រឿង អ្នករត់តុគុយទាវ

នៅទសវត្សរ៍ឆ្នាំ៨០ មានគ្រួសារអភិជនមួយរស់នៅក្នុងទីក្រុងដែលមានកូនប្រុសតែម្នាក់គត់។ គ្រួសារនោះ មានជំនួញនៅក្នុងដៃជាច្រើនដំណើរការណ៍ល្អ។ កូនប្រុសក្នុងត្រកូលអភិជនោះមានឭកពាថ្ងៃថ្នូរ ស្លូតបូត ឆ្លាតវៃ និងកតញ្ញូដឹងគុណចំពោះឱពុកម្តាយ ពោលនោះជាសំណាងក្នុងសំណាង។ នៅសម័យកាលនោះ មិនខ្វះទេ មានគេលើកកូនក្រមុំឱ្យ ព្រោះតែហេតុផលខាងលើនេះ។ 

ក្រោយប្រឡងចប់ទុតិយភូមិ (បាក់ឌុប) ឱពុកបានបញ្ជូនកូនទៅសិក្សានៅបរទេសលើមុខជំនាញគ្រប់គ្រងអាជីវកម្មរយៈពេលបួនឆ្នាំ ដោយគាត់មានបំណងចង់ឱ្យកូនរបស់ខ្លួនស្នងតំណែងមុខជំនួញរបស់គាត់ទាំងអស់។  ពេលវេលាបានកន្លងផុតទៅរយៈបួនឆ្នាំ ជាពេលដែលកូនប្រុសបញ្ចប់ការសិក្សា និងត្រូវត្រឡប់ចូលមាតុភូមិវិញ។ ដំណឹងនេះបានលេចលឺដល់គ្រួសារសំខាន់ៗ និងអភិជនជាច្រើនបានទៅទទួលហែហមជារថយន្តទំនើបៗ ដោយសង្ឃឹមថាប្រសិនបើក្មេងប្រុសម្នាក់នោះព្រមចូលរថយន្តមួយណា មានន័យថាគាត់ព្រមរូមរស់នៅក្នុងគ្រួសារនោះ (រៀបការជាមួយកូនស្រីគេ) 

មិនទាន់ទាំងបានដើរបានដប់ម៉ែត្រផង ស្រាប់តែឱពុកក្មេងនោះបានទាញដៃកូនរបស់ខ្លួនចូលក្នុងរថយន្តគាត់ រួចបាននិយាយទៅកាន់កូនខ្លួនថា “តើឱពុកអាចសុំអ្វីមួយពីកូនបានអត់?”

កូនប្រុសទទួលអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានលឺឱពុកនិយាយដូច្នេះ បន្ទាប់មកក៏បានឆ្លើយតបវិញថា “ហេតុអ្វីមិនអាចលោកឱពុក នេះជាលើទីមួយដែលពុកបានសុំអ្វីពីកូន។

ឱពុកញញឹម ហើយបានលើសំណើរថា “តើកូនអាចជិះរថយន្តជាមួយពុកបានទេ?”

បាទ! ត្រូវតែអ៊ីចឹងពុកកូនប្រុសតបវិញដោយក្តីគោរព។ 

អ្នកទាំងពីរធ្វើដំណើរមិនទាន់ដល់ផ្ទះផង ស្រាប់តែអ្នកបញ្ជារថយន្ត (driver) ក៏បានបង្វៀងផ្លូវទៅទីប្រជុំជននៅតំបន់ដាច់ស្រយាលមួយ។ ខណៈនោះឱពុកក៏បានលើកសំណើរទីពីរទៅកាន់កូនប្រុសម្តងទៀតថា “តើឱពុកអាចសុំអ្វីមួយពីកូនម្តងទៀតបានទេ?”

កូនប្រុសក៏បានឆ្លើយថាយល់ព្រមទាំងក្នុងចិត្តមិនស្ងប់ជាមួយបរិយាកាសថ្មីមិនដែលស្គាល់ពីមុនមក។ ឱពុកក៏បានស្នើថា “តើកូនអាចទៅធ្វើការងារជាអ្នករត់តុហាងគុយទាវនោះរយៈមួយឆ្នាំកន្លះបានទេ?”

កូនប្រុសម្នាក់នោះ ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តតាម ប៉ុន្តែសតិសមជ្ឍញ្ញៈបានប្រាប់ថាគ្មានឱពុកម្តាយឯណាចង់ធ្វើបាបកូននោះទេ បន្ទាប់មកក្មេងនោះក៏យល់ព្រមជាលើកទីពីរ។ ឱពុកក៏បានបញ្ជាឱ្យកូនប្រុសខ្លួនដូរសម្លៀកបំពាក់ចាស់ៗរហែកដុំៗ ដោយអ្វីៗត្រូវបានរៀបចំរួចជាស្រេចបង្ហាញថានេះជាផែនការរបស់គាត់។ អ្នកទាំងពីរក្នុងសម្លៀកបំពាក់ចាស់ៗ តុបតែងខ្លួនដូចជាអ្នកក្រខ្សត់បានធ្វើដំណើរសំដៅទៅហាងគុយទាវមួយ ដោយសុំឱ្យថៅកែហាងគុយទាវអនុញ្ញាតឱ្យកូនប្រុសខ្លួនធ្វើក្នុងហាងនោះក្នុងឋានៈជាអ្នករត់តុ ឬលាងចាន។ ថៅកែហាងបន្ទាប់ពីសួរនាំ និងចរចាររួច ក៏បានយល់ព្រម។ 

នេះជាលើកដំបូងក្នុងឆាកជីវិតកូនប្រុសអភិជនធ្វើការងារជាអ្នករត់តុ ទទួលបានការស្តីបន្ទោសប្រមាថពីថៅកៅ និងភ្ញៀវរាល់ៗថ្ងៃ។ ការលុតដំផ្លូវកាយផ្លូវចិត្តនៃវិញ្ញាសាមួយនេះ វាពិតជាលំបាកពេកហើយសម្រាប់ក្មេងប្រុសអភិជនម្នាក់នេះ ប៉ុន្តែវាជាការសម្រេចចិត្តរបស់ខ្លួន ម្យ៉ាងនេះជាកិច្ចសន្យាជាមួយឱពុកថាត្រូវតែធ្វើឱ្យបានរយៈពេលមួយឆ្នាំកន្លះ។  ពីមួយខែទៅមួយខែ ក្មេងប្រុសម្នាក់នោះបានរៀនសូត្រមេរៀនជាក់ស្តែងបានច្រើនណាស់ ជាពិសេសឥរិយាបទរបស់អតិថិជនរហូតទទួលបានការសរសើរពីថៅកែ។ 

មានរថយន្តជាច្រើនបានចតនៅមុខហាង ដើម្បីមកទទួលក្មេងប្រុសរត់តុត្រឡប់ទៅផ្ទះវិញ ព្រោះមួយឆ្នាំកន្លះបានកន្លងផុតទៅ។ ឱពុកក្មេងប្រុសម្នាក់នោះ បានអរគុណរថៅកែហាងដែលបានបង្រៀនបទពិសោធន៍ជីវិតជាក់ស្តែងក្នុងនាមជាកម្មករ និងចរចារសុំទិញហាងគុយទាវនោះក្នុងតម្លៃខ្ពស់បំផុត ថៅកែក៏យល់ព្រមលក់។ 

ឱពុកក្មេងនោះ ក៏បានបញ្ជាឱ្យវាយហាងគុយទាវនោះចោល រួចបញ្ជាឱ្យសាងសងរូបសំណាក់កូនប្រុសគាត់ជាអ្នកលាងចាន និងរត់តុនៅទីនោះធំៗ។ អ្នកជំនួញនោះបាននិយាយទៅកាន់កូនប្រុសថា៖ចាំណា! នេះជាសាវតារបស់កូន។បន្ទាប់មក ពួកគេក៏ត្រឡប់ទៅផ្ទះវិញ។ 

ក្រោយមកទៀត ឱពុកនោះក៏បានបង្ហាត់បង្រៀន និងបង្វឹកកូនប្រុសរបស់គាត់ដោយផ្ទាល់ មុនពេលគាត់ប្រគល់មុខជំនួញទាំងអស់ទៅកាន់កូនប្រុសរបស់គាត់។ គួរបញ្ជាក់ផងដែរថា៖ ការដឹកនាំជំនួញរបស់ក្មេងប្រុសម្នាក់នោះ មានភាពលេចធ្លោជាងឱពុកគាត់ទៀត។ 

គំនិតអប់រំ៖

  • ត្រូវហាត់លុតដុំខ្លួនពីកិច្ចតូចតាចជាមុនសិន មុខនឹងធ្វើការធំ។ 
  • សិក្សាតែទ្រឹស្តីមិនទាន់គ្រប់គ្រាន់ទេ ត្រូវផ្សាភ្ជាប់ការអនុវត្តជាក់ស្តែង ទើបបានមានគុណភាព។

អត្ថបទទាក់ទង

រឿង មេរៀនកំហុសពី ថូម៉ាស អេឌីសាន់

Leave a Reply

Your email address will not be published. Required fields are marked *