រឿងហុងស៊ុយ ១៦៨

មានរឿងដំណាលមួយបាននិទានតៗគ្នាថា មានក្មេងប្រុសម្នាក់កំព្រាឱពុកម្តាយតាំងពីតូច រស់នៅជាមួយបុរសម្នាក់ដែលមានអាជីពជាគ្រូបណ្តុះបណ្តាលដែលមានចំណេះដឹង និងជំនាញខាងជំរុញលើកទឹកចិត្ត ពោលគឺជាអ្នកជំនាញផ្នែកអភិវឌ្ឍមនុស្ស។ លោកគ្រូបណ្តុះបណ្តាលម្នាក់នោះ តែងតែនាំក្មេងប្រុសម្នាក់នោះ (ជាកូនចិញ្ចឹម) ទៅចូលរួមគ្រប់កម្មវិធីសិក្ខាសាលាតូចធំទាំងអស់ក្រៅពីម៉ោងសិក្សានៅឯសាលា។

និទានពីក្មេងនោះ មានប្រាជ្ញាមិនចាញ់ឱពុកចិញ្ចឹមរបស់ខ្លួនទេ។ ក្មេងនោះមាននិស្ស័យចូលចិត្តសិក្សារៀនសូត្រ ជាពិសេសពូកែឆ្ងល់ ពូកែសួរណាស់។ ថ្ងៃមួយ ពេលក្មេងប្រុសម្នាក់នោះចេញពីសាលារៀន ក៏បានឃើញមានហាងលក់ទំនិញមួយនៅតាមដងផ្លូវត្រឡប់ទៅផ្ទះ មានឈ្មោះថា “ហាង ១៦៨”។ ក្មេងនោះកើតចម្ងល់ ហើយក៏បានសួរម្ចាស់ហាងថា “តើហេតុអ្វីបានជាលោកថៅកែដាក់ឈ្មោះហាង១៦៨?”

ម្ចាស់ហាងចម្លែកចិត្ត ពេលបានលឺក្មេងប្រុសតូចម្នាក់នោះសួរដូច្នោះ បន្ទាប់មកគាត់ក៏បានឆ្លើយតបថា “ឯងមិនដឹងទេ! នោះជាលេខហុងស៊ុយណា”? ក្មេងនោះក៏ផុសចម្ងល់ថ្មីមួយផ្សេងទៀតថា “ធ្វើម៉េចដឹងថាពិតជាលេខហុងស៊ុយនាំសំណាងទៅ?”

ម្ចាស់ហាងឆ្លើយតបឱ្យតែរួចខ្លួន ទំនងជាធុញទ្រាន់សំណួរឆ្កូតៗរបស់ក្មេងនោះ រួចក៏បញ្ជាដាក់ក្មេងនោះថា “សួរឱពុកឯងទៅ! គាត់អាចប្រាប់ និងពន្យល់ឯងពីរឿងនេះបានល្អ ព្រោះថាគាត់ជាគ្រូបណ្តុះបណ្តាលដ៏ល្បី។”

មិនទាន់បានដាក់សំពាយសិក្សាផង (កាតាប) ក្មេងនោះក៏បានសួររត់ទៅឱពុករបស់ខ្លួនដោយចិត្តអន្ទះសារថា “លោកពុក! លេខ១៦៨ ជាលេខហុងស៊ុយមែនទេ?”

ឱពុកញញឹមយល់ពីនិស្ស័យកូនគាត់ បើមិនផ្តល់ចម្លើយសមហេតុផលនោះទេ ប្រាកដជាក្មេងនោះគេងមិនលក់ទេ ច្បាស់ជាសួរគ្មានទីបញ្ជប់ បន្ទាប់មកគាត់ក៏បានឆ្លើយតបវិញថា “លេខ ១៦៨ ហ្នឹង ថាជាលេខហុងស៊ុយក៏បានឬជាលេខហុងស៊យក៏បាន ត្បិតថា ១៦៨ ជាចំនួនម៉ោងក្នុងមួយសប្ដាហ៍ (២៤ម៉ោង × ៧ថ្ងៃ = ១៦៨)។ ក្នុងមួយសប្ដាហ៍ ឬ១៦៨ម៉ោងនេះ អ្នកណាធ្វើរឿងល្អបានច្រើនជាងគេ អ្នកនោះមានហុងស៊ុយ តែបើអ្នកធ្វើរឿងអាក្រក់ច្រើនជាងគេ អ្នកនោះគ្មានហុងស៊យ។” គាត់ក៏សួរបញ្ជាក់ទៀតថា “ទាន់ទេ”?

ក្មេងប្រុសម្នាក់នោះគិតក្នុងចិត្តថា ចម្លើយឱពុកគាត់ពិតជាមានហេតុផលទទួលយកបាន មិនដូចម្ចាស់ហាងចេះតែនិយាយឱ្យតែរួចពីមាត់នោះទេ។


អត្ថបទទាក់ទង

រឿងខ្លី៖ ភាពស្ងៀមស្ងាត់របស់ ឡៅ ជឺ (Lao Tzu)

 

Leave a Reply

Your email address will not be published. Required fields are marked *