រឿងខ្លី៖ នាយកប្រតិបត្តិរើសអ្នកបន្តវេន
ដោយអាយុកាន់តែច្រើន នាយកប្រតិបត្តិដ៏ជោគជ័័យម្នាក់ បានសម្រេចចិត្តធ្វើការជ្រើសរើសអ្នកបន្ដវេន ដោយគាត់មិនលើកកូនរបស់ខ្លួនឡើងនោះទេ។ ក្នុងការជ្រើសរើសនេះ លោកបានកោះហៅអ្នកគ្រប់គ្រងវ័យក្មេងទាំងអស់នៅក្នុងក្រុមហ៊ុន ហើយលោកបានឲ្យពួកគេនូវគ្រាប់ពូជដ៏ពិសេសម្នាក់មួយ ដោយលោកបានឲ្យពួកគេយកវាទៅដាំ ហើយមួយឆ្នាំក្រោយត្រូវយកសមិទ្ធិផលដែលពួកគេទទួលបានយកមកឲ្យគាត់មើល។
ពួកគេក៏បានខិតខំស្រោចទឹក ថែរក្សាវារៀងៗខ្លួន។ បន្ទាប់ពីបានរយៈពេល ៣ សប្ដាហ៍ ពួកគេបានចាប់ផ្ដើមនិយាយអំពីដើមឈើដែលខ្លួនដាំបាន។ ដោយឡែក អ្នកគ្រប់គ្រងម្នាក់ក្នុងចំណោមអ្នកទាំងនោះ មិនមានអ្វីអួតនឹងគេ បានត្រឹមតែនៅស្ងៀមដោយសារតែគ្រាប់ពូជរបស់គេមិនចេញផ្លែផ្កាទាល់តែសោះ មិនថាគាត់ និងប្រពន្ធខិតខំស្រោចទឹកវាយ៉ាងណានោះទេ។
រយៈពេលមួយឆ្នាំបានកន្លងផុតទៅ អ្នកគ្រប់គ្រងវ័យក្មេងរបស់ក្រុមហ៊ុននោះ បាននាំយករុក្ខជាតិរបស់ពួកគេទៅឱ្យនាយកប្រតិបត្តិដើម្បីត្រួតពិនិត្យ។ ដោយឡែក អ្នកគ្រប់គ្រងវ័យក្មេងម្នាក់នោះមិនចង់ទៅប្រឈមមុខជាមួយនឹងនាយកប្រតិបត្តិជាមួយផើងផ្កាទទេរបស់គាត់នោះទេ ដោយសារវាជារឿងដ៏អាម៉ាស់មួយនៅពេលអ្នកគ្រប់គ្រងដទៃសុទ្ធតែដាំបានរុក្ខជាតិលូតលាស់ធំល្អ។ ដូច្នេះហើយ គាត់បានត្រឹមតែឈរពួនពីក្រោយអ្នកដទៃប៉ុណ្ណោះ។
នៅពេលដែលនាយកធំមកដល់ គាត់ក៏បានដើរមើល ហើយនិយាយថា ម្នាក់ក្នុងចំណោមពួកគេនឹងឡើងតំណែងជំនួសគាត់ ហើយគាត់ក៏បានចង្អុលទៅអ្នកគ្រប់គ្រងដែលកាន់ថូផ្កាទទេ។ ម្នាក់ៗសុទ្ធតែមានការភ្ញាក់ផ្អើល ហើយនាយកប្រតិបត្តិនោះក៏បានប្រាប់ថា កាលពីឆ្នាំមុននោះ គាត់បានឲ្យអ្នកទាំងអស់គ្នានូវគ្រាប់ពួជដែលងាប់ ហើយវាមិនអាចលូតលាស់បាននោះទេ ប៉ុន្ដែមានតែបុរសម្នាក់នេះទេដែលមានភាពស្មោះត្រង់ និងភាពក្លាហានពិតប្រាកដ។
ប្រសិនបើអ្នកដាំភាពទៀងត្រង់ អ្នកនឹងទទួលបានការទុកចិត្ត។
សម្រួលពី៖ mesmerizing words
អត្ថបទទាក់ទង