រឿងខ្លី៖ មាន់គក និងដុំពេជ្រ
មានតំណាលថា មានមាន់គកមួយក្បាលកំពុងតែកាយដី ដើម្បីស្វែងរកចំណីជាមួយហ្វូងមាន់ដទៃទៀត។ ខណៈពេលដែលកំពុងកាយដីនោះ ស្រាប់តែវាបានប្រទះនឹងគ្រាប់ពេជ្រដែលមានពន្លឺដ៏ស្អាតមួយគ្រាប់។
ដោយលើកគ្រាប់ពេជ្រមួយដុំឡើង មាន់គក បានបន្លឺសម្លេងឡើងថា៖ “បើម្ចាស់របស់យើងបានមកឃើញឯងវិញ ច្បាស់ណាស់គាត់នឹងរើសយកចៅឯងទៅជាមិនខាន ដោយសារចៅមានតម្លៃណាស់សម្រាប់គាត់ ប៉ុន្តែសម្រាប់ខ្ញុំវិញ ចៅឯងមិនមានតម្លៃសោះឡើយ។ ស្រូវ ឬ អង្ករទៅវិញទេ សូម្បីតែមួយគ្រាប់ ក៏មានតម្លៃច្រើនជាងចៅឯងដែលជាពពួកត្បូងពេជ្រទៅទៀត”។ និយាយរួច សត្វមាន់ ក៏ឈប់ចាប់អារម្មណ៍នឹងគ្រាប់ពេជ្រមួយគ្រាប់នោះ ហើយបែរមកកាយដីរកចំណីអាហារបន្តទៀត។
គតិអប់រំក្នុងរឿងនេះ គឺបុគ្គលដែលស្គាល់ច្បាស់ពីអ្វីដែលត្រូវការ និងអ្វីដែលមិនចាំបាច់រមែងតែងទទួលបាននូវសេចក្តីសុខ។ មនុស្សឆ្លាត ចូលចិត្តធ្វើអ្វីដែលចាំបាច់ ជាជាងរបស់របរ ឬរឿងកំប៉ិចកំប៉ុកដែលគ្មានតម្លៃ ដែលធ្វើឲ្យកើតនូវភាពក្រអឺតក្រទម និងភាពខ្ជះខ្ជាយតែប៉ុណ្ណោះ។
អត្ថបទទាក់ទង