រឿងខ្លី៖ ហ្វូងចៀម និងឆ្កែគង្វាលចៀម អានហើយអ្នកនឹងដឹងថាមនុស្សម្នាក់ៗមានតួនាទីរៀងៗខ្លួន
នៅជនបទដាច់ស្រយាលមួយ មានចៀមមួយហ្វូង ត្រូវគេព្រលែងឲ្យ ទៅរកស៊ីតាមវាលស្មៅផ្សេងៗ ដោយមានឆ្កែមួយក្បាលនៅមើលឃ្វាល។ ពេលព្រឹក ម្ចាស់ក៏ព្រលែងចៀមចេញពីក្រោល ឲ្យដើរស៊ីស្មៅដោយខ្លួនឯង លុះដល់ពេលល្ងាច ទើបឲ្យឆ្កែគង្វាលកៀង ចូលក្រោលវិញជារៀងរាល់ថ្ងៃ។
ចៀមឃើញសកម្មភាពបែបនេះ ក៏កើតទៅជាតូចចិត្តថ្លើមព្រមទាំងគិតថា ម្ចាស់របស់ខ្លួនមានចិត្តលម្អៀង ស្រឡាញ់ឆ្កែជាងពួកខ្លួនជាចៀមដែលជាអ្នកផ្ដល់ប្រយោជន៍ឲ្យច្រើនជាងឆ្កែ ដែលមិនឃើញបានប្រយោជន៍អ្វីដល់ម្ចាស់ប៉ុន្មានឡើយ…
“ម្ចាស់របស់យើងដូចជាមិនយុត្តិធម៏៍សោះ!… យើងខំផ្ដល់ទាំងរោមទាំងទឹកដោះ គាត់គួរតែផ្ដល់ចំបើងឆ្ងាញ់ៗ តែបែរជាបណ្ដោយឲ្យយើងដើរទៅរកស្មៅស៊ីដោយខ្លួនឯងទៅវិញ!… ចំណែកឯឆ្កែ គ្មានទឹកដោះគ្មានរោមអ្វីឲ្យគាត់ទេ តែបែរជាបានអាហារឆ្ងាញ់ៗ សល់ពីតុបាយ យកមកស៊ី… ទន្ទឹមនឹងខ្លួនវា ហាក់ដូចជាពុំមានប្រយោជន៍អ្វីបន្ដិចបន្តួចសោះ!!!”
ពាក្យសម្ដីទាំងនេះ បានរាលដាលដឹងឮដល់ចៀមទាំងហ្វូង ធ្វើឲ្យពួកចៀមកើតក្ដីតូចចិត្តគ្រប់ៗគ្នា។ ឆ្កែបានឮដូច្នេះ ក៏និយាយទៅកាន់ចៀមថា ”ពួកចៀមឯងទាំងអស់គ្នាសាកគិតមើលបន្ដិចសិន!!! ពួកឯងថាខ្ញុំនេះជាអ្នកដែលមិនបានការអ្វី… ចុះការដែលពួកឯងរាល់គ្នារស់នៅបានសុខពុំមានឆ្កែព្រៃ ឬសត្វសាហាវផ្សេងៗ មកចាប់សម្លាប់ធ្វើជាចំណី ដូចសព្វថ្ងៃនេះតើដោយសារក្បាលអ្នកណាជាអ្នកការពារពួកឯង? … ការដែលយើងខិតខំធ្វើការដោយពុំមានថ្លោះធ្លោយបែបនេះ ពួកឯងគិតទៅមើលថា តើយើងសមគួរតែបានទទួលអាហារល្អដែរឬទេ?”
ចាប់តាំងពីពេលនោះមក ហ្វូងចៀម ក៏ឈប់អាក់អន់ចិត្តតទៅទៀត។
រឿងនេះចង់ផ្តល់ទស្សនៈ និងគំនិតថា “មនុស្សម្នាក់ៗមានមុខនាទីរៀងៗខ្លួនចូរខិតខំបំពេញកិច្ចការរបស់ខ្លួនឲ្យបាន ល្អប្រសើរជាជាង ការចាំតែចាប់កំហុសអ្នកដទៃ។”
អត្ថបទទាក់ទង
One thought on “រឿងខ្លី៖ ហ្វូងចៀម និងឆ្កែគង្វាលចៀម អានហើយអ្នកនឹងដឹងថាមនុស្សម្នាក់ៗមានតួនាទីរៀងៗខ្លួន”