រឿងខ្លី៖ បុរសជនជាតិអារ៉ាប់ និងសត្វអូដ្ឋ
កាលពីព្រេងនាយ មានបុរសជនជាតិអារ៉ាប់ និងសត្វអូដ្ឋ បានធ្វើដំណើរឆ្លងកាត់វាលខ្សាច់ដ៏ធំល្វឹងល្វើយ។ ពេលយប់ អាកាសធាតុចុះត្រជាក់ខ្លាំង ហើយបុរសជនជាតិអារ៉ាប់នោះ ក៏បានចូលគេងក្នុងតង់ ដោយទុកឲ្យសត្វអូដ្ឋដេកនៅខាងក្រៅ។
ដល់ពេលយប់កាន់តែជ្រៅ អាកាសធាតុកាន់តែត្រជាក់ខ្លាំងឡើងៗ ហើយសត្វអូដ្ឋក៏អើតក្បាលចូលទៅក្នុងតង់ម្ចាស់ខ្លួន រួចសួរ៖ “តើខ្ញុំអាចសុំដេក ដោយគ្រាន់តែដាក់ក្បាលចូលក្នុងតង់នេះបានទេ?” ម្ចាស់វាក៏យល់ព្រម។ លុះបន្តិចមកទៀត សត្វអូដ្ឋក៏សុំម្ចាស់ម្តងទៀតដោយសុំដាក់កចូលថែមទៀត ពីព្រោះកាន់តែត្រជាក់ខ្លាំង ហើយម្ចាស់ក៏មិនថាអីដែរ។ ក្រោយមកទៀត សត្វអូដ្ឋក៏សុំដាក់ខ្លួនចូលថែមទៀត ហើយម្ចាស់ក៏ព្រមតាមសំណើ។
ដោយសារតែតង់នោះតូច មិនអាចផ្ទុកខ្លួនសត្វអូដ្ឋដ៏ធំ និងម្ចាស់វាបានឡើយ។ សត្វអូដ្ឋ បានទទួលភាពកក់ក្តៅយ៉ាងខ្លាំង និងដោយសារចេះតែសុំម្ចាស់បាន វាបានស្នើសុំឲ្យម្ចាស់ចេញដេកខាងក្រៅ ពីព្រោះវាពិបាកដេកណាស់។ ឮការស្នើសុំដូចនេះ ម្ចាស់ក៏កើតក្តីខឹងក្រោធឡើង រួចក៏បណ្តេញសត្វអូដ្ឋថ្លើមធំនោះចេញក្រៅវិញ ធ្វើឲ្យវារងអាកាសធាតុត្រជាក់ម្តងទៀត។
គតិអប់រំក្នុងរឿងនេះ គឺមុនពេលយើងសម្រេចចិត្តឲ្យនរណាម្នាក់ ឬអ្វីមួយចូលទៅ ក្នុងជីវិតរបស់យើងត្រូវគិតឲ្យបានច្បាស់។ ការអនុញ្ញាតឲ្យសភាវៈអាក្រក់ ដូចជាទម្លាប់អាក្រក់ ការគិតអវិជ្ជមានជាដើម តែងតែនាំមកនូវក្តីអំពល់ និងអាចរុញច្រានយើងធ្លាក់ទៅក្នុងគ្រោះភ័យជាមិនខាន។
អត្ថបទទាក់ទង