រឿងខ្លី៖ អ្នកនយោបាយ និងកូនក្មេង

ខណៈ​កំពុង​ជិះ​យន្តហោះត្រឡប់ទៅផ្ទះវិញ បុរសដែលជាអ្នកនយោបាយម្នាក់​កើតក្តីអផ្សុក ហើយក្រឡេកមើលជិតខ្លួន ក៏ឃើញក្មេងស្រីតូចម្នាក់កំពុងតែអង្គុយអាន​សៀវភៅ​។ 

គាត់ក៏បបួលនាងតូចនិយាយលេង ដើម្បីបន្លប់អផ្សុក និងដើម្បីឱ្យពេលវេលាកន្លងទៅលឿន។

នាងតូចក៏សួរថា៖ “តើពូចង់និយាយពីអ្វីទៅ?”

បុរសនោះក៏និយាយថា៖ “បើពូចង់សួរក្មួយពីរឿងពិភពលោកដូចជា រឿងឡើងកម្ដៅផែនដី សេដ្ឋកិច្ច ឬនយោបាយតើក្មួយអាចឆ្លើយរួចទេ?”

ក្មេងស្រី​នោះបាន​ឆ្លើយតប​ថា៖ ​”​ពិតជា​ប្រធានបទ​គួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្ដែ​ឱ្យ​ខ្ញុំ​សួរ​លោកពូ​មួយ​សំណួរ​ជាមុនសិន បើពូឆ្លើយចេញខ្ញុំនឹងឆ្លើយសំណួរលោកពូ​។”

បុរសនោះក៏យល់ព្រម!

នាងតូចក៏សួរថា៖ “សេះ គោ និង​ក្ដាន់​ គឺជា​សត្វ​ស៊ី​ស្មៅ​ដូចគ្នា​។ ក៏ប៉ុន្តែក្តាន់​ជុះអាចម៍​ចេញ​ដុំ​ទ្រវែង គោ​ជុះអាចម៍​ចេញ​ជា​សំប៉ែត ប៉ុន្តែ​ម៉េច​ក៏​សេះ​ជុះអាចម៍​ចេញ​កាក ទៅវិញតើពូដឹងទេ?”

បុរសនោះក៏គាំងស្ញេញរកនឹកចម្លើយមិនចេញក៏ប្រាប់ទៅនាងថា៖ “មិនដឹង!”

ហើយនាងក៏គ្រាន់តែចាប់សៀវភៅកាន់អានវិញ និងនិយាយថា៖ “បើគ្រាន់តែរឿងអាចម៍សត្វពូមិនដឹងផង តើធ្វើម៉េចនឹងអាចទៅពិភាក្សាពីរឿងនយោបាយ សេដ្ឋកិច្ចស្អីអស់នោះទៅ?”

រឿងនេះចង់បញ្ជាក់ថា ពេលខ្លះបើទោះបីជាយើងខ្លាំងពូកែតែ ក៏ត្រូវប្រយ័ត្នប្រយែងពេលនិយាយជាមួយក្មេងដែរ ព្រោះពេលខ្លះក្មេងអាចរកនឹកសំណួរ ឬរឿងរ៉ាវដែលយើងនឹកស្មានមិនដល់។ 


អត្ថបទទាក់ទង់

តើមានដឹងទេ! ថារូបគំនូរ “ការពិតចេញពីអណ្តូងទឹករបស់នាង” (Truth Coming Out of Her Well) មានតំណាលរឿងដូចម្តេច?

 

Leave a Reply

Your email address will not be published. Required fields are marked *