រឿង ក្មេងលក់ផ្កា

នៅលើដងផ្លូវដែលមានចរាចរមមាញឹក ក្មេងប្រុសម្នាក់ តែងតែរត់តាមរថយន្តដោយកាន់បាច់ផ្កាយកទៅពពាយនាយលក់ឱ្យអ្នកជិះក្នុងរថយន្ត។

ថ្ងៃមួយ បុរសចំណាស់ម្នាក់ បានបើកកញ្ចក់រថយន្តគាត់និយាយទៅកាន់ក្មេងប្រុសនោះថា៖ ណែក្មួយឯងរត់តាមរថយន្តរបៀបហ្នឹង ដឹងថាគ្រោះថ្នាក់ទេ?

ក្មេងប្រុស ឆ្លើយតបដោយការគោរព បើខ្ញុំមិនរត់តាមរថយន្តទេ ខ្ញុំលក់ផ្កាមិនដាច់ទេ ហើយខ្ញុំក៏មិនអាចមានលុយទៅរៀនដែរ អ៊ំ។

បុរសចំណាស់នោះ បន្លឺសម្លេងខ្លាំងមកវិញ៖ ឯងគិតថាការសិក្សា និងជីវិតឯងមួយណាសំខាន់ជាង ចុះបើឯងស្លាប់ដោយរថយន្តបុកស្លាប់ តើឯងអាចទទួលការសិក្សាបានទេ? ឯងត្រូវយល់ថាជីវិតឯងសំខាន់ជាងអ្វីទាំងអស់។

ក្មេងប្រុសនៅស្ងៀមមិនតបត ហើយក៏ដើរចេញពីទីនោះ។ ជាច្ងើនថ្ងៃក្រោយមក គេលែងឃើញក្មេងរូបនោះមកលក់ផ្កាទៀតហើយ ហើយក៏លែងឃើញគាត់ទៅសាលាទៀតដែរ។ គាត់បានផ្លាស់ប្តូរទៅស៊ីឈ្នួលពលកម្មឱ្យគេផ្សេង។ ពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំ ក្មេងប្រុសក៏ពេញវ័យ ប៉ុន្តែគេនៅតែពិបាកដោយសាររកការងារល្អមិនបាន ក្រៅពីលក់ពលកម្មឱ្យគេ។

សម័យថ្ងៃមួយ ក្មេងប្រុសដែលប្រែក្លាយជាយុវជន បានចួបតាចាស់ម្នាក់ យុវជននោះក៏សួរទៅតាចាស់នោះដោយការគោរព៖ លោកតាជួយឱ្យយោបល់ខ្ញុំផងទៅមើល តើធ្វើដូចម្ដេចបានអាចកែប្រែវាសនាខ្ញុំបាន បើខ្ញុំមិនបានរៀនសោះតាំងពីក្មេងមក។

តាចាស់មើលមកយុវជននោះ ដោយទឹកមុខមាំ ហើយនិយាយទៅយុវជននោះថា៖ នេះជាកំហុសធ្ងន់ណាស់ដែលឯងបោះបង់ការសិក្សាពីក្មេង ឯងដឹងទេមនុស្សម្នាក់ៗគេតស៊ូណាស់ដើម្បីបានការសិក្សា ហេតុអីបានឯងបោះបង់ការសិក្សាចោល?

អ្វីដែលធ្វើឱ្យយុវជននោះ កាន់តែឈឺចិត្តថែមទៀតនោះ ក្រោយពីបានដឹងថាគឺតាចាស់នេះឯងជាបុរសដែលស្តីឱ្យខ្លួនលើដងផ្លូវពេលកំពុងលក់ផ្ការកលុយទៅរៀន។

***សំដីមនុស្សអាចប្រែប្រួលតាមពេលវេលា កុំយកសំដីអ្នកដទៃធ្វើជាមាគាជីវិត។ ធ្វើអ្វីដែលយើងយល់ថាជាផ្លូវត្រឹមត្រូវក្នុងជីវិតយើង។

សម្រួលពីអត្ថបទបរទេស


អត្ថបទទាក់ទង

ការធ្វើដំណើរនៃជីវិតនេះ គឺខ្លីណាស់

 

Leave a Reply

Your email address will not be published. Required fields are marked *