រឿងខ្លី៖ ជ្រូកបបួលសីហៈវ៉ៃគ្នា
រឿង “សីហៈ និងជ្រូក” ជារឿងមួយនៅក្នុងចំណោមរឿងទាំងឡាយ នៃសៀវភៅប្រជុំនិទានជាតក ដែលរៀបរៀងចងក្រងដោយសិទ្ធត្ថបណ្ឌិត សុង ស៊ីវ ជាមួយនឹងព្រះមហា សំ សុខ សាស្រ្តាចារ្យសាលាបាលីវត្តលង្កា ត្រង់ទំព័រ១៨៨ ដែលដំណាលថា៖
កាលពីព្រេងនាយមានសីហៈមួយចាប់សត្វស៊ីឆ្អែត ហើយចុះទៅផឹកទឹកក្នុងត្រពាំង ខណៈត្រឡប់ឡើងមកវិញឃើញជ្រូកមួយរកស៊ីនៅមាត់ត្រពាំង។ សីហៈនឹកថា ថ្ងៃនេះអញស៊ីឆ្អែតណាស់ហើយ ជ្រូកនេះទុកស៊ីនៅថ្ងៃស្អែកចុះ។ សីហៈគិតហើយទើបគេចទៅផ្លូវម្ខាង ជ្រូកឃើញដូច្នោះនឹកក្នុងចិត្តថា សីហៈខ្លាចខ្លួនក៏ស្រែកបបួលសាកកម្លាំងគ្នា។
សីហៈឮហើយនិយាយថា ចាំថ្ងៃស្អែកចុះសឹមយើងជួបគ្នា។ សត្វជ្រូកមានគំនិតខ្លីសម្គាល់ថា គេខ្លាចខ្លួនប្រាកដមែន ក៏កើតក្តីក្លៀវក្លាត្រឡប់មកទីលំនៅវិញ ហើយនិយាយអួតប្រាប់ជ្រូកដទៃដែលជាមិត្តសម្លាញ់របស់ខ្លួន។ ជ្រូកទាំងនោះស្តាប់ហើយភ័យស្លុតចិត្តជាខ្លាំង ទើបនាំគ្នាតិះដៀលជ្រូកនោះថា សម្លាញ់ឯងពិតជាល្ងង់មែនហើយ។ អ្នកបានដឹកនាំសេចក្តីវិនាសមកដល់មិត្តសម្លាញ់ហើយមានដឹងទេ ព្រោះអ្នកគ្មានគំនិតមិនដឹងពីឧបាយរបស់សត្វសីហៈ។
ឮមិត្តស្ដីបន្ទោសបែបនេះ ជ្រូកនោះស្រាប់តែភ័យញ័រស្លុតស្មារតីស្រៀវឆ្អឹងខ្នង ទើបខំនិយាយប្រឹក្សានឹងមិត្តសម្លាញ់ថា៖ ”គួរគិតធ្វើយ៉ាងណាបានរួចខ្លួនពីសីហៈ។” ពួកជ្រួកជាមិត្តសម្លាញ់ប្រាប់ឧបាយថា ”ធម្មតាសីហៈជាសត្វស្អាតមិនចូលចិត្តនឹងវត្ថុស្មោកគ្រោកទេ។ ដូច្នេះ ចូរអ្នកឯងដើរទៅដេកននៀលក្នុងរណ្តៅលាមកឱ្យប្រឡាក់ពេញខ្លូន ទើបគ្មានក្ដីអន្តរាយដល់ជីវិតអ្នក។”
ជ្រូកនោះក៏ធ្វើតាមពាក្យមិត្តពន្យល់ ហើយពេលដល់ថ្ងៃណាត់គ្នាក៏ទៅចាំសីហៈមុនមួយស្របក់។ ខណៈពេលដែលសីហៈមកដល់ធុំក្លិនស្អុយធន់មិនបាន ក៏និយាយទៅជ្រូកថា៖ ”អ្នកឯងស្មោគគ្រោក រោមប្រឡាក់ដោយសម្អុយមានក្លិនខ្មួរភាយអាក្រក់ណាស់។ បើសម្លាញ់ចង់ច្បាំងនឹងយើង យើងសុំចាញ់ហើយ ឱ្យអ្នកឈ្នះចុះ យើងខ្ពើមណាស់។” សីហៈថាហើយក៏ដើរចេញទៅ។
ទស្សនៈ និងគំនិតក្នុងរឿងនេះចង់ប្រាប់យើងថា៖
បើទោះបីជាឃើញគេស្លូតកុំទាន់អាលវាយតម្លៃថា គេខ្លាចឬអន់ជាងខ្លួន។ ពេលខ្លះអ្នកមានកិត្តិយសថ្លៃថ្នូរ គេមិនយកភាពថ្លៃថ្នូររបស់គេទៅប្រឡូកប្រឡាក់ជាមួយនឹងមនុស្សតូចទាប ព្រោះគេយល់ថា ទោះបីជាឈ្នះក៏គ្មានន័យអ្វីដែរ គឺមានទាញកិត្តិយសគេអាប់ឱនថែមទៀតប៉ុណ្ណោះ។
ដោយសារតែគំនិត និងទង្វើចង់បង្ហាញឱ្យគេឃើញពីអានុភាពរបស់ខ្លួន ដោយមិនទាន់ស្គាល់ពីគេច្បាស់ គឺអាចនាំក្ដីអន្តរាយដល់ជីវិតខ្លួនឯង និងមិត្តភក្ដិ។ ប៉ុន្តែការហ៊ានសុំយោបល់ និងព្រមទទួលយកប្រឹក្សាពីមនុស្សច្រើនគ្នាអាចសង្គ្រោះជីវិតអ្នកផុតពីឧបាយបានដោយការពិចារណា។
អត្ថបទទាក់ទង
រឿងខ្លី៖ ហ្វូងចៀម និងឆ្កែគង្វាលចៀម អានហើយអ្នកនឹងដឹងថាមនុស្សម្នាក់ៗមានតួនាទីរៀងៗខ្លួន
One thought on “រឿងខ្លី៖ ជ្រូកបបួលសីហៈវ៉ៃគ្នា”