រឿងខ្លី៖ មេទ័ព និងអ្នកលេងអុក
ស្ថិតនៅក្នុងស្ថានការណ៍នគរកំពុងតែមានសង្គ្រាមពីការឈ្លានពានពីសត្រូវ ស្តេចទ្រង់ត្រាស់បញ្ជាឱ្យមេទ័ពរបស់ខ្លួនម្នាក់លើកទ័ពចេញទៅកម្ចាត់ចោរឈ្លានពានទាំងនោះ ចេញពីព្រំដែនរបស់ខ្លួនឱ្យបានឆាប់បំផុត។ មេទ័ពក្លាហាននោះមិនបង្អង់យូរទេ ក៏បានលើកទ័ពចេញភ្លាម ដោយបានឆ្លងកាត់ភូមិមួយដែលធ្លាប់ល្បីថានៅនទីនោះ មានអ្នកស្រុកម្នាក់ពូកែលេងអុកជាងខ្លាំង ហើយនៅតំបន់នោះពុំមានអ្នកណាលេងឈ្នះគាត់ឡើយ។
ដោយសារតែឮល្បីដូច្នេះ មេទ័ពបានបញ្ជាឱ្យកងទ័ពឈប់សម្រាកនៅពីមុខខ្ទមចាស់របស់គាត់ ហើយធ្វើជាចូលសុំទឹកផឹក។ ម្ចាស់ផ្ទះក៏បានអញ្ជើញលោកមេទ័ពចូលក្នុងផ្ទះ ដើម្បីជូនទឹកពិសា ជាការរាក់ទាក់ផង។ មេទ័ពនោះបានអរគុណ ហើយសួរទៅកាន់គាត់ថា “ខ្ញុំល្បីឈ្មោះលោកយូរមកហើយ ថាជាមនុស្សពូកែលេងអុកជាខ្លាំង គ្មានអ្នកណាលេងឈ្នះលោកទេ។” តើនេះជារឿងពិត? បុរសវ័យចំណាស់នោះញឹមៗ ហើយប្រកែកភ្លាមយ៉ាងប្រញាប់។
មេទ័ពនោះនៅតែមិនអស់ចិត្ត ក៏បានស្នើរសុំដល់ម្ចាស់ផ្ទះលេងអុកមួយក្ដាដើម្បីជម្រះមន្ទិលសង្ស័យនេះ ព្រោះមេទ័ពក៏ជាអ្នកពូកែលេងអុកម្នាក់ដែរ។ បុរសវ័យចំណាស់ដែលជាម្ចាស់ផ្ទះនោះ ដោយការគោរពលោកមេទ័ព និងការទុកមុខឱ្យផង គាត់ក៏ទទួលសំណើរនេះ។ រួចគាត់បានលើកក្ដាអុកចេញមក ដើម្បីលេងជាមួយមេទ័ព។
ក្នុងការប្រកួតក្ដាដំបូង មេទ័ពបានយកឈ្នះលើម្ចាស់ផ្ទះនោះ។ ពួកគេក៏បានលេងជាលើកទី២ម្តងទៀត។ ការប្រកួតជាថ្មីបានចាប់ផ្តើម តែលោកមេទ័ពនោះក៏នៅតែឈ្នះទៀត ដោយឃើញដូច្នេះ លោកមេទ័ពសប្បាយចិត្តជាខ្លាំងរួចញញឹម ហើយគិតក្នុងចិត្តថា គាត់បានផ្ទួលអ្នកខ្លាំងដែលល្បីល្បាញខាងលេងអុកនេះបានហើយ។ ការបញ្ចប់ក្នុងការសាកល្បងគ្នារួចរាល់ មេទ័ពបានអរគុណដល់ម្ចាស់ផ្ទះ រួចលាចេញទៅច្បាំងបាត់ទៅ។
កន្លងមកបានប៉ុន្មានខែ បានលេចឮដំណឹងថា មេទ័ពដែលធ្លាប់លេងអុកជាមួយគាត់ទទួលបានជ័យជម្នះ កំពុងតែវិលមករាជធានីវិញតាមផ្លូវដែលគេធ្លាប់ឆ្លងកាត់នេះ។ បុរសចំណាស់ម្ចាស់ផ្ទះនោះ ត្រេកអរក្នុងចិត្តនឹងជ័យជម្នះនេះ ក៏រង់ចាំជួបលោកមេទ័ពដើម្បីបង្ហាញពីការត្រេកអរនេះ។ មេទ័ពនោះក៏បានមកដល់មុខផ្ទះរបស់គាត់ រួចចុះមកអរគុណដល់ម្ចាស់ផ្ទះដែលជាអ្នកមានគុណធ្លាប់បានឱ្យទឹកដល់គាត់ពិសាមុនពេលចេញច្បាំង។ ពួកគេបានជជែកគ្នាលេងយ៉ាងសប្បាយចិត្ត ប៉ុន្តែមុននឹងពួកគេលាគ្នា មេទ័ពនោះចង់លេងអុកម្តងទៀត ដើម្បីជាការកម្សាន្តមុននឹងចាកចេញទៅ។
ការលេងអុកលើកនេះ គឺផ្ទុយនឹងលើកមុន ដោយលោកមេទ័ពចាញ់ម្តងហើយម្តងទៀត តែគាត់មិនអស់ចិត្តនៅតែលេងជាច្រើនលើកច្រើនសារតែមិនអាចយកឈ្នះម្ចាស់ផ្ទះបានសូម្បីតែមួយក្ដាសោះ។ ដូច្នេះ មេទ័ពបានសួរទៅម្ចាស់ផ្ទះថា «តើនេះមានន័យយ៉ាងម៉េច ព្រោះពីមុនចេញច្បាំងយើងលេងជាមួយគ្នាតែលោកលេងមិនឈ្នះខ្ញុំទេ តែពេលនេះខ្ញុំលេងមិនឈ្នះលោកវិញសូម្បីតែម្តង?» ។ ម្ចាស់ផ្ទះគាត់បានប្រាប់ថា “ការពិតមុនពេលដែលលោកមេទ័ពចេញច្បាំង ខ្ញុំបានបន្ធូរដៃឱ្យលោកមេទ័ព ដើម្បីមានទឹកចិត្តចេញច្បាំងនឹងសត្រូវយកជ័យជម្នះមកជូនដល់នគររបស់យើង។ បើខ្ញុំលេងឈ្នះលោកមេទ័ពមុនពេលចេញច្បាំង នោះលោកមេទ័ពនឹងអស់ទឹកចិត្តច្បាំង ហើយនិងមិនអាចយកជ័យជម្នះលើសត្រូវបានឡើយ” ។
តាមរយៈសាច់រឿងនេះ យើងអាចសិក្សាបានថា ការដែលយកចំណេះដឹងទៅសាកល្បងគ្នា ប្រកួតប្រជែងគ្នាដើម្បីយកឈ្នះចាញ់វាមិនជារឿងល្អនោះទេ។ ដូចជាពាក្យមួយថា “ភ្នំមួយខ្ពស់នៅមានភ្នំមួយខ្ពស់ទៀត។” ដូច្នេះ អ្វីដែលយើងគួរធ្វើគឺ ការយកចំណេះដឹងដែលមានទៅបម្រើប្រយោជន៍ដល់សង្គមជាតិ មនុស្សជាតិ ។ល។ ចំណេះដឹងមិនមែនទុកសម្រាប់អួតគ្នាទេ តែទុកសម្រាប់ប្រើការនៅពេលចាំបាច់ ដូចជាលោកមេទ័ពពូកែច្បាំង តែមិនពូកែលេងអុក ចំណែកឯអ្នកពូកែលេងអុក តែមិនមែនជាអ្នកខ្លាំងខាងច្បាំងលើសមរភូមិទេ។
អត្ដបទទាក់ទង