រឿងខ្លី៖ ដោះបំណុល

កាលពីប៉ុន្មានរយឆ្នាំមុន ក្នុងទីក្រុងតូចមួយនៃប្រទេសអ៊ីតាលី មានពាណិជ្ជករម្នាក់ បានជំពាក់លុយយ៉ាងច្រើនជាមួយនឹងតាចាស់អ្នកចងការប្រាក់ម្នាក់។  តាចាស់អ្នកចងការប្រាក់នោះ មានអាយុច្រើន រូបរាងអាក្រក់ ហើយបានកើតមានចិត្តស្រលាញ់កូនស្រីដ៏ស្រស់ស្អាតរបស់ពាណិជ្ជករកូនបំណុលនោះ។ តាចាស់ម្ចាស់បំណុល ក៏បានសម្រេចចិត្តធ្វើការដោះដូរមួយជាមួយបុរសពាណិជ្ជករនោះ ដើម្បីជម្រះរាល់បំណុលទាំងអស់ ដែលលក្ខខណ្ឌដោះដូរនោះ គឺប្រសិនបើម្ចាស់បំណុលនោះបានរៀបការជាមួយកូនស្រីរបស់ពាណិជ្ជករ នោះបំណុលទាំងអស់នឹងត្រូវលុបចោល។ 

បើនិយាយទៅសំណើរនៃការដោះដូររបស់តាចាស់ម្ចាស់បំណុលនេះ ពិតជាអាក្រក់ខ្លាំងណាស់។

ការដោះដូរ នឹងត្រូវធ្វើតាមវិធីនេះ គឺតាចាស់ម្ចាស់បំណុលបាននិយាយថា៖

គាត់នឹងដាក់គ្រាប់គ្រួស ២គ្រាប់ ទៅក្នុងថង់មួយ ១គ្រាប់ពណ៌ស និង១គ្រាប់ទៀតពណ៌ខ្មៅ  ហើយតម្រូវឲ្យកូនស្រីរបស់ពាណិជ្ជករនោះលូកដៃចូលក្នុងថង់រួចចាប់យកគ្រាប់គ្រួស១ក្នុងចំណោមគ្រាប់គ្រួសទាំង២មកក្រៅ។ 

លក្ខខណ្ឌទី១៖ ប្រសិនបើកូនស្រីរបស់ពាណិជ្ជករនោះចាប់បានគ្រាប់គ្រួសពណ៌ខ្មៅ នោះបំណុលទាំងអស់នឹងត្រូវលុបចោល ប៉ុន្តែកូនស្រីរបស់ពាណិជ្ជករនោះត្រូវតែរៀបការជាមួយតាចាស់ម្ចាស់បំណុលនោះ។

លក្ខខ័ណ្ឌទី២៖ ប្រសិនបើកូនស្រីរបស់ពាណិជ្ជករនោះចាប់បានគ្រាប់គ្រួសពណ៌ស នោះបំណុលទាំងអស់នឹងត្រូវលុបចោល ហើយកូនស្រីរបស់ពាណិជ្ជករនោះមិនចាំបាច់រៀបការជាមួយតាចាស់ម្ចាស់បំណុលនោះទេ។

កំពុងឈរនៅក្នុងសួនច្បារមុខផ្ទះរបស់បុរសពាណិជ្ជករនោះ តាចាស់ម្ចាស់បំណុល ក៏បានឱនរើសយកគ្រាប់គ្រួសពីរគ្រាប់ឡើងមកដាក់ក្នុងថង់។ ខណៈពេលដែលកំពុងឱនរើសគ្រាប់គ្រួសនោះ កូនស្រីរបស់ពាណិជ្ជករ បានកត់សម្គាល់ឃើញថា តាចាស់នោះបានរើសគ្រាប់គ្រួសដែលមានពណ៌ខ្មៅទាំងពីរយកមកដាក់ក្នុងថង់។ 

បន្ទាប់ពីរើសគ្រាប់គ្រួសដាក់ក្នុងថង់រួចរាល់ហើយ តាចាស់នោះ ក៏បានប្រាប់ឲ្យកូនស្រីរបស់ពាណិជ្ជករនោះលូកដៃចាប់យកគ្រាប់គ្រួសមួយចេញពីថង់តាមអ្វីដែលបាននិយាយគ្នា។

បើគិតងាយៗ កូនស្រីពាណិជ្ជករនោះ មានជម្រើសបីដូចខាងក្រោម៖ 

  • បដិសេធមិនព្រមចាប់យកគ្រាប់គ្រួសពីក្នុងថង់
  • ចាប់យកគ្រាប់គ្រួសទាំងពីរពីក្នុងថង់ហើយបង្ហាញគ្រប់គ្នាឲ្យបានដឹងថាតាចាស់នោះបានបន្លំ
  • ចាប់យកគ្រាប់គ្រួសមួយចេញពីក្នុងថង់ បើទោះជាដឹងថា គ្រាប់គ្រួសនោះជាពណ៌ខ្មៅទាំងអស់ក្ដី ហើយលះបង់ខ្លួនឯង ដើម្បីដោះបំណុលឪពុក។

នាងក៏បានចាប់យកគ្រាប់គ្រួសនោះមួយគ្រាប់ចេញមកពីក្នុងថង់ ហើយនាងក៏បានធ្វើឲ្យគ្រាប់គ្រួសនោះធ្លាក់ចូលទៅលាយជាមួយគ្រាប់គ្រួសផ្សេងទៀតនៅលើដី នាងបាននិយាយទៅកាន់តាចាស់នោះថា៖

អូ! ខ្ញុំពិតជាមិនច្បាស់ថាវាពណ៌អ្វីទេ មិនអីទេ! បើតាចង់ដឹងថាគ្រាប់គ្រួសដែលខ្ញុំចាប់យកមកជាពណ៌អ្វី តាអាចមើលគ្រាប់គ្រួសដែលនៅសល់ក្នុងថង់បាន នោះតានឹងដឹងថាវាជាពណ៌អ្វីហើយ  តាចាស់គ្មានពាក្យអ្វីអាចនឹងប្រកែកបាន ក៏យល់ព្រមតាមដំណើរសាច់រឿងដែលបានជជែកគ្នា ហើយលុបចោលបំណុលទាំងអស់ដែលបុរសពាណិជ្ជករនោះបានជំពាក់។

គំនិតអប់រំនៃរឿង៖វាតែងតែមានផ្លូវក្នុងការដោះស្រាយបញ្ហាពិបាកៗ នៅក្នុងជីវិត ហើយកុំចុះចាញ់ជាមួយបញ្ហាដោយការជ្រើសរើសយកផ្លូវតែមួយ


អត្ថបទទាក់ទង

រឿងខ្លី៖ នំប៉ាវ​ និង​ទ្រព្យសម្បត្តិ​

 

Leave a Reply

Your email address will not be published. Required fields are marked *