រឿង ត្រី​ និងក្អែក​ទឹក

មិន​មាន​ត្រពាំង​ណា​មួយ​នៅ​ជិត​ខាង ដែល​ក្អែក​ទឹក​នេះ​មិន​បាន​ចាប់​ត្រី​យក​មក​បរិភោគ​សោះ បឹង​បួរ​ទាំង​ប៉ុន្មាន​ត្រូវ​បង់​ពន្ធ​ឲ្យ​ក្អែក​ទឹក​គ្មាន​សល់។ ម្ហូប​ចំណី​មាន​បរិបូណ៌ លុះ​ជរា​មក​សង្កត់​សង្កិន​សត្វ​នេះ​វេលា​ណា ម្ហូប​ចំណី​មាន​មិន​គ្រប់​គ្រាន់ ចាប់​ត្រី​មិន​បាន ព្រោះ​ខ្លួន​ចាស់ ក្អែក​ទឹក​ដទៃ​ទាំង​អស់​ត្រូវ​ខំ​ប្រឹង​ស្វែង​រក​ដោយ​ខ្លួន​ឯង។

ក្អែក​យើង​នេះ​ចាស់​ពេក មុជ​ទឹក​ចាប់​ត្រី​មិន​បាន កើត​ទុក្ខ​ខ្លាំង​អំពី​ការ​អត់​អាហារ។ បើ​ដូច្នេះ តើ​ធ្វើ​ដូច​ម្ដេច? សេចក្ដី​ត្រូវ​ការ​ នាំ​សត្វ​ឲ្យ​បែក​ប្រាថ្នា។ កំពុង​តែ​ទំ​លើ​មែក​ឈើ ក្អែក​ទឹក​ស្រាប់​តែ​ក្រឡេក​ទៅ​ឃើញ​កំពឹស​មួយ​វា​រគើមៗនៅ​មាត់​ត្រពាំង។ ក្អែក​ទឹក​មាន​វាចា​ទៅ​កាន់​កំពឹស​ថា៖ នែ​សំឡាញ់! ចូរ​ឯង​នាំ​ដំណឹង​ដ៏​សំខាន់​នេះទៅ​ប្រាប់​ដល់​ញាតិ​សន្ដាន​ឯង​ឲ្យ​បាន​ដឹង​គ្រប់​គ្នា​ថា ពេល​នេះ​មុខ​ជា​ត្រូវ​ស្លាប់​អស់​ហើយ នៅ​តែ​ប្រាំ​បី​ថ្ងៃ​ទៀត​ម្ចាស់​ត្រពាំង​នឹង​មក​ចាប់​យក​ទៅ​ស៊ី​អស់​ជា​មិន​ខាន។ កំពឹស​ប្រញាប់​ត្រឡប់​ទៅ​ប្រាប់​ហេតុ​អកុសល​ដល់​អ្នក​នៅ​ក្នុង​ទឹក​ទាំង​អស់។

ការ​ជ្រួល​ច្របល់​យ៉ាង​ធំ​ កើត​មាន​ឡើង​មួយ​រំពេច។ ពួក​សត្វ​ទឹក​ទាំង​ប៉ុន្មាន​ ហែល​មក​ច្រជុំ​គ្នា ដើម្បី​រក​មធ្យោបាយ​ដោះ​ខ្លួន ក៏​សួរ​ការណ៍​នេះ​នឹង​បក្សី​ថា៖ “ឱ​ព្រះ​តេជ​ព្រះ​គុណ​ក្អែក​ទឹក លោក​បាន​ពត៌មាន​ហ្នឹង​ពី​ណា​មក? តើ​លោក​យល់​ថាជា​ដំណឹង​ពិត​ ឬ​មិន​ពិតចំពោះ​រឿង​ហ្នឹង តើ​លោក​បាន​ដឹង​ពិត​ប្រាកដ​មែន​ឬ? តើ​លោក​យល់​ឃើញ​ផ្លូវ​ដូច​ម្ដេច​ទៀត ដើម្បី​ដោះ​ស្រាយ​ឬ​ទេ? តើ​លោក​យល់​ឃើញ​ផ្លូវ​ដូច​ម្ដេច​ដើម្បី​ដោះ​ស្រាយ​ឬ​ទេ? តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទើប​ស្រួល?

ក្អែក​ទឹក​ឆ្លើយ​ថា​ត្រូវ​តែ​ផ្លាស់​កន្លែង។

បើ​ដូច្នេះ យើង​ខ្ញុំ​នឹង​ត្រូវ​ប្រតិបត្តិ​បែប​ណា?

អ្នក​រាល់​គ្នា​កុំ​ព្រួយ អញ​ធានា​ពាំ​យក​អ្នក​រាល់​គ្នា​មួយ​ម្ដងៗទាល់​តែ​អស់​ទៅ​ទុក​កន្លែង​អញ ហើយ​កន្លែង​នោះ​មាន​តែ​អញ​ និង​ទេព្តា​ទើប​ស្គាល់​ផ្លូវ ជា​កន្លែង​យ៉ាង​ស្ងាត់ ជា​ត្រពាំង​មួយ​កើត​ក្នុង​ព្រៃ មនុស្ស​ក្បាល​ខ្មៅ​មិន​ស្គាល់​ទេ មាន​តែ​កន្លែង​ហ្នឹង​ទេ ដែល​អាច​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ទុក្ខ​បាន។

ពួក​សត្វ​ទឹក​ ជឿ​ជាក់​ក្នុង​ចិត្ត។ ក្អែក​ទឹក​ពាំ​មួយ​ម្ដងៗយក​ទៅ​ទុក​នៅ​កន្លែង​មួយ​ក្រោម​ថ្ម​យ៉ាង​ចង្អៀត មិន​មាន​អ្នក​ណា​ទៅ​ត្រង់។ ហើយ​ក្អែក​ទឹក​អា​ខូច​ស៊ី​មួយ​ថ្ងៃ​មួយៗ មិន​បាច់​នឿយ​ព្រួយ​ទៅ​មុជ​ចាប់​ក្នុង​បឹង។

សុភាសិត៖ ចូរ​កុំ​ជឿ​នរណា​ដែល​ស៊ី​ខ្លួន​ជា​អាហារ!

រឿង​ល្បើក​ឡាហ្វុង​តែន (Les Fables de Jean de La Fontaine)

ប្រែ​ពី​ភាសា​បារាំង​ ដោយលោក ផេង ជ្រីវ

ទស្សនាវដ្តី​កម្ពុជសុរិយា ១៩៦៤


អត្ថបទទាក់ទង

រឿង មេមាន់ និងមិត្តភក្តិ

 

Leave a Reply

Your email address will not be published. Required fields are marked *