រឿងខ្លី៖ តើខ្ញុំខុសអ្វី?

មានបុរសម្នាក់ប្រតិបត្តិអំពើល្អពេញមួយជីវិតទៅកាន់មនុស្សជុំវិញខ្លួន។ ថ្ងៃមួយ គាត់បានយកច្រឡំទូរសព្ទ័ដៃមួយពីមិត្តរួមតុកាហ្វេជាមួយគ្នា (ព្រោះដាក់នៅក្បែរគ្នា) រួចគាត់ក៏ចេញបាត់ផុតទៅ។ មួយសន្ទះក្រោយមក ស្រាប់តែឮសំលេងអ៊ូអរពេញហាងកាហ្វេថាបាត់ទូរស័ព្ទ។ ម្ចាស់ទូរសព្ទ័គិតថា បុរសចិត្តធម៌នោះបន្លំយករបស់ខ្លួនទៅដោយចេតនា មិនអស់ចិត្តគាត់ក៏ឱ្យម្ចាស់ហាងពិនិត្យមើលក្នុងកាម៉ារ៉ាសុវត្ថិភាព ឃើញថាបុរសចិត្តធម៌យកទៅមែន។

ក្រោយមក ដំណឹងដែលថាបុរសចិត្តធម៌នោះយកទូរស័ព្ទគេ ក៏ល្បីពេញសហគមន៍គាត់រស់នៅ ទោះបីក្រោយមកគាត់បានយកទៅដូរម្ចាស់ដើមវិញក៏ដោយ។ មនុស្សក្នុងសហគមន៍មួយចំនួន ចាប់ផ្តើមសង្ស័យគាត់ថាជាចោរ។ បុរសចិត្តធម៌នោះ មិនសូវចេញទៅក្រៅដូចកាលមុននោះទេ ព្រោះមិនចង់ឮពាក្យមិនល្អពីអ្នករស់នៅក្នុងសហគមន៍។
គាត់ក៏បានទៅសួរលោកគ្រូរបស់គាត់ថា៖ “ហេតុអ្វីបានជាខ្ញុំខិតខំធ្វើអំពើល្អៗស្ទើតែពេញមួយជីវិតខ្ញុំទៅហើយ បែរជាត្រូវបានគេគិតថាខ្ញុំជាចោរ ឬមនុស្សមិនល្អទៅវិញ ត្រឹមតែមួយប៉ព្រិចភ្នែកសោះបែបនេះលោកគ្រូ?”

លោកគ្រូញញឹមយល់ហេតុការណ៍ គាត់ក៏បានយកក្រដាស់សមួយផ្ទាំងដែលមានទឹកខ្មៅមួយតូចល្មមនៅចំកណ្តាលឱ្យបុរសចិត្តធម៌នោះ ហើយក៏សួរថា៖ “តើឯងបានឃើញអ្វីដែរលើក្រដាស់នេះ?”
បុរសនោះបានតបវិញថា៖ “ខ្ញុំឃើញទឹកខ្មៅនៅចំកណ្តាលលោកគ្រូ”។

លោកគ្រូញញឹមងក់ក្បាល រួចពោលថា៖ “ត្រឹមត្រូវ! ទឹកខ្មៅតូចមួយឯងមើលឃើញច្បាស់មុនគេ ចុះពណ៌សពេញផ្ទៃក្រដាស់ធំបំផុតម្តេចក៏ឯងមើលមិនឃើញ!” លោកគ្រូក៏បានបន្តទៀតថា៖ “ពណ៌សសំដៅលើទង្វើ ឬការប្រព្រឹត្តល្អ (ទំហំធំណាស់) ចំណែកពណ៌ខ្មៅសំដៅលើទង្វើ ឬការប្រព្រឹត្តមិនល្អ (ទំហំតូចខ្លាំង) ប៉ុន្តែមនុស្សបែរជាឃើញច្បាស់ និងមុនគេទៅវិញ រួចបំភ្លេចពណ៌សទាំងអស់។”

គំនិតអប់រំ៖

ជាធម្មតា មនុស្សយើងច្រើនតែមើលឃើញចំណុចអាក្រក់ ឬកំហុសតូចមួយ ដោយបំភ្លេចរឿងល្អៗជាច្រើនដែលគេធ្វើទៅវិញ ប្រៀបដូចសុភាសិតខ្មែរមួយបានពោលថា៖

“ធ្វើបុណ្យមួយសំពៅ ទោសចូលទៅ រលាយបាត់អស់។”


អត្ថបទទាក់ទង

រឿងខ្លី៖ កំហុស និងការកែប្រែ

 

Leave a Reply

Your email address will not be published. Required fields are marked *