនកម្រេីក​ គ្រាន់តែ​សម្លឹងមុខគ្នា។

ដេីម្បី​កុំឱ្យ​ខាតពេល​ ចោរចាប់ផ្ដេីម​ប្រមូល​យក​អីវ៉ាន់​បណ្ដេីរៗ​ ហេីយងាកមេីលទៅមនុស្សទាំងពីរ​មិនមាន​ប្រតិកម្ម​អ្វី​ទាំងអស់​ ចោរគិតថាអ្នកទាំងពីរ​ ច្បាស់​ជា​មនុស្ស​ខ្វិន​ និង​គ​ ហេីយ​ ដូច្នេះ​វាក៏ប្រមូលយកតែ​របស់​របរ​ណា​ដែល​ល្អៗ​និងមាន​តម្លៃ​ប្រសេីរ​ជាង។

ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ ខំសម្លឹងនឹកស្ដាយ​ទ្រព្យសម្បត្តិ​ តែគ្មាន​អ្នកណា​ហ៊ាន​ហេីបមាត់ឬ​កម្រេីកអ្វីសោះ​ ព្រោះខ្លាចចាញ់។

មុននឹងចេញទៅវិញ​ ចោរ​ពិនិត្យ​ឃេីញនាងជា​ភរិយា​ ដូចជា​ស្រស់ស្អាត​គ្រាន់បើ​ វាក៏ឆ្លៀតឱកាស​ ចូលមក​ស្ទាបអង្អែលលេងសេីច។ បុរសជាប្ដី​ សំងំ​ស្ងៀម​គ្មាន​កម្រេីក។ ប្រពន្ធ​ទ្រាំលែងបាន​ ក៏ងេីបស្ទុះភ្លែតស្រែកខ្លាំងៗថា​ “លឿន​មក​ ជួយចាប់ចោរ!​ ឯងនេះ​ ល្ងេីមែន​! គ្រាន់តែ​នំមួយសោះ​ សូម្បីតែ​ចោរចូលផ្ទះ ក៏គ្មាន​ហ៊ាន​មាត់​មួយ​អ៊ឺះ!

ប្ដី​ឃេីញប្រពន្ធបេីកមាត់និយាយ​ ក៏សប្បាយចិត្តយ៉ាងខ្លាំង​ គេចាប់យកនំមកស៊ី​ ហេីយនិយាយថា​ “ហ៊ែះហ៊ែ! ទីបំផុត​ឯងចាញ់យេីងហេីយ! អញដឹងថា​អញមុខតែឈ្នះ!

គតិ​អប់រំ​៖ ត្រូវ​ចេះ​ថ្លឹងថ្លែង​ រឿងតូចរឿងធំ​ រឿងចាំបាច់​ និងមិនចាំបាច់។ រឿង​ខ្លះ​ ឈ្នះចាញ់​ហេីយ​ នាំមកតែ​ការ​ខាតបង់​ទៅវិញ។

ដកស្រង់​ពី​សៀវភៅ​ ប្រាជ្ញា​ជីវិត​


អត្ថបទទាក់ទង

រឿងខ្លី៖ ស្មោះត្រង់ និងពេលវេលា

Leave a Reply

Your email address will not be published. Required fields are marked *