រឿងខ្លី៖ ​លា​និង​ឆ្កែ​មាន​ចៅហ្វាយ​រួម​គ្នា​

និទាន​នេះ​មាន​តំណាល​ក្នុង​ក្បួន​បារាំង​សេស មាន​នាយ​ដង្ខៅ​ម្នាក់ ផ្ទុក​គ្រឿង​ស្បៀង​អាហារ​ក្នុង​តាង​ដាក់​លើ​ខ្នង​លា មាន​សុនខ​ស្រុក​មួយ​ទៅ​ជាមួយ​គ្នា លុះ​ទៅ​ដល់ទី​វាល​មួយ​មាន​ដើមឈើ​ដុះ​ល្បោះ​ៗ នាយ​ដង្ខៅ​នោះ ក៏​ឈប់​សម្រាកកម្លាំង ដោយពេល​វេលា​នោះ​ជា​ពេល​ថ្ងៃត្រង់ ទើប​ចូល​ដេក​សម្រាក​ក្រោម​ដើមឈើ​ធំ លែង​សត្វ​លា​ឲ្យ​ស៊ី​ស្មៅ ប្រើ​ឆ្កែ​ឲ្យ​នៅ​ឃ្វាល​លា និង​ឲ្យ​មើល​ហេតុ​អន្ដរាយ​ឯ ទៀត​ៗ​ផង​។ ឯ​សុនខ​កើត​ឃ្លាន​បាយ ក៏​និយាយ​នឹង​លា​នោះ​ថា អាភឿន​អើយ គ្នា​ឃ្លានបាយ​ណាស់ ចូរ​ឯង​អោន​ខ្លួន​ចុះ​បន្ទាប​ខ្នង​បន្ដិច ឲ្យ​គ្នា​យក​បាយ​ក្នុង​តាង​នោះ​អាស្រ័យ​។ ឯ​លា​លឺ​ឆ្កែ​សុំ​បាយ​ដូច្នោះ ក៏​មិន​ចង់​ឲ្យ​ដោយ​ខ្លាច​នាយ​ផង ទើប​តប​ថា “ពេល​នេះ​មិន​ត្រូវ​ចៅ​ស៊ី​ទេ ចាំ​ដល់​ល្ងាច​សិន សឹម​យើង​ដាក់​ឲ្យ​ស៊ី​។” សុនខ​ក៏​អង្វរ​ថា “​គ្នា​ឃ្លាន​ណាស់​ចាំ​ល្ងាច​ពុំ​បាន​ទេ ចូរ​អាភឿន​ដាក់​មក​ឲ្យ​គ្នា​ស៊ី​សិន​។” លា​ក៏​តប​ទៅ​វិញ​ថា «”ចាំ​នាយ​គាត់​ភ្ញាក់​សិន​ចុះ សឹម​ស៊ី វេលា​នេះ​យើង​មិន​ហ៊ាន​ឲ្យ​ទេ​។” សុនខ​នោះ​បានលឺ​ថា​លា​មិន​ព្រម​ឲ្យ​ដូច្នោះ ក៏​តូចចិត្ដ គិត​ខឹង​នឹង​លា តែ​ពុំ​ហ៊ាន​ថា​អ្វី​ទៅ​ទៀត​។ ឯ​លា​នោះ​ដើរ​រកស៊ី​ស្មៅ​ស៊ី​ស្លឹកឈើ រៀង​ៗ​ទៅ​ដល់​ជាយ​ព្រៃធំ​១។

កាលនោះ​មាន​ឆ្កែព្រៃ​មួយ​បានឃើញ​លាមក​ស៊ី​ស្មៅ​តែ​ឯ ក៏​បោល​មក​នឹង​ខាំ​លា​ជា​អាហារ លា​ឃើញ​ឆ្កែព្រៃ​ដេញ​មក​ដូច្នោះ ក៏​ភិតភ័យ​តក់ស្លុត​រត់​មក​ត្រង់​ឆ្កែស្រុក ហើយ​ហៅ​ឆ្កែស្រុក​ថា “សម្លាញ់​អើយ​ជួយ​គ្នា​ផង​ឆ្កែព្រៃ​វា​ដេញ​ខាំ​គ្នា​ហើយ​។” ឯ​សុនខ​ស្រុក​ក៏​ស្ដី​ផ្ចាល​ទៅថា “​អើ​លា​អើយ​កាល​អញ​សុំ​បាយ​ស៊ី ឯង​ថា​ចាំ​នាយ​គាត់​ក្រោក ឥឡូវ​មាន​ភ័យ​ដល់​មក អញ​ចាំ​នាយ​គាត់​មក​ដែរ ទើប​អញ​ជួយ​បាន​” ថា​ហើយ​សុនខ ក៏​តាំង​អង្គុយ​នៅ​មើល​តែ​ពី​ចំងាយ​ហោង​។ ឯ​លា​ក៏​ភិតភ័យ​ក្រៃពេក​ណាស់ ឆ្កែ​រឹតតែ​បោល​ខាំ​អំពី​ក្រោយ​ត្របាក់ កែង ផុត​ៗ លា​នោះ​ក៏​រឹងរឹតតែ​ភ័យ​ខ្លាំង តាំង​បោល​បោះ​ផ្លោះ​ទៅ​ឯ​ដើម​ឈើ​ធំ ដែល​នាយ​ដង្ខៅ​ដេក​នោះ​ឯ ដល់​ហើយ​ក៏​ស្រែកហៅ​នាយ​ឲ្យ​ជួយ​អាត្មា ឯនាយ​ដង្ខៅ​បានឮ​សូរ​លា​ស្រែក​ដូច្នោះ ក៏​ភ្ញាក់​ក្រោក​ឡើង​ម្នីម្នា​បែរ​ទៅ​ឃើញ​ឆ្កែព្រៃ​ដេញ​ខាំ​លា ក៏​ស្រែ​ហៅ​សុនខ​ស្រុក​ឲ្យ​ជួយ​លា​ជា​ប្រញាប់។

ឯ​សុនខ​ស្រុក បានលឺ​នាយ​ហៅ​ឲ្យ​ជួយ​លា​ដូច្នោះ​ក៏​ស្ទុះ​ម្នីម្នា​បោល​ទៅ​ដេញ​ខាំ ឆ្កែព្រៃៗ ឃើញ​ឆ្កែស្រុកក៏​ខ្លាច ពុំ​អាច​បោល​ដេញ​លា​ទៅទៀត​ឡើយ ស្ទុះ​រត់​ចូល​ព្រៃ​បោល​ទៅ​កាន់​លំនៅ​អាត្មា​វិញ​ហោង​។ ឯនាយ​ដង្ខៅ កាល​ឆ្កែព្រៃ​បោល​បាត់​ទៅ​វិញ​ហើយ ទើប​ហៅ​លា និង​ឆ្កែ ស្រុក​ចូល​មក​សាកសួរ​ហេតុ​នោះ​ថា “លា​ឯង​អញ​ឲ្យ​ទៅ​ស៊ី​ស្មៅ បាន​ឲ្យ​ឆ្កែ​ទៅ​ឃ្វាល​ជួយ​មើល​ក្ដី​អន្ដរាយ​ផង ឥឡូវ​ឆ្កែព្រៃ​វា​ដេញ​ខាំ​ខ្លួន តើ​ហេតុ​អ្វី​ខ្លួន​ក៏​មិន​ទៅ​រក​ឆ្កែស្រុក​ឲ្យ​គេ​ជួយ ត្រលប់​បោល​មក​រក​អញ​វិញ អញ​បាន​ផ្ដាំ​ថា ឯង​ទៅ​រកស៊ី​ចុះ គ្នា​សុំ​ដេក​សម្រាក​ក​កម្លាំង​បន្ដិច ល្មម​ដល់​ពេល​ត្រជាក់​បន្ដិច នឹង​លើក​បរ​ទៅ​ទៀត។”

ឯ​លា​ក៏​តប​ឡើង​ថា “កាល​ឆ្កែព្រៃ​វា​ដេញ​នោះ ខ្ញុំ​បានរ​ត់ទៅ​រក​ឆ្កែស្រុក បាន​ស្រែកហៅ​ឲ្យ​ជួយ ឆ្កែស្រុក​គេ​ពុំ​ជួយ​ឡើយ គេ​ត្រឡប់​ថា ចាំ​នាយ​ភ្ញាក់​សិន​ទើប​គេ​ជួយ ឆ្កែស្រុក​គេ​ពុំ​នាំពា​យ៉ាងនេះ បានជា​ខ្ញុំបាទរ​ត់ម​ករក​នាយ​ឲ្យ​ជួយ​។” នាយ​ដង្ខៅ​លឺ​លា​ថា​ដូច្នោះ​ក៏​សួរ​ទៅ​ឆ្កែ​វិញ​ថា “ម្ដេច​ឯង​មិន​ជួយ​លា អញ​បាន​ផ្ដាំ​ផ្ដាច់​ថា​ឲ្យ​មើល​ក្ដី​អន្ដរាយ​ផង​។”

ឆ្កែស្រុក​ឆ្លើយ​ឲ្យ​ការណ៍​ថា “កាល​ខ្ញុំបាទ​ឃ្លានបាយ​ខ្ញុំបាទ​បាន​សុំ​លា​ថា គ្នា​ឃ្លានបាយ​ណាស់ ចូរ​ឯង​បង្អោន​ខ្លួន​បន្ដិច គ្នា​នឹង​យក​បាយកក​អាស្រ័យ​នោះ លា​ពុំ​ឲ្យ​ឡើយ គេ​ថា​ចាំ​នាយ​ភ្ញាក់​សិន​សឹម​ស៊ី​ចុះ ខ្ញុំបាទ​នឹក​ខឹង​នឹង​លា​យ៉ាងនេះ ដល់​ឆ្កែព្រៃ​វា​ដេញ​លាមក លា​ស្រែកហៅ ឲ្យ​ខ្ញុំ​ជួយ ខ្ញុំបាទ​ក៏​តប​ពាក្យ​គេ​វិញ​ថា ចាំ​នាយ​ភ្ញាក់​សិន​សឹម​ជួយ ពាក្យ​ខ្ញុំបាទ​ថា​នោះ​គឺ ថា​តែ​តាម​ពាក្យ​លា​ដែល​ពោល​មុន​នោះ​ឯង សូមនាយ​ជម្រះក្ដី​នេះ​ឲ្យ​ឃើញ​ខុស​ត្រូវ​យុត្ដិធម៌​ចុះ​” នាយ​ដង្ខៅ​សួរ​ទៅ​លា​វិញ​ថា “អើ​លា​ហេតុ​អ្វី​ឆ្កែ​គ្នា​សុំ​បាយ​កក​ស៊ី ម៉េច​ចៅ​មិន​ឲ្យ​ស៊ី​ទៅ​ហះ​។”

លា​តប​ទៅ​វិញ​ថា “បានជា​ខ្ញុំ​មិន​ទាន់​ឲ្យ​នោះ​ព្រោះ​ខុស​កាល​វេលា គឺ​ពេល​ព្រឹក​លោក​នាយ និង​ឆ្កែ​នេះ​បាន​បរិភោគ​រួច​ហើយ ពេល​ថ្ងៃត្រង់​លោកនាយ​មិន​ដែល ពិសា​ៗ​តែ​ដល់​ពេល​ល្ងាច​តែ​ម្ដង វា​ក៏​ស៊ី​ត្រូវ​ពេល​នឹង​នាយ​ដែរ កាល​ឆ្កែ​វា​សុំ​បាយ​ស៊ី​នោះ​គឺជា​ពេល​ថ្ងៃត្រង់ ឆ្កែ​ឃ្លាន អត់​របប​ខុសពេល​នាយ​ពិសា ហេតុ​នោះ​ខ្ញុំ​ឲ្យ​វា​ស៊ី​ម្ដេច​បាន បានជា​ខ្ញុំ​បាទ​ថា​ដូច្នេះ ព្រោះ​បាយ​ត្រី​អស់នេះ​ជា​របស់​នាយ នាយ​អនុញ្ញាត​ឲ្យ​ទើប​ខ្ញុំបាទ​ហ៊ាន​ដាក់​ឲ្យ និង​ចាត់ចែង​ឲ្យ​ដោយ​ចិត្ដ​ឯង​ឯណា​ក៏​បាន វិស័យ​អ្នក​នៅ​នឹង​នាយ​ចៅហ្វាយ ឬ​នៅ​នឹង​សំណាក់​គ្រូអាចារ្យ លោក​ឲ្យ​ឯង​ទទួល​ទុកដាក់​ស្បៀងអាហារ ឬ​ទ្រព្យសម្បត្ដិ​ឯណា​នីមួយ ត្រូវ​តែ​រក្សា​ថែទាំ​របស់​អស់នោះ កុំ​ឲ្យ​វិនាស​ទៅ​ដោយ​ការ​មិន​គួរ​បង់ មែន​បើ​នាយ​ចៅហ្វាយ ឬ​គ្រូអាចារ្យ​លោក​បង្គាប់​ថា ឲ្យ​នរណា​ៗ​នោះ​ទើប​អាច​នាំ​ចេញ​ឲ្យ​ទៅ​អ្នក​នោះ​ៗ​បាន មួយទៀត​អ្នករក្សា​ទ្រព្យសម្បត្ដិ​នាយ​ចៅហ្វាយ​នេះ ត្រូវ​ឲ្យ​ដឹង​វត្ថុ​នោះ​ៗ​ផង គឺ​វត្ថុ​ណា ចំណី​ណា ទុក​យូរ​ទៅ​ពុំ​បាន ល្មម​ប្រាប់​នាយ ឬ​រក​នាយ​នឹង​ប្រាប់​ពុំ​ឃើញ​ក្ដី ក៏​គប្បី​យក​មក​ចែកចាយ​ឲ្យ​ភឿន​ផង​អាស្រ័យ​ទៅ​ក៏​គួរ ព្រោះ​វត្ថុ​ចំណី​នោះ ទុក​ទៅ​នឹង​ខូច អសារ​អត់​ការ​ចោល​បង្សៀត ខ្ញុំបាទ​កាន់​ច្បាប់​យ៉ាងនេះ បានជា​សុនខ​សុំ​បាយ​ស៊ី​ខ្ញុំបាទ​មិន​ហ៊ាន​ឲ្យ​។”

ឯនាយ​ដង្ខៅ​បានលឺ​ពាក្យ​លា ពោល​ត្រូវ​ច្បាប់​ដូច្នោះ​ក៏​ត្រេកអរ ទើប​និយាយ​ទៅ​នឹង​ឆ្កែ​ថា “អើ​បា​សុនខ​, លា​និយាយ​ឲ្យ​ការណ៍​នេះ​ត្រូវ​ច្បាប់​ល្អ​ហើយ ចៅ​ឯង​តើ​សុខចិត្ដ​ចាញ់​ប្រៀប​ហើយ​ឬ ៗ ពុំ​សុខចិត្ដ​យ៉ាងណា ចូរ​ថា​ទៀត​ចុះ​” ឯ​សុនខ​ក៏​តប​ថា “ខ្ញុំបាទ​ពុំ​សុខ​ចិត្ដ​ចាញ់​លា​នេះ​ទេ ព្រោះ​លា​វា​ថា​លោកនាយ និង​ខ្ញុំបាទ​បរិភោគ​អាហារ​មាន​ពេល​វេលា គឺ​បរិភោគ​តែ​ព្រឹក និង​ល្ងាច ឯ​ពេល​ថ្ងៃត្រង់ ថ្ងៃរសៀល​បរិភោគ​ពុំ​បាន ចុះ​ត្រង់​រូប​លា​នេះ ម៉េច​ក៏​ស៊ី​ស្មៅ​ស៊ី​ស្លឹកឈើ​តែ​វាល់ល្ងាច ព្រឹក​ក៏​ស៊ី ថ្ងៃ​ក៏​ស៊ី ល្ងាច​ក៏​ស៊ី ស៊ី​គ្មាន​ពេល​ឈប់​សោះ ត្រង់​យើង​ម្ដេច​ក៏​ចាំបាច់​មាន​ពេលវេលា នេះ​បទ​១ មួយទៀត​ពាក្យ​លា​ថា អ្នករក្សា​ទ្រព្យ​របស់​នាយ​ចៅហ្វាយ​ត្រូវ​ដឹង​វត្ថុ​ដែល​ទុក​យូរ​បាន និង​ទុក​យូរ​មិន​បាន វត្ថុ​ណា​ទុក​យូរ​មិន​បាន នឹង​ខូច​ចោល​នោះ​ត្រូវ​អ្នករក្សា​ប្រាប់​នាយ ឬ បើ​រក​នាយ​នឹង​ប្រាប់​មិនឃើញ​ទេ ត្រូវ​នាំ​ចេញ​មក​ឲ្យ​ពួក​ភឿន​អាស្រ័យ សិន​ក៏​គួរ អើ​យ៉ាងដូច​បាយកក​នេះ ជា​វត្ថុ​សំណល់​សល់​អំពី​ព្រឹក ទុក​យូរ​ទៅ​ពុំ​បាន នឹង​ផ្អូម​ខូច​ចោល​បង់ អែ​ខ្ញុំបាទ​សុំ​បាយកក​នេះ​អាស្រ័យ ហេតុ​ម្ដេច​លា​មិន​អោយ​ខ្ញុំបាទ ខ្ញុំបាទ​នឹង​បាន​សុំ​វត្ថុ​ដែល​ទុក​យូរ​បាន ឬ ចំណី​ថ្មោង​កាលណា​សូម​លោកនាយ​ពិចារណា​ត្រង់​បទ​នេះ​ឲ្យ​ទាន តាម​ពាក្យ​ដែល​លា​ដោះស្រាយ​មក​នោះ​មើល?”

ឯ​លា​បានលឺ​ឆ្កែ​កែ​សំនួន​ស្រប​តាម​ពាក្យ​ខ្លះ​ដូច្នោះ ក៏​ឆ្លើយ​កាត់​ឡើង​ថា “នែចៅ​សុនខ ឯ​ពាក្យ​យើង​ថា​ខ្លួន​លោកនាយ និង​តួ​ចៅ​អែង​បរិភោគ​មាន​ពេលវេលា ត្រង់​យើង​ជា​សត្វ​លា​ស៊ី​ស្មៅ ស៊ី​ស្លឹកឈើ​មិន​មាន​ពេល​នេះ ព្រោះ​អាហារ​ចំណី​ខុស​គ្នា ខាង​ចៅ​ឯង​បរិ​ភោគ​​បាយ​ត្រី សាច់ ជា​អាហារៗ​នេះ​តែបើ​បរិភោគ​ឆ្អែត​ហើយ មិនបាច់​ឈប់​មក​ទំពា​អៀង​លំអិត​ទៀត​ឡើយ ឯខាង​យើង​ជា​ពួក​គោ ក្របី បរិភោគ​ស្មៅ​ជា​អាហារ ៗ​នេះ​តែ​បរិភោគ​ឆ្អែត​ហើយ ត្រូវ​ឈប់​រើ​ចេញ​មក​ទំពាអៀង​ទាល់តែ​ល្អិត កាល​ល្អិត​ហើយ​អាហារ​នោះ​តិច​ចុះ មិន​ពេញ ពោះ​ទៅ​វិញ ហេតុ​នោះ ទើប​យើង​ពួក​គោ ក្របី បរិភោគ​ពុំ​មាន​ពេល​ឈប់​យូរ​ដល់​ល្ងាច​បាន មួយទៀត តិណជាតិ​ទាំងឡាយ សឹង​ដុះ​ដាស​ពាស​ទួទៅ​ទាំង​ធរណី បណ្ដា​សត្វព្រៃ​ក្ដី សត្វស្រុក​ក្ដី​ត្រូវការ​អាស្រ័យ មិន​ចាំ​ទិញ​ដូរ ឬ​សុំ​នរណា​ទេ ត្រូវ​ស៊ី​បាន​អត់​ថ្លៃ ក៏​ឯ​អាហារ​បាយ ត្រី សាច់ ចំណែក​ខាង​មនុស្ស ឬ​សត្វ​ដែល​ត្រូវ​ស៊ី​នោះ សឹង​បាន​មក​ដោយ​ទិញ​ដូរ​គេ​ទើបបាន​មក នឹង​ទៅ​បរិភោគ​អត់​ពេល​អត់​វេលា ដូច​យ៉ាង​ស្មៅ​នោះ​ពុំ​បាន ជា​ការ​ចុះ​ទុន​ច្រើន​ៗ នាំ​ឲ្យ​បាន​ក្ដី​ក្រ​លំបាកទៅ​ខាង​មុខ មួយទៀត​ទោះ​សត្វ​ស៊ី​ស្មៅ​ក្ដី ស៊ី​បាយ​ក្ដី​តែ​មាន​ម្ចាស់​ចាត់​ឲ្យ​ស៊ី យ៉ាងណា​ក៏​តោង​ប្រព្រឹត្ដ​តាម​ការ​របស់​ម្ចាស់​នោះ​ឯង មួយទៀត​ឆ្កែ​ពោល​ពាក្យ​ថា បាយកក​ជា​បាយ​សំណល់ ជា​វត្ថុ​ទុក​យូរ​ពុំ​បាន​ក៏​ពិតមែន តែ​ទុក​ទៅ​ត្រឹម​ពេល​ល្ងាច ក៏​មិន​ទាន់​ផ្អូម​ខូច​ដែរ នៅ​អាស្រ័យ​ទៀត​បាន ហេតុ​នោះ​បានជា​យើង​មិន​អោយ យើង​ចាំ​ជម្រាប​នាយ​សិន ជា​គាត់​ឲ្យ ឬ​មិន​ឲ្យ​ក៏​តាម​ចិត្ដ​លោកនាយ​ចុះ​។”

ឯនាយ​ដង្ខៅ លឺ​សត្វ​ទាំង​ពីរ​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នោះ ក៏​ឆ្លើយ​កាត់​ឡើង​ថា “ការណ៍​អស់នេះ ជា​ទោស​ខុស​ធ្លាក់​មក​លើ​អញ​ជា​នាយ​វិញ​ចុះ ព្រោះ​អញ​មិន​បាន​មើល​កល មើល​ការ​ផ្ដា​ក់​ផ្ទុក​ផ្ដាំ​លា​ឲ្យ​បែង​បាយ​ថ្ងៃ ចែក​ឲ្យ​ឆ្កែ​គ្នា​ស៊ី​ផង អើ​ពី​ថ្ងៃនេះ​ទៅ​លា​ឯង​មើល ពេល គួរ​ឲ្យ​ឆ្កែ​គ្នា​បាន​អាស្រ័យ​ផង​ចុះ​” ថា​ហើយ​នាយ​ដង្ខៅ ក៏​រៀប​ប្រដាប់​លើក​ដាក់​លើ​តាង​លាប​រលា​ទៅ​កាន់​ស្រុក​នៃ​អាត្មា​ហោង។

រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​អ្នក​នៅ​នឹង​នាយ​ចៅហ្វាយ ឬ​គ្រូអាចារ្យ ដែល​លោក​ឲ្យ​ខ្លួន​រក្សាទ្រព្យ​សម្បត្ដិ គួរ​យក​គតិ​លា​ជា​ច្បាប់​នៃ​អាត្មា ទើបបាន​ក្ដី​គាប់​ក្នុង​លោកីយ៍​នេះ​ហោង។


រឿងខ្លី៖ បំណែកក្រដាស ផ្តល់ទស្សនៈឲ្យគិតមុននិយាយថាអ្វីពិតឬមិនពិត

Leave a Reply

Your email address will not be published. Required fields are marked *