រឿខ្លី៖ សេដ្ឋី និងអ្នកសុំទាន
ថ្ងៃមួយ មានសេដ្ឋីម្នាក់បានដើរហាត់ប្រាណ និងកំសាន្តតាមមាត់ទន្លេ ពេលនោះគាត់ក៏បានឮអ្នកសុំទានម្នាក់ស្រែកហៅសុំប្រាក់ពីគាត់ដោយពោលពាក្យថា “ឱ្យខ្ញុំសុំប្រាក់ខ្លះមក ដើម្បីបានទិញបាយហូប ខ្ញុំពុំមានបាយហូបពីរថ្ងៃហើយ។”
សេដ្ឋីរូបនោះបានឈប់ រួចក៏ចាប់ផ្តើមនិយាយថា “ហេតុអ្វីបានជាអ្នកមិនស្វែងរកការងារធ្វើ មើលទៅអូនមានរាងកាយមាំមួនណាស់។”
អ្នកសុំទានរូបនោះបានតបទៅវិញដោយទឹកមុខក្រៀមក្រំថា “ខ្ញុំមិនមានចំណេះជំនាញអ្វីទេ តើឱ្យខ្ញុំទៅធ្វើអ្វីបាន? ម្យ៉ាងខ្ញុំគ្មានទុនដូចគេអ្នកមានទេ ឱ្យទៅរកស៊ីក៏មិនកើត!”
សេដ្ឋីនោះញញឹមស្តាប់អ្នកសុំទានដោយយកចិត្តទុកដាក់ បន្ទាប់មកគាត់ក៏សួរអ្នកសុំទានថា “បើមានគេចង់ទិញភ្នែកទាំងគូរ ដៃទាំងគូរ ជើងទាំងគូរ ឬផ្នែកផ្សេងទៀតនៃរូបកាយអូន តើអូនលក់ទេ? ហើយលក់ក្នុងតម្លៃប៉ុន្មានដែរ?”
ឮដូច្នេះ អ្នកសុំទានរូបនោះ ក៏កើតចិត្តខឹងសម្បារយ៉ាងខ្លាំង បន្ទាប់មកក៏តបវិញយ៉ាងគម្រោះគម្រើយថា “អ្នកឯងឆ្កួតទេដឹង នរណាក៏ដឹងថារបស់ទាំងអស់នេះសំខាន់ចំបាច់ និងមានតម្លៃមិនអាចកាត់ថ្លៃបានទេ។” គាត់ក៏បាននិយាយបន្តទៀតថា “ស្អប់អ្នកមានខ្លាំងណាស់ អាងខ្លួនមានលុយចង់ធ្វើអ្វីតាមចិត្តមែនទេ?”
សេដ្ឋីរូបនោះក៏បានសួរបន្តទៀតថា “ចុះអ្នកបានប្រើប្រាស់របស់ទាំងអស់នេះឱ្យសមនឹងតម្លៃដែលអ្នកបាននិយាយហើយឬនៅ? គាត់បាននិយាយបន្តទៀតថា “សូមកុំសួររកទុន កុំរអ៊ូរថាគ្មានចំណេះជំនាញ កុំបន្ទោសអ្នកដទៃ អ្នកដឹងទេរបស់ទាំងអស់នេះគឺជាទុនរបស់អ្នកហើយ។”
គំនិតអប់រំ៖
ពេលអ្នកកើតមកពេញលក្ខណៈជាមនុស្ស ឈ្មោះថាអ្នកមានទ្រព្យសម្បត្តិ និងទុនដ៏មហាសាលទៅហើយ តែអ្នកទេមិនចេះប្រើ និងទាញឱ្យកើតជាប្រយោជន៍ បែបជាទ្រាំរស់ក្នុងសភាពដ៏លំបាកបំផុត និងស្រែកបន្ទោអ្នកដទៃ និងព្រហ្មលិខិតទៅវិញ។ សូមឈប់ប្រមាថខ្លួនឯងតទៅទៀតទៅ!
អត្ថបទទាក់ទង