ការសន្ទនារវាង ឡៅជឺ និង លោកគ្រូរបស់គាត់ បង្កប់អត្ថន័យដ៏អស្ចារ្យ

ពេល ឡៅជឺ មកដល់ គាត់ក៏បាននិយាយទៅកាន់គ្រូរបស់គាត់ថា “លោកគ្រូ ជិតដល់ ពេលឡើងឋានសួគ៌ហើយ… តើលោកគ្រូមានដំបូន្មានអ្វីដល់សិស្សទៀតដែរឬទេ?”

ឆាងចាំង និយាយដោយសំលេងខ្សាវៗថា “ទោះបីជា ឯងមិនសួរ ក៏យើងនៅតែប្រាប់ឯងជាដដែល! ពេលឆ្លងកាត់ស្រុកកំណើត ត្រូវចុះពីរទេះ! តើឯងដឹងទេ?”

“ខ្ញុំដឹងហើយ លោកគ្រូ!” ឡៅជឺ ឆ្លើយ ហើយបន្តថា “ឆ្លងកាត់ស្រុកកំណើត ឲ្យចុះពីរទេះបានន័យថា កុំឲ្យយើងភ្លេចរឿងដើម មែនទេលោកគ្រូ?”

ឆាងចាំង ញញឹមហើយពោលបន្ដ “ត្រូវហើយៗ! ចុះចំណែកពាក្យថា “បើដើរកន្លងដើមឈើធំ ឲ្យឈានជំហានខ្លីៗ តើឯងដឹងទេ?”

“បាទ ដឹង! ឡៅជឺ ឆ្លើយ… កន្លងឈើធំ ឲ្យឈានខ្លីៗ មានន័យថាត្រូវគោរពមនុស្សចាស់ទុំ អ្នកចេះដឹង មែនទេលោកគ្រូ?” 

“ត្រូវហើយ!” ឆាងចាំង ងក់ក្បាលញញឹមមួយសន្ទុះ ក៏សួរបន្ដ “ឯងមើលមកយើងមើល៏! អណ្ដាតយើងនៅសល់ដែរទេ?”

“នៅលោកគ្រូ!” ឡៅជឺ ឆ្លើយ។

“ចុះ ធ្មេញរបស់យើងមាននៅសល់ទេ?” លោកគ្រូ សួរបន្ដ…

“សូម្បីតែមួយក៏គ្មានដែរ លោកគ្រូ” ឡៅជឺ ឆ្លើយតប…

ឆាងចាំង សួរបន្ដ “ឯងគិតទៅមើល៏ថា តើរឿងនេះ យើងចង់និយាយពីអ្វីដែរ?”

ឡៅជឺ គិតមួយសន្ទុះ ទើបឆ្លើយ “ឱ! ខ្ញុំនឹកឃើញហើយលោកគ្រូ! ការដែលអណ្ដាតនៅសល់គឺព្រោះតែ វាទន់ ឯធ្មេញដែលបាក់អស់ គឺព្រោះពីវារឹងហួសហេតុពេក។ អញ្ចឹងមែនទេ លោកគ្រូ?”

ឆាងចាំង អង្អែលខ្នងដៃរបស់ ឡៅជឺ ហើយពោលដោយក្ដីរំភើបថា “ពិតមែនហើយ! រឿងរ៉ាវផ្សេងៗ សព្វបែបយ៉ាង នៅលើលោកនេះហេតុផលនៃការប្រព្រឹត្ដចំពោះខ្លួនឯង និងការប្រព្រឹត្ដចំពោះអ្នកដទៃវាស្ថិតនៅលើរឿងអណ្ដាត និងធ្មេញ តែប៉ុណ្ណោះ។ យើងពុំមានអ្វីនឹងប្រាប់ ឯងឲ្យលើសពីនេះទៀតទេ!”


អត្ថបទទាក់ទង

ទស្សនៈដ៏មានអត្ថន័យ ទាំង១០ របស់ឡៅជឺ

Leave a Reply

Your email address will not be published. Required fields are marked *