រឿងខ្លី៖ ឥន្ទ្រី និងកញ្ជ្រោង ផ្តល់អត្ថន័យដល់អ្នកសាងកម្មអ្វី រមែងទទួលផលកម្មអំពីទង្វើរបស់ខ្លួន
នៅក្នុងកម្រងរឿងនិទានអ៊ីសុប មានរឿងមួយតំណាលថា៖
សត្វឥន្ទ្រី និងកញ្ជ្រោង បានចងមិត្តនឹងគ្នា ដោយជ្រើសយកដើមឈើមួយធ្វើជាលំនៅ។ ឥន្ទ្រីធ្វើសំបុកនៅលើចុងឈើ ឯកញ្ជ្រោងកាយរូងមួយនៅក្បែរគល់ឈើ។ ក្រោយមក កញ្ជ្រោង និងឥន្ទ្រី ក៏មានកូនរៀងៗខ្លួន។
ថ្ងៃមួយ នៅពេលដែលកញ្ជ្រោងចេញទៅស្វែងរកចំណី ឥន្ទ្រីបានលបឆាបចាប់កូនកញ្ជ្រោងដែលកំពុងរត់លេងនៅក្បែររូងរបស់វា មកទុកធ្វើជាអាហារឲ្យកូនៗរបស់វា។ លុះមេកញ្ជ្រោងត្រឡប់មកវិញ រកកូនមិនឃើញ ក៏ងើយមើលសម្លឹងទៅលើមែកឈើ ដើម្បីសួរឥន្ទ្រី ស្រាប់តែបានឃើញកូនរបស់ខ្លួន ត្រូវឥន្រ្ទីឆបយកទៅទុកក្នុងសម្បុក។ ពេលនោះ កញ្ជ្រោងក៏អង្វរឥន្រ្ទីឲ្យកូនមកខ្លួនវិញ តែមេឥន្រ្ទីធ្វើព្រងើយមិនចាប់អារម្មណ៍។
មេកញ្ជ្រោងខឹងសម្បារជាខ្លាំង ក៏បានដើររកកម្ទេចឈើស្ងួត ហើយដុតភ្លើងរហូតមានផ្សែងហុយទ្រលោមបាំងបាត់សម្បុកឥន្រ្ទី។ មេឥន្រ្ទីខ្លាចកូនរបស់ខ្លួនមានគ្រោះថ្នាក់ ទើបភ្ញាក់រឮកសងកូនទៅឲ្យមេកញ្រ្ជោងវិញ។
រឿងនេះចង់ផ្តល់នូវទស្សនៈ និងគំនិតដល់មិត្តអ្នកអានថា “អ្នកសាងបាបកម្ម រមែងទទួលផលកម្ម អំពីទង្វើរបស់ខ្លួន”។
អត្ថបទទាក់ទង
រឿងខ្លី៖ កូនឥន្ទ្រី និងមេមាន់ បង្កប់អត្ថន័យអំពីការប្រើសក្ដានុពលជាឥន្ទ្រីនៅក្នុងខ្លួនអ្នក
រឿងខ្លីតែមានតម្លៃអប់រំល្អ❤️👍🏻