រឿងអំណាចរបស់មនុស្ស

មានតំណាលនិទានមួយពោលថា កាលដើមឡើយ ព្រះអាទិទេពបានប្រទានអំណាចដ៏អស្ចារ្យដល់មនុស្សលោកដែលពួកគេអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើរឿងអ្វីៗគ្រប់បែបយ៉ាងបានដោយងាយស្រួល ប៉ុន្តែខណៈពេលដែលមនុស្សមានអំណាចកាន់តែខ្លាំងឡើងៗ ពួកគេបែរជាធ្វេសប្រហែស មានចិត្តព្រហើន ដោយប្រើប្រាស់អំណាចក្នុងផ្លូវមិនត្រឹមត្រូវ ដូចជាការកាប់សម្លាប់គ្នា បំពារបំពានគ្នាទៅវិញទៅមក នាំឲ្យកើតមានកោលាហល គ្មានលស់ថ្ងៃ។

ព្រះអាទិទេព ក្រោយបានឃើញហេតុការណ៍នេះហើយ ក៏បានដកហូតយកមហិទ្ធិឫទ្ធិពីមនុស្សវិញ រួចទៅលាក់ទុកនៅលើកំពូលភ្នំដ៏ខ្ពស់ ប៉ុន្តែមនុស្សនៅតែអាចឡើងលបលួចយកមកប្រើវិញទាល់តែបាន។  លុះឃើញយ៉ាងដូច្នោះហើយក្រោយមកព្រះអាទិទេព  ក៏សម្រេចព្រះទ័យយកទៅកប់នៅក្នុងជ្រោះដ៏ជ្រៅបំផុត ប៉ុន្តែមនុស្សនៅតែអាចចុះទៅលួចយកមកប្រើវិញបានដដែល។ ព្រះអាទិទេព ទ្រង់រាជតំរិះថា  តើគួរយកទៅលាក់ទុកនៅកន្លែងណា ទើបមនុស្សមិនដឹង? ក្រោយមក ទ្រង់ក៏រកឃើញកន្លែងដ៏សមគួរមួយ គឺលាក់ទុកនៅក្នុងខ្លួនមនុស្ស។ ក្រោយមក ព្រះអង្គ ក៏លាក់ទុកឫទ្ធិអំណាចនោះ នៅក្នុងខ្លួនមនុស្ស ដោយប្រើវេទមន្តវិសេសចង ហើយមានបន្ទូលថា បើមនុស្សណាមានសេចក្តីព្យាយាម អត់ធ្មត់ ដោយឈរលើជំនឿ និងសទ្ធា ពួកគេនឹងរកឃើញឫទ្ធិអំណាចវិសេសនោះ។

ក្រោយមកមនុស្សលោក បានស្វែងរកឫទ្ធិអំណាចនេះនៅគ្រប់ទីកន្លែងទាំងអស់  ប៉ុន្តែនៅតែរកមិនឃើញទាល់តែសោះ លុះយូរៗទៅ ពួកគេក៏បោះបង់ចោលការព្យាយាមតាមរក ហើយសុខចិត្តក្លាយជាមនុស្សធម្មតារហូតដល់សព្វថ្ងៃ។


អត្ថបទទាក់ទង

រឿងចំបើងមួយដើម

Leave a Reply

Your email address will not be published. Required fields are marked *